កម្ពុជា​ផ្អាក​កម្មវិធី​ពីរ​នៃ​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​អូស្ត្រាលី

បណ្ដាញ​ព័ត៌មាន អេ.ប៊ី.ស៊ី (ABC) ផ្សព្វផ្សាយ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ថា រដ្ឋាភិបាល​កម្ពុជា បាន​ផ្អាក​កម្មវិធី​ពីរ​នៃ​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា​ជាមួយ​ប្រទេស​អូស្ត្រាលី (Australia)។ កម្មវិធី​ទាំង​ពីរ​នោះ គឺ​រួម​មាន​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​អំពើ​ភេរវកម្ម និង​សន្តិសុខ​ផ្នែក​នាវាចរណ៍​តាម​ផ្ទៃ​សមុទ្រ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ នៃ​ប្រទេស​អូស្ត្រាលី ដែល​ស្រង់​សម្ដី​ដោយ អេ.ប៊ី.ស៊ី ថ្លែង​ថា ពុំ​មាន​ការ​ផ្តល់​ហេតុផល​ណា​មួយ​ចំពោះ​ការ​សម្រេច​ផ្អាក​កម្មវិធី​សហប្រតិបត្តិការ​វិស័យ​យោធា​ទាំង​ពីរ​នេះ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា ឡើយ។

កាល​ពី​ថ្ងៃ​ទី១៣ ខែ​សីហា ក៏​មាន​ព័ត៌មាន​ស្តី​អំពី​ការ​ផ្អាក​លែង​ទទួល​ជំនួយ​យោធា​អន្តរជាតិ​មួយ​ចំនួន រួម​ទាំង​ជំនួយ​ពី​សហរដ្ឋ​អាមេរិក ផង​ដែរ។

ប៉ុន្តែ មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​បដិសេធ​ចំពោះ​ព័ត៌មាន​ទាំង​នោះ ដោយ​បញ្ជាក់​ថា៖ «កម្ពុជា មិន​បាន​កាត់​ផ្តាច់ ឬ​លុប​ចោល​មិន​ទទួល​ជំនួយ​ផ្នែក​យោធា​ពី​ដៃគូ​អន្តរជាតិ​នានា មាន​សហរដ្ឋ​អាមេរិក ជាដើម​នោះ​ទេ ប៉ុន្តែ​បាន​ពន្យារ»

ទាក់ទិន​បញ្ហា​នេះ លោក វីល្លៀម ថត (William Todd) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​តាម​រយៈ​សារ​អ៊ីម៉ែល (Email) នៅ​ល្ងាច​ថ្ងៃ​ទី១៣ ខែ​សីហា បញ្ជាក់​ថា៖ «រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​បញ្ហា​នេះ ចំពោះ​ស្ថានទូត​សហរដ្ឋ​អាមេរិក ថា ការ​ពន្យារ​ពេល​នេះ គឺ​រហូត​ដល់​មាន​រដ្ឋាភិបាល​ថ្មី ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​ជាតិ នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា»៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។