តំណាងកម្មករប្រមាណ៤០នាក់នៃរោងចក្រសេរី ស្ថិតនៅភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននាំគ្នាមកជួបជុំនៅមុខក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២២ មករា ដើម្បីជំរុញឲ្យមន្ត្រីក្រសួងនេះ ចាត់វិធានការលើក្រុមហ៊ុនថាមិនអនុវត្តច្បាប់។ ឆ្លើយតបបញ្ហានេះ មន្ត្រីក្រសួងអះអាងថា នឹងដោះស្រាយជូនពួកគាត់នៅសប្ដាហ៍ក្រោយ។
មន្ត្រីទទួលបន្ទុកដោះស្រាយវិវាទនៃក្រសួងការងារសន្យាថា នឹងលើកយកបញ្ហាមិនទាន់សះជារវាងកម្មករនិងភាគីរោងចក្រ មកដោះស្រាយនៅថ្ងៃច័ន្ទ ទី២៥ មករា។
អគ្គលេខាធិការរងនៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្មបាតុកម្មនៅតាមគ្រប់មុខសញ្ញានៃក្រសួងការងារ លោក លី សុធា មានប្រសាសន៍ថា ការចរចាកន្លងមកក្រសួងមើលមិនឃើញភាគីរោងចក្រមានកំហុសនោះទេ ហើយទន្ទឹមនឹងគ្នានេះ កម្មករគួរតែរង់ចាំឲ្យក្រសួងធ្វើការសម្របសម្រួលដើម្បីរកដំណោះស្រាយរួម ពីព្រោះការទាមទាររបស់កម្មករភាគីរោងចក្រមិនទាន់ត្រូវរ៉ូវ។ លោកបញ្ជាក់ថា ក្រសួងមានភារកិច្ចគ្រាន់តែសម្របសម្រួលឲ្យភាគីទាំងពីរសះជានឹងគ្នាតែប៉ុណ្ណោះ ពុំនោះពួកគេមានសិទ្ធិប្ដឹងទៅតុលាការ៖ «រឿងអនុវត្តច្បាប់មួយៗត្រូវផ្អែកលើភស្តុតាងច្រើនណាស់ ដើម្បីអនុវត្តច្បាប់លើបុគ្គលណាមួយ មិនមែនចេះតែនឹកឃើញអនុវត្តងាយៗ។ ខាងនេះចង់បានតែខាងណោះគេអត់ចង់បានក្រសួងនឹងព្យាយាមបញ្ចុះបញ្ចូលធ្វើម៉េចឲ្យជាសះជាប៉ុណ្ណឹងទេ»។
ការសន្យាដោះស្រាយរបស់មន្ត្រីក្រសួងការងារនេះ បន្ទាប់ពីមន្ត្រីក្រសួងចុះទៅពីរលើកជួបជាមួយភាគីរោងចក្រតែគ្មានលទ្ធផល។ ការអះអាងនេះ នៅគ្រាដែលតំណាងកម្មករប្រមាណ៤០នាក់ បាននាំគ្នាមកជួបជុំនៅមុខក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាថ្មីម្ដងទៀត ដើម្បីជំរុញឲ្យក្រសួងនេះ ប្រញាប់ដោះស្រាយលក្ខខណ្ឌការងារជូនពួកគាត់ ៣ចំណុចដែលជាចំណុចអាទិភាពក្នុងចំណោមបញ្ហាដែលពួកគេទាមទារ៧ចំណុច។
មន្ត្រីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា កញ្ញា យ៉ុង លាភ ថ្លែងនៅមុខក្រសួងការងារនៅថ្ងៃទី២២ មករា ថា ការតវ៉ានេះ ដោយសារតែថៅកែបានបញ្ឈប់ថ្នាក់ដឹកនាំសហជីពសេរីកម្មករ៣នាក់ ហើយមិនគោរពលក្ខខណ្ឌការងារជាច្រើនដែលពួកគាត់យល់ថា រំលោភសិទ្ធិកម្មករ។
អ្នកស្រីបន្តថា ក្រុមហ៊ុនមិនបានអនុវត្តតាមសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែលបញ្ជាឲ្យថ្នាក់ដឹកនាំសហជីពចូលធ្វើការវិញ និងសងប្រាក់រំលឹកដល់ពួកគេនោះទេ សហជីពដែលមានជំហរខាងរោងចក្រតែងរារាំងសកម្មភាពតវ៉ារបស់ពួកគាត់៖ «យើងបង្កើតសហជីពតាមច្បាប់តាមប្រកាស៣០៥ ប្រកាសរបស់ក្រសួងច្បាប់ស្ដីពីការងារ ប៉ុន្តែនៅពេលដែលយើងយកចំណុចសង្ខេប៣ហ្នឹងឲ្យគាត់ទៅនិយាយគាត់យកស្អីទៅនិយាយបានជាក្រុមហ៊ុនហ្នឹងរឹងម្ល៉េះ មិនព្រមទទួលយកពួកគាត់ចូលធ្វើការ ? បើថ្នាក់ដឹកនាំគាត់បង្កើតសហជីពស្របទៅតាមច្បាប់ហ្នឹង ? ទាំងអស់គ្នាត្រូវការគោរពច្បាប់ បើក្រុមហ៊ុនហ្នឹងនៅតែចចេសមិនព្រមយកពួកគេចូលធ្វើការ តើក្រសួងមានវិធានការយ៉ាងម៉េច ? បើក្រុមហ៊ុនហ្នឹងល្មើសច្បាស់ហ្នឹង ? យើងចង់ឃើញក្រសួងចាត់ការលើក្រុមហ៊ុនហ្នឹង បើក្រុមហ៊ុនហ្នឹងធ្វើខុសហ្នឹង»។
កាលពីថ្ងៃទី១១ និងថ្ងៃទី១៩ មករា កម្មករបាននាំគ្នាហែក្បួនតាមរថយន្តមកតវ៉ានៅខាងមុខក្រសួងការងារ។ មន្ត្រីក្រសួងបានសន្យាដោះស្រាយបញ្ហាជូនកម្មករ៣ចំណុចដែលជាចំណុចអាទិភាពក្នុងចំណោមបញ្ហាដែលពួកគេទាមទារ៧ចំណុច។ លក្ខខណ្ឌ៣ចំណុចដែលក្រសួងយល់ព្រមដោះស្រាយជូនកម្មកររួមមាន ស្នើសុំឲ្យក្រុមហ៊ុនទទួលយកថ្នាក់ដឹកនាំសហជីពចូលធ្វើការវិញ ស្នើសុំឲ្យក្រុមហ៊ុនទូទាត់ប្រាក់រំលឹកពីថ្ងៃបញ្ឈប់ដល់ថ្ងៃចូលធ្វើការវិញ និងស្នើសុំក្រុមហ៊ុនរក្សាប្រាក់ឈ្នួលថ្ងៃធ្វើកូដកម្ម។ ប៉ុន្តែការចុះដោះស្រាយនោះមិនមានលទ្ធផលនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
