មន្ត្រី ជាន់ខ្ពស់ក្រសួងការបរទេសបញ្ជាក់ថា កម្ពុជាមិនទាន់សម្រេចទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលីនៅឡើយទេ។ ការបញ្ជាក់នេះធ្វើឡើងដើម្បីឆ្លើយតបនឹងរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី ដែលកាសែតអាមេរិកស្រង់សំដីថា ក្រុមជនភៀសខ្លួននៃប្រទេសតំបន់កោះ ណូរូ (Nauru) អាចត្រូវបានបញ្ជូនមកតាំងទីលំនៅ នៅកម្ពុជាមុនគេ តាមរយៈកិច្ចព្រមព្រៀង នៃប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី។
កម្ពុជាសម្រេចថានឹងបង្កើតគណៈកម្មការសិក្សាស្រាជ្រាវមួយ លើសំណើរបស់ប្រទេសអូស្ត្រាលី ជុំវិញការបញ្ជូនជនភៀសខ្លួន ដែលរត់ទៅជ្រកកោននៅអូស្ត្រាលី ឲ្យមករស់នៅប្រទេសកម្ពុជា។
ឆ្លើយសំណួរអ្នកកាសែតក្នុងពីធីរំលឹកខួបលើកទី៤០ នៃទំនាក់ទំនងអូស្ត្រាលីអាស៊ាននារាជធានីភ្នំពេញនៅថ្ងៃទី ២៦ ខែឧសភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អ្នកស្រី សឿង រ័ត្នឆវី មានប្រសាសន៍ថាកម្ពុជាចាំបាច់ត្រូវតែសិក្សាលំអិតជាមុនសិន មុននឹងសម្រេចថាព្រមទទួល ឬបដិសេធចំពោះសំណើរបស់ប្រទេសអូស្ត្រាលីស្ដីពីការទទួលជនភៀសខ្លួនឲ្យមកស្នាក់នៅនោះ។ អ្នកស្រីបន្តថាកម្ពុជាមិនអាចអនុម័តបញ្ហានេះដោយប្រថុយឡើយ ព្រោះថាវាពាក់ព័ន្ធដល់ផលប្រយោជន៍ជាតិទាំងមូល៖ «ត្រូវការសិក្សាទាំងអស់គ្នា ក្រសួងជំនាញត្រូវសិក្សា មិនទាន់អាចនិយាយថាកម្ពុជាអាចសម្រេចហើយអូស្ត្រាលីអាចសម្រេចឲ្យឬយ៉ាងណានោះទេ។ ខ្ញុំមិនទាន់ហ៊ាន យើងមានជំហរយ៉ាងម៉េចទេ ព្រោះយើងត្រូវសិក្សា។ យើងមិនអាចគ្រាន់តែគេស្នើភ្លាមយើងព្រមភ្លាមទេ។ ក្នុងន័យនេះយើងបង្កើតគណៈកម្មការដើម្បីសិក្សាថាយើងអាចទទួលបាន ឬអត់ ? ហើយក្រុមការងារនោះនឹងសិក្សាស៊ីជម្រៅពីបញ្ហានេះ»។
អ្នកស្រីបន្តថា អ្នកស្រីមិនទាន់ដឹងថា តើគណៈកម្មការជំនាញនោះ មានសមាសភាពមកពីស្ថាប័នណាខ្លះទេ ហើយអូស្ត្រាលីក៏មិនបានប្រាប់ថា ផ្ដល់ផលប្រយោជន៍អ្វីមកឲ្យកម្ពុជា ជាថ្នូរនឹងការទទួលជនភៀសខ្លួនឲ្យមកស្នាក់នៅទីនេះដែរ។
កាលពីខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishob) បានមកបំពេញទស្សនៈកិច្ចនៅកម្ពុជា និងស្នើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប លោក ហោ ណាំហុង និង ជួបលោក ស ខេង ដើម្បីសុំឲ្យកម្ពុជាជួយអូស្ត្រាលីពីបញ្ហានេះ។ អ្នកស្រីថ្លែងប្រាប់អ្នកកាសែតបន្ទាប់ពីជួបជាមួយ លោក ហោ ណាំហុង ថាអូស្ត្រាលីបានជួយកម្ពុជាច្រើនហើយក្នុងការទទួលជនភៀសខ្លួនកម្ពុជាដែលបណ្ដាលមកពីសង្គ្រាមស៊ីវិល ហើយពេលនេះគឺដល់ពេលដែលកម្ពុជាទទួលជនភៀសខ្លួនមករស់វិញម្ដងហើយ។
កន្លងទៅមន្ត្រីសង្គមស៊ីវិលមួយចំនួន មិនគាំទ្រគម្រោងការបញ្ជូនជនភៀសខ្លួនពីប្រទេសអូស្ត្រាលីនេះឡើយ។ ការអះអាងនេះក្រោមហេតុផលថារដ្ឋាភិបាល គួរណាស់តែយកចិត្តទុកដាក់ជាមួយពលរដ្ឋខ្លួនជាមុនសិន។
ទោះយ៉ាងណាក្ដី មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ មានប្រសាសន៍ថាកម្ពុជាត្រូវប្រកាន់គោលការណ៍មនុស្សធម៌ក្នុងការជួយជនភៀសខ្លួនពីគ្រប់តំបន់ តាមសន្ធិសញ្ញាអន្តរជាតិដែលខ្លួនបានចុះហត្ថលេខា។ ម្យ៉ាងទៀតការជួយជនភៀសខ្លួនទាំងនេះ ក៏ជាការតបស្នងចំពោះអន្តរជាតិ ដែលធ្លាប់បានជួយជនភៀសខ្លួនពីកម្ពុជា ក្នុងសម័យផ្ដាច់ការ និងសម័យសង្គ្រាមស៊ីវិលនោះដែរ។ ប៉ុន្តែការចង់ជួយជនភៀសខ្លួនអូស្ត្រាលីលើកនេះ ធ្វើឡើងដើម្បីប្រាក់របស់អូស្ត្រាលីប៉ុណ្ណោះ។ លោកបន្តថាតាមប្រភពដែលលោកទទួលបាន អូស្ត្រាលីនឹងយល់ព្រមឲ្យប្រាក់ទៅប្រទេសណា ដែលព្រមទទួលជនភៀសខ្លួន ដែលភាគច្រើនជាអ្នកកាន់សាសនាមូស្លីមនោះនូវចំនួនទឹកប្រាក់យ៉ាងតិចណាស់ ១រយលានដុល្លារសហរដ្ឋអាមេរិក។ លោកបញ្ជាក់ថា រាជរដ្ឋាភិបាល ត្រូវតែគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយពីបញ្ហានេះ៖ «យើងដឹងគេគ្រោងយកទៅដាក់នៅកោះមួយ កោះមួយហ្នឹងជាកម្មសិទ្ធិដែលរដ្ឋជួលឲ្យកូនចៅរបស់ខ្លួនទៅទៀត ដើម្បីបានទឹកប្រាក់ហ្នឹងយកទៅអភិវឌ្ឍន៍កោះហ្នឹង។ សម្រេចយ៉ាងណាគួរធ្វើជាមួយអង្គការសហប្រជាជាតិ ដើម្បីឲ្យយល់ពីគោលការណ៍ ដែលកម្ពុជាត្រូវគោរព។ ទី២ មិនត្រូវទទួលដោយថវិកាទេ គឺត្រូវទទួលដោយគោលការណ៍ ហើយត្រូវទទួលខុសត្រូវដែលនៅពេលដែលអ្នកទាំងនេះមិនអាចទទួលឲ្យរស់នៅបាន យើងត្រូវតែថែទាំអ្នកនោះ ហើយវាជាបន្ទុកធ្ងន់ធ្ងរណាស់»។
សព្វថ្ងៃនេះអូស្ត្រាលី បានបង់ប្រាក់ឲ្យប្រទេសមួយចំនួនដូចជា៖ ណូរូ (Nauru) ប៉ាពូ ញូវហ្គីនី (Papua New Guinea) សម្រាប់ថ្លៃបោះជុំរុំជនភៀសខ្លួនទាំងនោះ។ ជនភៀសខ្លួនទាំងនោះរស់នៅប្រទេសអូស្ត្រាលី ជាប្រទេសទី២ ដោយខ្លះគេចពីបញ្ហានយោបាយ និងខ្លះទៀតដោយគេចពីបញ្ហាសេដ្ឋកិច្ច។ គេមិនទាន់ដឹងថាតើជនភៀសខ្លួនដែលអូស្ត្រាលី បម្រុងបញ្ជូនមកកម្ពុជានោះ ជាជនភៀសខ្លួនមកពីប្រទេសណាមួយនៅឡើយ។
ប្រទេសកម្ពុជា ធ្លាប់បានមិនគោរពសន្ធិសញ្ញាអន្តរជាតិ ម្ដងជាពីរដងរួចហើយ ក្នុងសំណុំរឿងជនភៀសខ្លួននេះ។ កម្ពុជាធ្លាប់បញ្ជូនជនភៀសខ្លួន ជនជាតិម៉ុងតាញ៉ា ទៅវៀតណាមវិញ ក្រោមគំនាបនយោបាយ។ បញ្ជូនជនភៀសខ្លួនអ៊ុយគ័រ ទៅចិនជាថ្នូរនឹងប្រាក់ជំនួយរាប់លានដុល្លារជាដើម។ ការបញ្ជូនជនភៀសខ្លួនម៉ុងតាញ៉ា និងអ៊ុយគ័រនេះ កម្ពុជារងនូវការរិះគន់ជាខ្លាំងពីសំណាក់ប្រទេសកាន់លិទ្ធិប្រជាធិបតេយ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
