ពលករខ្មែរធ្វើការខុសច្បាប់ ដែលបានបញ្ជូនត្រឡប់មកពីប្រទេសថៃ ប្រមាណ ១ម៉ឺននាក់ បានបំពេញបែបបទស្របច្បាប់តាមប្រព័ន្ធថ្មីរបស់ក្រសួងការងារ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៨ តុលា ថា ក្នុងចំណោមពលករខ្មែរធ្វើការខុសច្បាប់ដែលបានបញ្ជូនត្រឡប់មកពីប្រទេសថៃ រាប់ម៉ឺននាក់នោះ មានពលករប្រមាណ ១ម៉ឺននាក់ បានបំពេញភាពស្របច្បាប់របស់ខ្លួនតាមប្រព័ន្ធថ្មីរបស់ក្រសួងការងារ ដើម្បីក្លាយជាពលករស្របច្បាប់។ លោកថា ពួកគេបានចេញទៅបន្តការងាររបស់ខ្លួនជាបណ្ដើរៗ ស្របពេលដែលការជំរុញឲ្យស្របតាមនីតិវិធី ក្រោមកិច្ចសហការរវាងអាជ្ញាធរប្រទេសទាំងពីរ ក៏កំពុងដំណើរការដែរនោះ។
លោក អ៊ិត សំហេង៖ «ការបញ្ជូនយើងទៅតាមនីតិវិធីថ្មី ដែលយើងរៀបចំនេះ កំពុងទៅបណ្ដើរៗ មកដល់ឥឡូវនេះ លេខនៅក្នុងក្រសួងមានប្រហែលជា ១ម៉ឺននាក់ ប៉ុន្តែបងប្អូនដែលបានចុះបញ្ជីនៅតាមមជ្ឈមណ្ឌលច្រកចេញចូលតែមួយរបស់ថៃ គឺមានច្រើន ហើយយើងកំពុងតែបញ្ជូនក្រុមប្រតិបត្តិការទៅទីនោះ ដើម្បីបំពេញភាពស្របច្បាប់ឲ្យបងប្អូនពលករយើងនៅទីនោះតែម្ដង ដោយសហការជាមួយអាជ្ញាធរថៃ។
ពលករខ្មែរធ្វើការខុសច្បាប់ជាង ២០ម៉ឺននាក់ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនត្រឡប់មកពីប្រទេសថៃ ក្នុងគ្រាដែលស្ថានការណ៍នយោបាយរបស់ប្រទេសនេះមានភាពជ្រួលច្របល់ កាលពីពាក់កណ្ដាលឆ្នាំ២០១៤។ ក្រសួងការងារ បានមើលឃើញថា ពលករខ្មែរទាំងនោះមានភាពក្រីក្រ បានលួចឆ្លងដែនខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ ទើបបានក្រសួងបង្កើតយន្តការថ្មីមួយរបស់ខ្លួន និងបានសហការជាមួយប្រទេសថៃ ដើម្បីសម្រួលឲ្យពួកគេក្លាយជាពលករកម្មករស្របច្បាប់វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
