ក្រសួង​ការងារ​ជំរុញ​ឲ្យ​ពលករ​ខ្មែរ​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​ថៃ

0:00 / 0:00

រដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​ឈប់​ប្រថុយ​ជីវិត​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ បន្ត​ទៅ​ទៀត។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​នៅ​ពេល​ដែល​មាន​របាយការណ៍​ថា កង​ទាហាន​ថៃ បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ព្រំដែន​កាន់​តែ​ច្រើន​ឡើង។

ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ទាំង​នេះ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ តាម​រយៈ​ក្រុមហ៊ុន​ស្រប​ច្បាប់​វិញ​ទើប​មាន​សុវត្ថិភាព​ជាង។

បណ្ដាញ​សារព័ត៌មាន​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី២៤ មីនា នេះ ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​ស្វែង​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ចុះ​ឈ្មោះ​ធ្វើ​ការ​តាម​រយៈ​ក្រុមហ៊ុន​រើស​ពលករ​ចំនួន​ជាង​៣០ ដែល​មាន​ទីតាំង​នៅ​តាម​ខេត្ត ក្រុង​នានា​ទូទាំង​ប្រទេស​ស្រាប់។

លោក ហ៊ូ វុឌ្ឍី អគ្គ​នាយក​រង​នៃ​អគ្គនាយកដ្ឋាន​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​កម្ពុជា មាន​ប្រសាសន៍​ថា ការ​ផ្សព្វផ្សាយ​សេចក្ដី​ប្រកាស​នោះ គឺ​ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ពលករ​ខ្មែរ ពី​ការ​បាញ់​សម្លាប់​របស់​ទាហាន​ថៃ និង​ដើម្បី​ការពារ​ការ​ជួញ​ដូរ​មនុស្ស ដែល​លោក​ថា ពេល​នេះ​ការ​ជួញ​ដូរ​មនុស្ស​ទៅ​កាន់​ប្រទេស​ឥណ្ឌា មាន​ចរន្ត​ថ្មី​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ៖ «ដាស់​តឿន​ប្រជាពលរដ្ឋ​ឲ្យ​ដឹង​ថា បើ​ចង់​ទៅ​ក្រៅ​កុំ​ទៅ​ខុស​ច្បាប់ ព្រោះ​បន្តិច​ឮ​ថៃ បាញ់ បន្តិច​គេ​យក​ទៅ​លក់​ធ្លាក់​ដល់​ប្រទេស​ឥណ្ឌា អី​នោះ អា​ដែង​ទៅ​ខុស​ច្បាប់។ អ៊ីចឹង​យើង​ឃើញ អ៊ីចឹង​យើង​ផ្សាយ​ទៅ​ឲ្យ​គាត់​ដឹង​ថា បើ​ចង់​ទៅ​ក្រៅ កុំ​ទៅ​ខុស​ច្បាប់»

លោក ហ៊ូ វុឌ្ឍី ឲ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ​ប្រហែល ៤​សែន​នាក់ កំពុង​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី កូរ៉េខាងត្បូង។ លោក​ថា ក្រុមហ៊ុន​រើស​ពលករ​ជាង​៣០ ដែល​បាន​បង្កើត​យូរ​មក​ហើយ​នោះ អាច​ធានា​សុវត្ថិភាព​ជូន​ពលករ​ខ្មែរ​បាន។

ក៏ប៉ុន្តែ លោក ចាន់ សុវ៉េត មន្ត្រី​ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ជំទាស់​ថា ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​ស្រប​ច្បាប់​តាម​រយៈ​ក្រុមហ៊ុន ក៏​មិន​មាន​សុវត្ថិភាព​ដែរ ព្រោះ​កន្លង​មក​មាន​ពលករ​ខ្មែរ​ជាច្រើន​ត្រូវ​ក្រុមហ៊ុន​បំបរបង់​ចោល ឲ្យ​ប្រឈម​នឹង​ការ​រំលោភ​សិទ្ធិ​វាយ​ធ្វើ​បាប តែ​ក្រុមហ៊ុន​ហាក់​មិន​ទទួល​ខុស​ត្រូវ៖ «ក្រុមហ៊ុន​មួយ​ចំនួន​ទៀត គាត់​គ្រាន់​យក​មនុស្ស​យក​ទៅ​ដាក់ ហើយ​គាត់​អត់​ទទួល​ខុស​ត្រូវ​សព្វ​បែប​យ៉ាង។ ឧទាហរណ៍​ថា បាត់​រយៈពេល ២​ឆ្នាំ គ្រួសារ​ទៅ​រក ហើយ​រក​មិន​ឃើញ គ្មាន​ឈ្មោះ​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ»

ទោះ​យ៉ាង​ណា លោក ហ៊ូ វុឌ្ឍី អះអាង​ថា បញ្ហា​ទំនាស់​នានា​ដែល​កើត​ឡើង​លើ​ពលករ​ធ្វើ​ការ​នៅ​បរទេស តាម​រយៈ​ក្រុមហ៊ុន​មាន​ចំនួន​តិច​បំផុត។ លោក​ថា ករណី​រំលោភ និង​ទំនាស់​ផ្សេងៗ​លើ​ពលករ​ក្នុង​ឆ្នាំ​២០១១-២០១២ ស្ថិត​ក្នុង​កម្រិត​ទាប​ប្រហែល ០,១% ក្នុង​ចំណោម​ពលករ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​សរុប​ប្រហែល ៤​សែន​នាក់។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ទាហាន​ថៃ បាញ់​អ្នក​ឆ្លង​ដែន​ខ្មែរ​ស្លាប់​ជា​បន្តបន្ទាប់។ របាយការណ៍​ សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) បង្ហាញ​ថា នៅ​ឆ្នាំ​២០០១ ទាហាន​ថៃ បាញ់​លើ​អ្នក​ឆ្លង​ដែន​ខ្មែរ ៧​ករណី បណ្ដាល​ឲ្យ​ខ្មែរ ១៣​នាក់​ស្លាប់។ នៅ​ឆ្នាំ​២០១២ ទាហាន​ថៃ បាន​បាញ់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង ២២​ករណី បណ្ដាល​ឲ្យ​ខ្មែរ ២៩​ស្លាប់ ហើយ​នៅ​បី​ខែ​ដើម​ឆ្នាំ​២០១៣ មាន ៤​ករណី បណ្ដាល​ឲ្យ​ខ្មែរ ៣​នាក់​ទៀត​ស្លាប់។

រឿង​ពលករ​ខ្មែរ​ខុស​ច្បាប់​ធ្វើ​ការ​នៅ​ប្រទេស​ថៃ បាន​ចាប់​ផ្ដើម​ឡើង​ច្រើន​ក្រោយ​ពេល​កម្ពុជា ចប់​សង្គ្រាម​ក្នុង​ទសវត្ស​ឆ្នាំ​១៩៩០ ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រ​ផង ដោយសារ​តម្រូវ​ការ​ទីផ្សារ​ពលកម្ម​នៅ​ប្រទេស​ថៃ មាន​ច្រើន​ផង។

ឯកសារ​ស្រាវជ្រាវ​អំពី​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ របស់​ សកលវិទ្យាល័យ​ស៊ីណាវ៉ាត្រ (Shinawatra) ប្រទេស​ថៃ នៅ​ខែ​ធ្នូ ឆ្នាំ​២០១០ បង្ហាញ​ថា គឺ​ដោយសារ​ពលករ​ខ្មែរ​ទាំង​នោះ​មាន​ជីវភាព​ក្រីក្រ ពិបាក​រក​ការងារ​ធ្វើ​នៅ​កម្ពុជា ប្រាក់​ថ្លៃ​ឈ្នួល​ពលកម្ម​នៅ​ស្រុក​ខ្មែរ​ទាប។ ចំណែក​ពលករ​ខ្មែរ​ខ្លះ​ទៀត​នៅ​ក្បែរ​ព្រំដែន នាំ​គ្នា​ឆ្លៀត​ឱកាស​ពេល​ទំនេរ​ពី​រដូវ​ដក​ស្ទូង ច្រូត​កាត់ ទៅ​រក​ការងារ​នៅ​ស្រុក​ថៃ ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម។ ពលករ​ខ្មែរ​ភាគ​ច្រើន​ធ្វើ​ការ​នៅ​ជាយ​ក្រុង​បាងកក និង​តាម​ខេត្ត​នានា​ប្រទេស​ថៃ ច្រើន​ធ្វើ​ការងារ​ធ្ងន់ គេ​បង្ខំ​ឲ្យ​ធ្វើ​ការ​លើស​ម៉ោង តាម​កសិដ្ឋាន ធ្វើ​កសិកម្ម ចុះ​ទូក​នេសាទ កម្មករ​សំណង់ កម្មករ​រោងចក្រ។ ពលករ​ខ្មែរ​អាច​រក​ប្រាក់​កម្រៃ​ចាប់​ពី ១៧០​បាត ទៅ ១៩០​បាត​ក្នុង​មួយ​ថ្ងៃ ស្មើ​ប្រហែល ១​ម៉ឺន ៧​ពាន់ ទៅ ១​ម៉ឺន ៩​ពាន់​រៀល​លុយ​ខ្មែរ ក្នុង​ពេល​ពលករ​ខ្លះ​ទៀត​អាច​បាន​ប្រាក់​កម្រៃ​ប្រហែល ៤​ពាន់ ទៅ ៧​ពាន់​បាត​ក្នុង​មួយ​ខែ ស្មើ ៤​សែន ទៅ ៧​សែន​រៀល។ ក៏ប៉ុន្តែ ឯកសារ​ស្រាវជ្រាវ​បញ្ជាក់​ថា ពលករ​ខ្មែរ​ប្រឈម​គ្រោះ​ថ្នាក់​ចម្បងៗ​ជាច្រើន ដូច​ជា ការ​ប្រឈម​ច្បាប់​ការងារ ដោយសារ​ពលករ​ខ្មែរ​ចំនួន ៥៩​នាក់ មាន​តែ ១៤​នាក់​ប៉ុណ្ណោះ​មាន​ឯកសារ​ធ្វើ​ការ​ស្រប​ច្បាប់។

ក្រៅ​ពី​នេះ ថ្លៃ​ឈ្នួល​ពួក​គេ​ត្រូវ​ថៅកែ​ថៃ កាត់​ថ្លៃ​ឯកសារ​បំពេញ​ការងារ សម្រាប់​សេវា​ព្យាបាល ដែល​ប្រាក់​កាត់​ទាំង​នោះ​ស្រេច​តែ​ថៅកែ​កំណត់ ហើយ​ជួន​កាល​ពលករ​ខ្មែរ​ខ្លះ​ធ្វើ​ការ​មិន​សល់​ប្រាក់ នៅ​តែ​ជំពាក់​ថៅកែ​រហូត ហើយ​មិន​ហ៊ាន​តវ៉ា។

យ៉ាង​នេះ​ក្ដី អង្គការ​សិទ្ធិ​មនុស្ស និង​ពលករ​ខ្មែរ​ជាច្រើន បាន​អះអាង​ថា ពលករ​ខ្មែរ​ភាគ​ច្រើន​នៅ​តែ​ចូល​ចិត្ត​ផ្សង​ព្រេង​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ខុស​ច្បាប់ ទោះ​បី​ប្រឈម​គ្រោះ​ថ្នាក់​យ៉ាង​ណា​ក្ដី។ ទាំង​នេះ ដោយសារ​ហេតុផល​មួយ​ចំនួន ដូច​ជា ពួក​គេ​មាន​សេរីភាព​ជ្រើសរើស​ការងារ មាន​សេរីភាព​វិល​ជួប​ជុំ​គ្រួសារ​នៅ​ស្រុក​ខ្មែរ​ពេល​ណា​ក៏​បាន ប្រាក់​ឈ្នួល​ពលកម្ម​មិន​ត្រូវ​គេ​កាត់ ឬ​កំណត់​ដូច​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន មិន​ចាំបាច់​បង់​ប្រាក់​ថ្លៃ​ឯកសារ​ឆ្លង​ដែន​ច្រើន ដូច​ដែល​ក្រុមហ៊ុន​តម្រូវ​មាន​ចំនួន​ប្រហែល ៧០០​ដុល្លារ ដែល​ប្រាក់​នេះ​ប្រជាពលរដ្ឋ​នៅ​តាម​ស្រុក​ស្រែ​ចម្ការ​ជាច្រើន​មិន​អាច​រក​បាន។

ពលករ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាង​ថា ខ្លួន​មិន​ចូល​ចិត្ត​ធ្វើ​ការ​តាម​រយៈ​ក្រុមហ៊ុន​ទេ ដោយសារ​បញ្ហា​ដែល​បាន​លើក​ឡើង​មក​នេះ។ គាត់​បាន​ចំណាយ​ប្រាក់​បន្តិច​បន្តួច​ក្រៅ​ផ្លូវ​ការ តែ​អាច​ចេញ​ចូល​រក​ការងារ​ធ្វើ​នៅ​ស្រុក​ថៃ ដោយ​មិន​មាន​លក្ខខណ្ឌ​ច្រើន​ដូច​ក្រុមហ៊ុន ហើយ​គាត់​មាន​សេរីភាព​អាច​ឈប់​ធ្វើ​ការ​ពេល​ណា​ក៏​បាន។

ចំពោះ​បញ្ហា​នេះ លោក ចាន់ សុវ៉េត បាន​ទទួល​ស្គាល់​ថា ជា​មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឲ្យ​ចរន្ត​ពលករ​ខ្មែរ​សម្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយ​ខ្លួន​ឯង មិន​តាម​រយៈ​ក្រុមហ៊ុន។ លោក​សុំ​ឲ្យ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ពិចារណា​ឡើង​វិញ បន្ធូរ​លក្ខខណ្ឌ​ការងារ​ដល់​ពលករ​ខ្មែរ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ពលករ​ខុស​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព។

ដើម្បី​ទប់ស្កាត់​ពលករ​ខ្មែរ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ បាន​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​រើស​ពលករ​ខ្មែរ ធ្វើ​ការ​នៅ​ប្រទេស​ថៃ នៅ​ឆ្នាំ​២០០៣។ បន្ទាប់​មក នៅ​ឆ្នាំ​២០០៦ ភាគី​កម្ពុជា បាន​ចាប់​ផ្ដើម​រើស​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ពេល​នោះ មាន​ពលករ​ខ្មែរ​ខុស​ច្បាប់​ជិត ២​សែន​នាក់​ស្រេច​ទៅ​ហើយ កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ ក្រោម​កិច្ច​ព្រមព្រៀង​នៃ​អនុសារណៈ​នៃ​ប្រទេស​ទាំង​ពីរ បាន​ជំរុញ​ឲ្យ​មាន​ពលករ​ខ្មែរ​ប្រហែល ១​សែន ១​ម៉ឺន​នាក់ បាន​ចុះ​បញ្ជី​អនុញ្ញាត​ធ្វើ​ការ​ស្រប​ច្បាប់​នៅ​ប្រទេស​ថៃ។

ក៏ប៉ុន្តែ ចំនួន​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​ខុស​ច្បាប់​នៅ​ថៃ នៅ​តែ​កើន​ឡើង​ខ្ពស់​ជា​លំដាប់។ ជា​រឿយៗ គេ​សង្កេត​ឃើញ​មាន​ពលករ​ខ្មែរ​ជាច្រើន ត្រូវ​ប៉ូលិស​ថៃ ចាប់​ដាក់​ឡាន​ដឹក​មក​ចាក់​ចោល​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត រៀង​រាល់​សប្ដាហ៍ ដែល​សកម្មភាព​នេះ ភាគី​ថៃ បាន​អនុវត្តន៍​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ។ ក៏ប៉ុន្តែ ការ​ដឹក​ជញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​នោះ ហាក់​ដូច​ជា​វែក​ចក ជួន​កាល​គេ​ឃើញ​មុខ​ពលករ​ខ្មែរ​ដដែលៗ ដែល​ប៉ូលិស​ថៃ ដឹក​ជញ្ជូន​ត្រឡប់​មក​ស្រុក​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។