សហព័ន្ធ​ស្រូវ​អង្ករ​គ្រោង​​ជួប​អ្នក​ពាក់ព័ន្ធ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ស្រូវ​អង្ករ

សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នឹង​ជួប​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​សំខាន់ៗ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ស្រូវ​អង្ករ​កម្ពុជា។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ចេញ​ផ្សាយ​ថ្ងៃ​ទី​៧ ខែ​មីនា បង្ហាញ​ថា ក្រុមប្រឹក្សាភិបាល​របស់​ខ្លួន​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​សម្រេច​ដាក់​ផែនការ​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ស្រូវ​អង្ករ។

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុទ្ធីវុធ មាន​ប្រសាសន៍​ថា “សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ធ្វើ​ការ​ជាមួយ​សមាជិក និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​ក្រសួង​ស្ថាប័ន​រាជ​រដ្ឋាភិបាល ស្វែងរក​ដំណោះស្រាយ​សម្រាប់​វិស័យ​ស្រូវ​អង្ករ ដែល​ជា​វិស័យ​មួយ​ដ៏​មាន​សក្ដានុពល និង​សារសំខាន់ សម្រាប់​សេដ្ឋកិច្ច​ជាតិ ជាពិសេស​សម្រាប់​ទ្រទ្រង់​ជីវភាព​ប្រជា​កសិករ​ខ្មែរ និង​សន្តិសុខ​ស្បៀង”។

អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ​សំខាន់ៗ ដែល​មាន​តំណាង​មក​ពី​ខាង​រោង​ម៉ាស៊ីន​កិន​ស្រូវ ក្រុមហ៊ុន​នាំ​ចេញ​អង្ករ និង​សហគមន៍​កសិករ គ្រោង​នឹង​ចូលរួម​ធ្វើ​​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​៩ ខែ​មីនា ដើម្បី​ចែក​រំលែក​ព័ត៌មាន​ស្ដីពី​ផែនការ​គន្លឹះ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ស្រូវ​អង្ករ​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។