ឧស្សាហកម្មវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរបស់ប្រទេសកម្ពុជា ត្រូវបានអង្គការអន្តរជាតិខាងការងារ (ILO) បង្ហាញថា នៅតែបន្តការកើនឡើងមកដល់ឆ្នាំ២០១៥។ ស្របពេលនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងគណៈកម្មការអន្តរក្រសួង ពិនិត្យ និងរៀបចំគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារសម្រាប់ពលរដ្ឋកម្ពុជា ដែរ។
ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ដែលជាវិស័យគន្លឹះធំមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា បានបន្តដំណើរការល្អក្នុងឆ្នាំ២០១៤។
កំណើនឧស្សាហកម្មនេះ ត្រូវបានមន្ត្រីអង្គការអន្តរជាតិខាងការងារ លោក ជា ហួត បង្ហាញក្នុងពិធីសម្ពោធផ្សាយព្រឹត្តិបត្រវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជា នៅព្រឹកថ្ងៃទី១៦ កក្កដា៖ «វាជាឧស្សាហកម្មមួយដែលមានតម្លៃតែ ២៧លានដុល្លារ កាលពីឆ្នាំ១៩៩៥ មកដល់ចុងឆ្នាំ២០១៤ នេះ ជាឧស្សាហកម្មមួយដែលមានតម្លៃជិត ៦ពាន់លានដុល្លារ។ កើនឡើងរហូត ហើយបើយើងគិតប្រៀបត្រីមាសទីមួយនៃឆ្នាំ២០១៥ នេះ យើងឃើញថាបន្តការកើនឡើង ១០,៦%។ ដូច្នេះមានសញ្ញាវិជ្ជមានល្អចំពោះវិស័យសម្លៀកបំពាក់កាត់ដេរ និងស្បែកជើងនេះ។ ទោះបីមានការបារម្ភពីមុនមក ប៉ុន្តែយើងឃើញសញ្ញាបង្ហាញថា មានការវិវឌ្ឍល្អនៃការនាំចេញ»។
លោក ជា ហួត បង្ហាញថា ផលិតផលភាគច្រើនបំផុត គឺនាំចេញទៅសហរដ្ឋអាមេរិក អឺរ៉ុប រីឯប្រាក់ឈ្នួលសម្រាប់កម្មករវិញ ជាមធ្យមបានកើនពី ៧៣ដុល្លារក្នុងឆ្នាំ២០០៦ ឡើងដល់ ១៤៦ដុល្លារក្នុងខែធ្នូ ឆ្នាំ២០១៤។ លោកបញ្ជាក់បន្ថែមថា គិតត្រឹមខែមីនា ឆ្នាំ២០១៥ ជាទូទៅកម្មករអាចទទួលបានប្រាក់ឈ្នួល ១៧១ដុល្លារ ដោយបូកទាំងប្រាក់ឧបត្ថម្ភផ្សេងៗផង។ ទោះជាដូច្នេះក្ដី លោក ជា ហួត ថ្លែងថា ចំនួនប្រាក់ឈ្នួល ១៧១ដុល្លារនេះពិតប្រាកដ គឺចុះមកនៅត្រឹម ១៤៩ដុល្លារទេ បន្ទាប់ពីកាត់កងជាមួយអត្រាអតិផរណា។
វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងបច្ចុប្បន្ននេះ បានផ្ដល់ការងារដល់ពលរដ្ឋកម្ពុជា ប្រមាណ ៦០ម៉ឺននាក់ ដែលភាគច្រើនជាស្ត្រី។
ទាក់ទងនឹងវិស័យការងារនេះដែរ នៅថ្ងៃទី១៦ កក្កដា ដដែល ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បើកកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងចុងក្រោយ សម្រាប់ពិនិត្យ និងរៀបចំគោលនយោបាយជាតិ ស្ដីពីមុខរបរ និងការងារសម្រាប់កម្ពុជា។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែងថា គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ មានសារសំខាន់សម្រាប់ផ្ដល់ឱកាសការងារសមរម្យ និងកាន់តែច្រើនដល់ពលរដ្ឋ ជាពិសេសយុវជនកម្ពុជា៖ «ទីពីរ គឺបង្កើនសមត្ថភាពជំនាញវិជ្ជាជីវៈជូនដល់យុវជនយុវនារីយើង ហើយនិងទីបី បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងទីផ្សារការងារ ដើម្បីដោះស្រាយការងារជូនដល់ប្រជាពលរដ្ឋរបស់យើង»។
លោក អ៊ិត សំហេង បញ្ជាក់ថា សេចក្ដីព្រាងគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារនេះ នឹងបានដាក់ឲ្យអនុវត្តនៅចុងឆ្នាំ២០១៥ នេះ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា គោលនយោបាយជាតិនេះល្អ សម្រាប់លើកកម្ពស់ការងារ និងមុខរបរសម្រាប់កម្មករនិយោជិកកម្ពុជា ជាពិសេសយុវជន៖ «យើងឃើញថា វាបានគ្រប់ជ្រុងជ្រោយ សូម្បីតែពាក់ព័ន្ធទៅនឹងការលើកកម្ពស់គុណភាពការងារ ផលិតភាព ប្រាក់ឈ្នួល លក្ខខណ្ឌការងារ ការងារសមរម្យ ក៏ដូចជាថ្មីៗនេះដាក់បញ្ចូលនូវវិធានការក្នុងការជំរុញឲ្យកម្មករដែលធ្វើនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះ ទៅក្នុងប្រព័ន្ធវិញ ដើម្បីធ្វើយ៉ាងណាឲ្យគាត់មានកម្រិតជីវភាពរស់នៅសមរម្យ។ អ្វីដែលជាការបារម្ភរបស់យើង គឺបារម្ភតែមួយគត់ សួរថាតើរដ្ឋាភិបាលកម្ពុជា របស់យើងហ្នឹងបានអនុវត្តទៅតាមគោលនយោបាយហ្នឹងបានល្អឬអត់?»។
អ្នកពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជា ក្នុងពេលកន្លងមក តែងមានវិវាទជារឿយៗទាក់ទងនឹងលក្ខខណ្ឌការងារ និងប្រាក់ឈ្នួល។ តួលេខរបស់អង្គការអន្តរជាតិខាងការងារនៅកម្ពុជា បង្ហាញថា កម្រិតប្រាក់ឈ្នួលកម្មករកម្ពុជា ខ្ពស់ជាងកម្មករប៉ាគីស្ថាន (Pakistan) ឡាវ (Lao) បង់ក្លាដេស (Bangladesh) និងស្រីលង្កា (Sri Lanka) ប៉ុន្តែតិចជាងប្រាក់ឈ្នួលកម្មករវៀតណាម (Vietnam) ថៃ (Thailand) និងឥណ្ឌា (India)។
អង្គការអន្តរជាតិខាងការងារនៅកម្ពុជា ចាប់ផ្ដើមបង្កើតព្រឹត្តិបត្ររបស់ខ្លួនលើកទីមួយ ដើម្បីពិនិត្យដំណើរការវិវឌ្ឍនៃវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជា ដោយផ្ដោតលើការនាំចេញ ប្រាក់ឈ្នួល ការងារ ការបើក និងបិទរោងចក្រ និងការវិនិយោគបរទេសផ្ទាល់ថ្មី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
