អ្នក​វិភាគ​យល់​ថា​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​៥​នៃ​សមាជិក​អាស៊ាន​មិន​ប្រសើរ​សម្រាប់​កម្ពុជា

0:00 / 0:00

មេ​ដឹក​នាំ​ប្រទេស​ចំនួន​៥ នៃ​សមាជិក​អាស៊ាន ព្រមព្រៀង​គ្នា​ជំរុញ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឆ្លង​កាត់​ព្រំដែន ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ល្អ​ប្រសើរ​ក្នុង​តំបន់។ អ្នក​វិភាគ​សង្គម​យល់​ឃើញ​ថា កិច្ច​ព្រមព្រៀង​នេះ​មិន​ប្រសើរ​សម្រាប់​ប្រទេស​កម្ពុជា ទេ។

ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម ព្រមព្រៀង​គ្នា​ជំរុញ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ឆ្លង​កាត់​ព្រំដែន​រវាង​ប្រទេស​ទាំង​ប្រាំ។

កិច្ច​ព្រមព្រៀង​នេះ ត្រូវ​បាន​មេ​ដឹក​នាំ​ប្រទេស​ទាំង​៥ ធ្វើ​ឡើង​នៅ​ឯ​កិច្ច​ប្រជុំ​កំពូល អេកម៉ិក (ACMECS) លើក​ទី​៦ នា​រដ្ឋធានី​ណៃពីដោ ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃ​ទី​២២ និង​ថ្ងៃ​ទី​២៣ មិថុនា។ អេកម៉ិក គឺ​ជា​ពាក្យ​កាត់​ជា​ភាសា​អង់គ្លេស​នៃ​កម្មវិធី​យុទ្ធសាស្ត្រ​របស់​ក្រុម​ប្រទេស​ទាំង​៥ ដែល​មាន​ន័យ​ពេញ​ថា យុទ្ធសាស្ត្រ​សហប្រតិបត្តិការ​សេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (Ayeyawaddy-Chao Phraya Mekong Economic Cooperation Strategy) ដែល​ជា​ឈ្មោះ​ទន្លេ​បី​នៅ​ក្នុង​តំបន់។

កិច្ច​ប្រជុំ​នេះ គឺ​បន្ទាប់​ពី​កិច្ច​សន្ទនា​រវាង​ថ្នាក់​ដឹក​នាំ អេកម៉ិក និង​វិស័យ​ធុរកិច្ច និង​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៧ ដែល​ជា​យន្តការ​របស់​ប្រទេស​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម ដែល​ហៅ​កាត់​ថា ស៊ីអិលអឹមវី (7th CLMV)។ កិច្ច​ព្រមព្រៀង​នៃ​យន្តការ​នេះ ផ្ដោត​លើ​វិស័យ​ចំនួន​៨ គឺ​វិស័យ​ពាណិជ្ជកម្ម និង​ការ​វិនិយោគទុន កសិកម្ម ឧស្សាហកម្ម និង​ឋាមពល វិស័យ​ដឹក​ជញ្ជូន ទេសចរណ៍ ការ​អភិវឌ្ឍ​ធនធាន​មនុស្ស សុខភាព​សាធារណៈ និង​ការ​ថែរក្សា​បរិស្ថាន។

អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី យល់​ថា យន្តការ​នៃ​កិច្ច​ព្រមព្រៀង​នេះ គឺ​ជា​ល្បិចកល​កុម្មុយនិស្ត​ឥណ្ឌូចិន កម្ពុជា ឡាវ និង​វៀតណាម ដែល​ហៅ​ថា ស៊ីអិលវី (CLV)៖ «ស៊ីអិលវី (CLV) ហ្នឹង ជា​គោលការណ៍​កុម្មុយនិស្ត​ឥណ្ឌូចិន វៀតណាម ឡាវ កម្ពុជា។ អ៊ីចឹង វៀតណាម ឡាវ កម្ពុជា ស្រុះស្រួល​គ្នា​យក​គោលការណ៍​កុម្មុយនិស្ត​ឥណ្ឌូចិន មក​អនុវត្ត​ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​លើ​អាស៊ាន​ទាំង​១០។ អ៊ីចឹង វា​ចង់​តោង​ភូមា មួយ​ទៀត ដើម្បី​ឲ្យ​មាន​គ្នា​មាន​ឥទ្ធិពល​លើ​យន្តការ​អាស៊ាន ដើម្បី​តោង​អាស៊ាន​ទម្លាក់​ឲ្យ​មក​ត្រូវ​នឹង​របប​កុម្មុយនិស្ត​របស់​ខ្លួន ដើម្បី​បំបាក់​ថៃ ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូនេស៊ី។ ឥឡូវ​ហ្នឹង​មាន​ដៃគូ​មួយ​ទៀត ស៊ីអិលអឹមវី នាំ​គ្នា​ទៅ​គាំទ្រ​រដ្ឋាភិបាល​ថៃ ជា​រដ្ឋាភិបាល​យោធា ដើម្បី​ឲ្យ​បាន​គ្នា​មួយ​ទៀត»

លោក កែម ឡី បញ្ជាក់​ទៀត​ថា យន្តការ​ក្រុម​ប្រទេស​ស៊ីអិលវី ឬ ស៊ីអិលអឹមវី ដែល​មាន​កម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម កំពុង​ធ្វើ​ឲ្យ​ប្រទេស​សមាជិក​សមាគម​អាស៊ាន​មួយ​ចំនួន​ទៀត​អន់​ចិត្ត ដូចជា សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ព្រោះ​តែ​ការ​បង្កើត​ក្រុម​នៅ​ក្នុង​ក្រុម​នេះ៖ «ក្រុម​នេះ​អត់​មាន​ប្រជាធិបតេយ្យ ប៉ុន្តែ​វា​មាន​ការ​ចង​សម្ព័ន្ធមិត្ត​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ទោះ​បី​ខុស​ត្រូវ​យ៉ាង​ម៉េច​ក៏ដោយ ហើយ​វា​មាន​មេ​វា។ អ៊ីចឹង​ហើយ​បាន​ជា​អាស៊ាន​មាន​បញ្ហា។ ពួក​ហ្នឹង​ដូចជា​ប្រទេស​កុម្មុយនិស្ត និង​កុម្មុយនិស្ត​ព្រួត​គ្នា ដើម្បី​តោង​ប្រទេស​សេរី​ហ្នឹង​ឲ្យ​វា​ធ្លាក់​មក​យន្តការ​ដូច​ប្រទេស​យួន ប្រទេស​លាវ អ៊ីចឹង»

លោក​មើល​ឃើញ​ថា ការ​បង្កើត​យន្តការ​នៃ​ប្រទេស ស៊ីអិលវី ឬ ស៊ីអិលអឹមវី នៅ​ក្នុង​សមាគម​អាស៊ាន គឺ​មិន​អាច​ធ្វើ​ឲ្យ​សមាគម​អាស៊ាន​ទៅ​ជា​សមាគម​ផ្ដោត​លើ​ប្រជាជន​ទេ គឺ​អាច​បង្កើត​ទៅ​ជា​គំរូ​សមាគម​អាស៊ាន​កុម្មុយនិស្ត​មួយ​នៅ​ក្នុង​តំបន់​ទៅ​វិញ។ លោក កែម ឡី មាន​ប្រសាសន៍​ទៀត​ថា ប្រសិន​បើ​មិន​មាន​ឥទ្ធិពល​ពី​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ទេ យន្តការ​ក្រុម​ប្រទេស​ស៊ីអិលវី ឬ ស៊ីអិលអឹមវី នឹង​ទាញ​ប្រទេស​ទាំង​នេះ​ឲ្យ​ធ្លាក់​តាម​ប្រទេស​កុម្មុយនិស្ត។

កិច្ច​ប្រជុំ​យន្តការ​នៃ​ក្រុម​ប្រទេស​ស៊ីអិលអឹមវី ចាប់​ផ្ដើម​ដំបូង​នៅ​ប្រទេស​មីយ៉ាន់ម៉ា ក្នុង​ឆ្នាំ​២០០៣ ហើយ​កិច្ច​ប្រជុំ​លើក​ទី​៦ នេះ​ក៏​ជា​ការ​ពង្រឹង​ការ​សន្យា​របស់​ប្រទេស​ទាំង​ប្រាំ កាល​ពី​កិច្ច​ប្រជុំ​កំពូល​នៅ​ប្រទេស​ឡាវ ក្នុង​ខែ​មីនា ឆ្នាំ​២០១៣ ដែល​ថា​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ក្នុង​តំបន់​រឹងមាំ នៅ​ពេល​ដែល​ប្រទេស​សមាជិក​អាស៊ាន​រួម​គ្នា​បង្កើត​ទៅ​ជា​សហគមន៍​តែ​មួយ​នៅ​ឆ្នាំ​២០១៥ នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។