រថយន្ត​ក្រុង​កាពីតូល​ក្រឡាប់​បណ្ដាល​ឲ្យ​មនុស្ស​ពីរ​នាក់​របួស​ធ្ងន់​និង​របួស​ស្រាល​ច្រើន​នាក់

មនុស្ស​ពីរ​នាក់​របួស​ធ្ងន់ និង​ច្រើន​នាក់​របួស​ស្រាល ក្នុង​ហេតុការណ៍​ក្រឡាប់​ឡាន​ក្រុង​កាពីតូល នៅ​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥ ឋិត​នៅ​ភូមិ​សន្លង់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់​ឆ្នាំង កាល​ពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា។ ឡាន​ក្រុង​បើកបរ​ពី​កើត​ទៅ​លិច (ភ្នំពេញ-បាត់​ដំបង) បាន​បែក​ប្រអប់​ហ្វ្រ័ង ហើយ​ជ្រុល​ទៅ​ប៉ះ​អ្នក​បើក​ម៉ូតូ​ស្រប​ទិស​គ្នា​មុន​ក្រឡាប់​ធ្លាក់​ប្រឡាយ​ទឹក។

នាយ​ផ្នែក​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូរណ៍​លោក រស់ ប៊ុនណារិទ្ធិ ថ្លែង​ថា អ្នក​រងរបួស​ធ្ងន់​ទាំង​ពីរ​នាក់ ត្រូវ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ឆ្នាំង។

លោក ប៊ុន ណារិទ្ធិ បញ្ជាក់​ថា ក្រោយ​ពី​ហេតុការណ៍​កើត​ឡើង​ភ្លាម​ៗ តៃកុង​ឡាន​ក្រុង​បាន​គេច​ខ្លួន​បាត់ ចំណែក​ឡាន​ក្រុង​ក្រឡាប់នោះ អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ភាគី​ក្រុមហ៊ុន​កាពីតូល កំពុង​ចាត់​ចែង​ស្ទូច​ឡើង​​វិញ និង​ដោះស្រាយបញ្ហា​តាម​​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។