កម្ពុជា​និង​កូរ៉េ​រៀបចំ​កម្មវិធី​ចិត្ត​តែ​មួយ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ប្រជាជន

0:00 / 0:00

បុគ្គលិក ពលករ និង​កម្មករ​ខ្មែរ​ប្រមាណ ៥០០​នាក់ ដែល​កំពុង​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​របស់​ប្រទេស​កូរ៉េ បាន​ជួប​ជុំ​គ្នា​ជា​លើក​ទី​១ នៅ​ឯ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៤។

ការ​ជួប​ជុំ​គ្នា​នេះ នៅ​ក្នុង​ពិធី​អបអរ​សាទរ​មួយ​ដែល​មាន​ឈ្មោះ​ថា កម្មវិធី​ចិត្ត​តែ​មួយ ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ គឺ​ប្រជាជន​កម្ពុជា និង​កូរ៉េ ដែល​រៀបចំ​ដោយ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា។

ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា បាន​លើក​សរសើរ​ដល់​បុគ្គលិក ពលករ កម្មករ​កម្មការិនី​ខ្មែរ ថា​មាន​ចិត្ត​អំណត់ ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ ដែល​ជំរុញ​ឲ្យ​គ្រឹះស្ថាន​សហគ្រាស​ទាំង​នោះ​ពង្រឹង និង​ផ្ដល់​ជំនាញ​ដល់​បុគ្គលិក និង​កម្មករ​ខ្មែរ​បន្ថែម​ទៀត។

ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា លោក គីម ហាន់ ស៊ូ (Kim Han Soo) មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បកប្រែ​របស់​លោក​ថា លោក​បាន​ទទួល​ដំណឹង​ពី​សហគ្រាស​កូរ៉េ យ៉ាង​ច្រើន​ថា ពលករ​កម្មករ​ខ្មែរ​មាន​ភាព​ឧស្សាហ៍​ព្យាយាម​ជាង​ប្រទេស​មួយ​ចំនួន ក្នុង​ការ​បំពេញ​ការងារ។ ហេតុ​នេះ សហគ្រាស​កូរ៉េ ទាំង​នោះ កំពុង​មាន​តម្រូវ​ការ​បុគ្គលិក​ខ្មែរ​ជាច្រើន​ទៀត។

លោក គីម ហាន់ ស៊ូ៖ «ខ្ញុំ​បាន​ឮ​ព័ត៌មាន​ថា បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ដែល​គាត់​ធ្វើ​ការ ជាពិសេស​បង​ប្អូន​ដែល​គាត់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ គាត់​មិន​សូវ​ជា​មាន​ជំនាញ​ទេ គាត់​មិន​មែន​ជា​អ្នក​ជំនាញ​ទេ ប៉ុន្តែ​ពួក​គាត់ គឺ​ស្វាហាប់ ឧស្សាហ៍​ព្យាយាម ហើយ​នៅ​ប្រទេស​ខ្មែរ​ហ្នឹង ក៏​អ៊ីចឹង​ដែរ។ គាត់​មិន​សូវ​ជា​មាន​ជំនាញ ក៏ប៉ុន្តែ​គាត់​ខំ​ប្រឹង ខាង​សហគ្រាស​ក៏ដូចជា​ក្រុមហ៊ុន​កូរ៉េ គាត់​បាន​តាំង​ចិត្ត​មួយ​ថា ទោះ​បី​ជា​មាន​ការ​លំបាក​យ៉ាង​ណា​បន្តិច​ក៏ដោយ គឺ​ដើម្បី​ផ្ដល់​នូវ​ចំណេះ​ដឹង​ខាង​ជំនាញ​ច្បាស់​លាស់​ដល់​ពួក​គាត់ ដែល​ចូល​មក​ធ្វើ​ការ ទោះ​បី​ជា​យើង​មាន​ការ​នឿយ​ហត់​បន្តិច ប៉ុន្តែ​ខំ​ប្រឹង​ទាំងអស់​គ្នា តស៊ូ​ទាំងអស់​គ្នា​នៅ​ក្នុង​ការងារ»

ការ​សម្ដែង​របាំ​ក្នុង​ពិធី​ជួបជុំ​គ្នា​របស់​បុគ្គលិក ពលករ និង​កម្មករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​របស់​ប្រទេស​កូរ៉េ នា​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៤។
ការ​សម្ដែង​របាំ​ក្នុង​ពិធី​ជួបជុំ​គ្នា​របស់​បុគ្គលិក ពលករ និង​កម្មករ​ខ្មែរ​ដែល​កំពុង​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​របស់​ប្រទេស​កូរ៉េ នា​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៤។ (RFA/Khe Sonorng)

លោក​ថ្លែង​បែប​នេះ​នៅ​ក្នុង​កម្មវិធី​ចិត្ត​តែ​មួយ ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ គឺ​ប្រជាជន​កម្ពុជា និង​កូរ៉េ រៀបចំ​ដោយ​ស្ថានទូត​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា នៅ​ឯ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក នៅ​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៤។

«សំឡេង​ស្រែក​អបអរ​សាទរ​នៅ​ក្នុង​ស្តាត»

ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា លោក គីម ហាន់ ស៊ូ បាន​ថ្លែង​ទៀត​ថា កម្មវិធី​របៀប​នេះ​នៅ​ប្រទេស​កូរ៉េ គេ​ហៅ​ថា​ជា​កម្មវិធី​ជួប​ជុំ​គ្រួសារ។ ដូច្នេះ កម្មវិធី​នេះ​នឹង​ផ្ដល់​ឱកាស​ឲ្យ​បាន​ប្រាស្រ័យ​ទាក់ទង​ល្អ​រវាង​គ្នា និង​គ្នា ដែល​ជំរុញ​ឲ្យ​បុគ្គលិក និង​ចៅហ្វាយ​នាយ មាន​ភាព​សិទ្ធិ​ស្នាល​នឹង​គ្នា ឈាន​ទៅ​រីក​ចម្រើន​ខាង​ផ្នែក​ការងារ។

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​នោះ ថ្លែង​ថា កិច្ច​សហការ​លើ​វិស័យ​ពលករ​នៃ​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា និង​កូរ៉េ ពិត​ជា​ល្អ​ណាស់។ លោក​ថា មាន​ពលករ​ខ្មែរ​ជាង ៣​ម៉ឺន​នាក់ ដែល​បាន​ទៅ​ធ្វើ​ការ​នៅ​សាធារណរដ្ឋ​កូរ៉េ មក​ដល់​ពេល​បច្ចុប្បន្ន៖ «ថ្មីៗ​នេះ​ខ្ញុំ​បាន​ទៅ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ចរចា​សុំ​បន្ថែម​កូតា​ប្រចាំ​ឆ្នាំ។ ហើយ​ពលករ​យើង​ត្រូវ​បាន​រដ្ឋាភិបាល​កូរ៉េ វាយ​តម្លៃ​ជា​គុណភាព​លេខ​១​ក្នុង​ចំណោម ១៥​ប្រទេស ដែល​បញ្ជូន​ពលករ​ទៅ​កូរ៉េ»

យ៉ាង​ណា​ក៏ដោយ លោក អ៊ិត សំហេង បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជៀសវាង​ការ​ចាញ់​បោក​ជន​ខិលខូច ដែល​ធានា​នាំ​ពួក​គេ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ។ លោក​ថា មាន​តែ​ច្រក​មួយ​ប៉ុណ្ណោះ គឺ​តាម​រយៈ​ប្រព័ន្ធ​រដ្ឋ និង​រដ្ឋ ដែល​តម្រូវ​ឲ្យ​បេក្ខជន​ដាក់​ពាក្យ​ប្រឡង គឺ​បាន​រៀបចំ​ដោយ​ក្រសួង​ការងារ រាល់​១​ឆ្នាំ​ម្ដង៖ «កុំ​ជឿ​នរណា កុំ​ជឿ​មេ​ខ្យល់ កុំ​ជឿ​អី​ទាំងអស់ សុទ្ធតែ​ពួក​បោក​ប្រាស់ បើ​សិន​ជា​នរណា​ធ្វើ​បែប​នេះ សុំ​ឲ្យ​រាយការណ៍​មក​ក្រសួង យើង​នឹង​ចាត់​វិធានការ​ភ្លាម​ទៅ​តាម​ច្បាប់»

ឯកសារ​របស់​ស្ថានទូត​កូរ៉េ បាន​ឲ្យ​ដឹង​ថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កូរ៉េ និង​កម្ពុជា បាន​កើន​ឡើង​ពី ៥៤​លាន​ដុល្លារ​នៅ​ឆ្នាំ​១៩៩៧ ដល់ ៧៥០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៣ គឺ​កើន​ឡើង​ប្រហែល ១៤​ដង។ រីឯ​ចំនួន​ភ្ញៀវ​ទេសចរ​ជនជាតិ​កូរ៉េ ដែល​ចូល​មក​កម្ពុជា ក៏​មាន​ការ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ កាល​ពី​ឆ្នាំ​២០១៣ ភ្ញៀវ​ទេសចរ​ជនជាតិ​កូរ៉េ មាន​ចំនួន ៤៣​ម៉ឺន​នាក់ គឺ​ឈរ​នៅ​លំដាប់​លេខ​៣ បន្ទាប់​ពី​វៀតណាម និង​ចិន។ បច្ចុប្បន្ន ពលរដ្ឋ​កូរ៉េ ដែល​កំពុង​ស្នាក់​នៅ​កម្ពុជា មាន​ជាង ៨​ពាន់​នាក់។ ចំណែក​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ វិញ មាន​ប្រហែល ១​ម៉ឺន ២​ពាន់​នាក់។

កម្មវិធី​ចិត្ត​តែ​មួយ​នេះ ក៏​មាន​ការ​សម្ដែង​របាំ​ប្រពៃណី​ខ្មែរ និង​កូរ៉េ និង​ការ​សម្ដែង​តៃខ្វាន់ដូ។ ក្រៅ​ពី​នោះ ក៏​បង្ក​ឱកាស​ឲ្យ​កម្មករ ឬ​បុគ្គលិក​បម្រើ​ការ​ឲ្យ​ក្រុមហ៊ុន និង​សហគ្រាស​ចូលរួម​កម្មវិធី​ប្រកួត​កីឡា​កាយ​សម្បទា ដើម្បី​យក​រង្វាន់​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។