សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​អះអាង​ថា​គ្មាន​វត្តមាន​អង្ករ​ផ្លាស្ទិច​នៅ​កម្ពុជា​ឡើយ

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បដិសេធ​នឹង​ព័ត៌មាន​ដែល​ថា​មាន​​វត្តមាន​អង្ករ​ផ្លាស្ទិច ចរាចរ​ក្នុង​ទីផ្សារ​កម្ពុជា។

ការ​បញ្ជាក់​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នៅ​ថ្ងៃ​ទី​១៥ កក្កដា ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក(Facebook) ដែល​បាន​ចែក​រំលែក​តៗ​គ្នា ពី​ការ​បារម្ភ​ថា​អង្ករ​នេះ កំពុង​ចរាចរ​ក្នុង​ទីផ្សារ និង​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ។

មន្ត្រី​ទំនាក់ទំនង​ព័ត៌មាន​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក ហ៊ីម ខទៀត បញ្ជាក់​ថា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​សិក្សា​រក​ប្រភព​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ និង​យក​អង្ករ​ដែល​គេ​សង្ស័យ​នោះ ធ្វើ​ពិសោធន៍​ដោយ​អ្នក​ជំនាញ ហើយ​លទ្ធផល​បញ្ជាក់​ថា​អង្ករ​នោះ​មិនមែន​ជា​អង្ករ​ផ្លាស្ទិច​ឡើយ៖ «យើង​សូម​អំពាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ភ័យ​ព្រួយ​អ្វី​ទាំង​អស់ ហើយ​ក្នុង​ករណី​ដែល​មាន​ការ​សង្ស័យ​ណាមួយ គឺ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ស្វាគមន៍​នូវ​រាល់​ព័ត៌មាន ឬ​ករណី​សង្ស័យ​ទាំង​ឡាយ​ណា​នោះ ហើយ​សហព័ន្ធ​យើង​មាន​អ្នក​ជំនាញ ដើម្បី​បញ្ជាក់​ជូន​រាល់​ការ​សង្ស័យ​ខាង​លើ​នោះ»។​

យ៉ាង​ណាក៏​ដោយ លោក ហ៊ីម ខទៀត បន្ត​ថា ទីផ្សារ​អង្ករ​ផ្លាស្ទិច​នឹង​មិន​អាច​ហូរ​ចូល​ទីផ្សារ​កម្ពុជា​បាន​ទេ ដោយ​ហេតុ​ផល​២​យ៉ាង​ទី​១ កត្តា​ថ្លៃ​ដើម​ដែល​ថ្លៃ​ជាង​អង្ករ​ក្នុង​ស្រុក​រហូត​ដល់​ពាក់​កណ្ដាល ហើយ​បើ​បូក​នឹង​ថ្លៃ​នាំ​ចូល​ទៀត នឹង​កាន់​តែ​ថ្លៃ​ទ្វេ​ដង ទី២ អាជីវករ​នឹង​មិន​អាច​នាំ​ចូល​អង្ករ​ដែល​មាន​តម្លៃ​បែប​នេះ មក​ប្រកួត​ប្រជែង​ជាមួយ​អង្ករ​ក្នុង​ស្រុក​ដែល​មាន​តម្លៃ​ថោក​ជាង​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។