កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១៥០​ខាង​អំពើ​ពុករលួយ​សម្រាប់​ឆ្នាំ​២០១៥

ដោយ យ៉ង ចាន់តារា
2016-01-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ឱក សេរីសោភក្តិ៍ (ឆ្វេង) និង​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ឆ្លើយ​សំណួរ​អ្នក​ចូល​រួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​សន្ទស្សន៍​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៥ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៦។
ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ឱក សេរីសោភក្តិ៍ (ឆ្វេង) និង​នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ឆ្លើយ​សំណួរ​អ្នក​ចូល​រួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​សន្ទស្សន៍​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៥ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៦។
RFA/Yang Chandara

អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) រក​ឃើញ​ថា កម្ពុជា​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​កម្រិត​ខ្ពស់​នៅ​ឡើយ​នៅ​លើ​ពិភពលោក។ ការ​លើក​ឡើង​បែប​នេះ ផ្អែក​ទៅ​លើ​របាយការណ៍​សន្ទស្សន៍​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៥ ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មករា ឆ្នាំ​២០១៦ ដែល​បង្ហាញ​ថា កម្ពុជា​ស្ថិត​ក្នុង​លេខ​រៀង​ទី​១៥០ ក្នុង​ចំណោម​ប្រទេស ១៦៨។

​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ឱក សេរីសោភក្តិ៍ មាន​ប្រសាសន៍​ថា លទ្ធផល​ស្ដីពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៥ នេះ បាន​ឆ្លុះបញ្ចាំង​ថា ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើ​កំណែទម្រង់ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ។

​លោក ឱក សេរីសោភក្តិ៍ លើក​ឡើង​បែប​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​សន្ទស្សន៍​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ រ៉ាហ្វល ឡឺ រ៉ូយ៉ាល់ (Raffle Hotel Le Royal) ព្រឹក​ថ្ងៃ​ទី​២៧ មករា៖ «ខណៈ​ដែល​ការ​ធ្វើ​កំណែ​ទម្រង់​វិស័យ​មួយ​ចំនួន​ត្រូវ​បាន​កត់សម្គាល់ និង​ទទួល​បាន​ការ​ស្វាគមន៍ វា​ជា​ការ​ចាំបាច់​ណាស់​ដែល​រដ្ឋាភិបាល​ត្រូវ​បន្ត​ធ្វើ​កំណែទម្រង់​ទៅ​លើ​ស្ថាប័ន​សាធារណៈ​នានា ដោយ​ផ្តោត​ទៅ​លើ​ស្ថាប័ន​សំខាន់ៗ ដូចជា​ប្រព័ន្ធ​តុលាការ និង​ស្ថាប័ន​អនុវត្ត​ច្បាប់ ព្រម​ទាំង​ស្ថាប័ន​ដែល​ផ្ដល់​សេវា​សាធារណៈ»

​អំពើ​ពុករលួយ​មាន ៦​ទម្រង់ គឺ​ការ​ស៊ី​សំណូក ការ​កេងប្រវ័ញ្ច ការ​លួច​បន្លំ ការ​សម្លុត​គំរាម បញ្ហា​បក្សពួក ឬ​គ្រួសារ​និយម និង​អំពើ​ពុករលួយ​ផ្នែក​នយោបាយ។

របាយការណ៍​សន្ទស្សន៍​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​ឆ្នាំ​២០១៥ របស់​អង្គការ​តម្លាភាព​អន្តរជាតិ បង្ហាញ​ថា កម្ពុជា​ទទួល​បាន​ពិន្ទុ ២១ ស្ថិត​ក្នុង​លេខ​រៀង​ទី​១៥០ ក្នុង​ចំណោម​ប្រទេស ១៦៨។ ចំណាត់​ថ្នាក់​នេះ​បង្ហាញ​ថា កម្ពុជា​មាន​ស្ថានភាព​អំពើ​ពុករលួយ​ខ្លាំង​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍ គឺ​ស្ថិត​នៅ​ក្រោម​មីយ៉ាន់ម៉ា និង​ឡាវ ទៅ​ទៀត។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល បញ្ជាក់​ថា ការ​ទទួល​បាន​ពិន្ទុ​តិច​នេះ គឺ​ដោយសារ​កម្ពុជា ទទួល​បាន​ពិន្ទុ​ទាប​នៅ​ក្នុង​សន្ទស្សន៍​នីតិរដ្ឋ​របស់​គម្រោង​យុត្តិធម៌​ពិភពលោក​ឆ្នាំ​២០១៥។ លោក ព្រាប កុល បន្ត​ទៀត​ថា កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ជា​រឿង​ដ៏​ចាំបាច់​បំផុត​ដែល​កម្ពុជា ត្រូវ​ធ្វើ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើពុករលួយ។

ក្រៅ​ពី​នេះ លោក ព្រាប កុល មើល​ឃើញ​ថា ឯករាជភាព​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដាច់​ចេញ​ពី​រដ្ឋាភិបាល​ជា​រឿង​មួយ​ដែល​អង្គការ​តម្លាភាព​កម្ពុជា និង​ពលរដ្ឋ​ទូទៅ​ចង់​បាន៖ «ខ្ញុំ​ថា​ទម្រង់​ធំ​បំផុត​ដែល​ត្រូវ​ធ្វើ គឺ​កែទម្រង់​ជាតិ​សំខាន់ៗ ដូចជា​ប្រព័ន្ធ​តុលាការ អង្គភាព​ប្រឆាំង​អំពើពុករលួយ ស្ថាប័ន​រដ្ឋសភា ហើយ​រៀបចំ​ប្រព័ន្ធ​អភិបាលកិច្ច​ឱ្យ​មាន​គ្រប់​ស្ថាប័ន​ជាតិ​សំខាន់ៗ បូករួម​នឹង​ស្ថាប័ន​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​ជា​យន្តការ​មួយ​សម្រាប់​ទ្រទ្រង់​ការ​បោះឆ្នោត និង​លទ្ធិប្រជាធិបតេយ្យ»

​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ លោក ឱម យ៉ិនទៀង ច្រាន​ចោល​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ។  លោក ឱម យ៉ិនទៀង លើក​ឡើង​ថា របាយការណ៍​នេះ​ធ្វើ​ឡើង​ផ្អែក​លើ​ទស្សនៈ​មនុស្ស និង​ក្រុម​មនុស្ស​ដែល​ធ្វើ​ឱ្យ​លទ្ធផល​លម្អៀង និង​មិន​ត្រឹមត្រូវ តាម​បរិបទ និង​ការវិវឌ្ឍន៍​ជាក់ស្ដែង។

លោក ឱម យ៉ិនទៀង អះអាង​ទៀត​ថា ស្ថាប័ន​របស់​លោក​មាន​ភាពឯករាជ​ខាង​ប្រតិបត្តិការ មិន​គួរ​ណា​អង្គការ​តម្លាភាព​កម្ពុជា លើក​បញ្ហា​នេះ​ឡើង​នោះ​ឡើយ៖ «បើ​យើង​ពិនិត្យ​លើ​ភាព​ជាក់ស្ដែង ការ​ដាក់​ពិន្ទុ​របៀប​នេះ គ្មាន​អ្វី​ក្រៅ​ពី​របៀបវារៈ​នយោបាយ​ទេ ហើយ​មិន​លើក​ទឹក​ចិត្ត​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ទេ គឺ​គេ​តម្រូវ​តែ​នយោបាយ​របស់​គេ​ទេ។ ឧទាហរណ៍​ប្រទេស​ដែល​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ខ្លាំង បែរ​ជា​គេ​ដាក់​ពិន្ទុ​ឱ្យ​ទាប​តាម​តែ​ការ​នឹក​ឃើញ​របស់​គេ»

​កាល​ពី​ឆ្នាំ​២០១៤ កម្ពុជា​ក៏​ទទួល​បាន​ពិន្ទុ ២១ ដូច​គ្នា តែ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១៥៦ ក្នុង​ចំណោម​ប្រទេស ១៧៥។

សម្រាប់​ឆ្នាំ​២០១៥ នេះ អង្គការ​តម្លាភាព​អំពាវនាវ​ជា​ថ្មី​ម្ដង​ទៀត​ដល់​រដ្ឋាភិបាល​អនុវត្ត​អនុសាសន៍​ដែល​ធ្លាប់​បាន​លើក​ឡើង។ អនុសាសន៍​ទាំង​នោះ​រួម​មាន កំណែទម្រង់​ប្រព័ន្ធ​តុលាការ ការ​បង្កើត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន វិសោធនកម្ម​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ច្បាប់​ការពារ​សាក្សី និង​អ្នក​រាយការណ៍ ព្រម​ទាំង​ដោះស្រាយ​បញ្ហា​បក្សពួកនិយម និង​ទំនាស់​ផលប្រយោជន៍​ក្នុង​ស្ថាប័នរដ្ឋ​ទាំង​អស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (7)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

2015 IS NUMBER 150 AND 2016 WILL BE NUMBER 160,2017 WILL BE 170,2018 WILL BE 180,2019 WILL BE 190,2020 WILL BE 200 AND COUNTRIES IN THE WORLD HAS 192.

Feb 05, 2016 05:38 PM

ជៃ

ពី ចុងតនោត

ពូកែមែនទែន បានលេខច្រើនជាងគេ។

Jan 28, 2016 05:36 AM

khmer

ពី europe

thank you mr. stong man hun sen

Jan 28, 2016 04:00 AM

អ្នក​អាន​អនាមិក

ហ្វូងគីង្គក់ ឈ្នះ! ឈ្នះ! គ្រប់មុខ៕

Jan 27, 2016 06:54 AM

អនាមិក

ពី ឧត្តរមានជ័យ

លោកហ៊ុន សែន រដ្ឋាភិបាលលោកហ៊ុន សែន ពួកអ្នកបានផលប្រយោជន៍ពីលោកហ៊ុន​ សែន ស្រែកថាមកពីបរទេសឲ្យលុយកម្ពុជាច្រើនពេក។ ៣៧​ឆ្នាំមុន បាតដៃទទេដូចគ្នាដែរតើ។ បើត្រឹមប្រាក់ខែ លោកហ៊ុន សែនចិញ្ចឹមកូនមិនរស់ផង។

Jan 27, 2016 05:07 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល