ការអះអាងនេះ គឺបន្ទាប់ពីបេក្ខជនបានទៅមើលឈ្មោះលទ្ធផលប្រឡង ដែលបានបិទនៅសាលាគរុកោសល្យភូមិភាគព្រៃវែង កាលពីថ្ងៃទី០២ វិច្ឆិកា។ បេក្ខជនប្រឡងគ្រូអនុវិទ្យាល័យ ឲ្យដឹងថា មុខវិជ្ជាដែលគេចូលប្រឡងជំនួសជាប់ភាគច្រើន ជាមុខវិជ្ជាឯកទេសផ្នែកខ្មែរ គេហកិច្ច និងជំនាញ គណិតវិទ្យា រូបវិទ្យាជាដើម ។ ហើយផ្នែកនីមួយៗយ៉ាងហោចណាស់ ក៏មានបេក្ខជនប្រឡងជាប់ ដោយសារគេប្រឡងជំនួសនោះពី ២ ទៅ ៣នាក់ដែរ។
បេក្ខជនប្រឡងមកពីស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង សុំមិនបញ្ចេញឈ្មោះម្នាក់ មានប្រសាសន៍នៅថ្ងៃទី០៥ វិច្ឆិកា ថា ពេលទៅមើលលទ្ធផលឈ្មោះប្រឡងគ្រូ នៅសាលាគរុកោសល្យព្រៃវែង គ្រានោះ ខ្លួនបានប្រទះឃើញមានឈ្មោះសិស្សប្រឡងជាប់មួយចំនួន ជាប់ដោយមានអ្នកប្រឡងជំនួស។
បេក្ខជនដដែលបន្តថា ខ្លួនបានឃើញសកម្មភាពមិនប្រក្រតីកើតមានតាំងពីថ្ងៃប្រឡងមកម្ល៉េះ ប៉ុន្តែសកម្មភាពនោះបេក្ខជនពុំហ៊ាននិយាយ ព្រោះខ្លាចធ្វើឲ្យប៉ះពាល់ដល់បេក្ខភាពប្រឡងរបស់ខ្លួន៖ « ប៉ុន្តែប្អូនអត់ហ៊ានប្រាប់ឈ្មោះទេ ភាគច្រើនគ្រូបង្រៀនដូចថា គាត់មានបទពិសោធន៍ខ្លាំង អ៊ីចឹងគាត់ចូលទៅដឹងថាជាប់ហ្មង។ ហើយដល់ពេលសិស្សៗចូលទៅបានត្រឹមតែបម្រុងអីហ្នឹងបង បម្រុងទី១ បម្រុងទី២ ទី៣ អីហ្នឹងអស់ហើយ។ ដូចថាអ្នកចូលឲ្យគេជំនួសហ្នឹងដូចអត់ពូកែផងបង ហើយប្អូនឆ្ងល់ដល់ពេលទៅបង្រៀនគេធ្វើមេចទៅ » ។

ឆ្លើយតបនិងបញ្ហានេះនាយកគរុកោសល្យ ភូមិភាគខេត្តព្រៃវែង លោក ប៊ូយ វុទ្ធី ឲ្យដឹងថា សាលានឹងធ្វើការត្រួតពិនិត្យតាមបេក្ខជនប្រឡងជាប់នេះ។ ប្រសិនបើតាមដានរកឃើញថា មានគរុសិស្សណាប្រឡងជាប់ដោយសារជួលគេឲ្យប្រឡងជំនួសនោះ សាលានឹងបញ្ជូនឈ្មោះបេក្ខជនទៅឲ្យក្រសួងអប់រំ ដើម្បីចាត់វិធានការដោះស្រាយតាមផ្លូវច្បាប់៖ « ពេលប្រឡងនៅភូមិភាគហ្នឹង គឺយើងមានផ្ដិតមេដៃៗ អ៊ីចឹងពេលដែលគាត់ចូលមក យើងឲ្យគាត់ផ្ដិតមេដៃម្ដងទៀត ផ្ទៀងជាមួយមេដៃ ពេលប្រឡង បើសិនខុសប្លែក អាហ្នឹងមានផ្លូវច្បាប់ យើងជួនព័ត៌មានហ្នឹងទៅដល់ក្រសួង។ ហើយក្រសួងក៏គាត់មានពេលវេលាគាត់រាល់ឆ្នាំ គាត់ចុះមកមើលគាត់មកផ្ទៀង គាត់ជួយមកផ្ទៀងទៀត។ ហើយសាលានេះ គឺប្រហែលជាកន្លះខែពេលសិស្សមកជុំអស់យើងហ្នឹង ធ្វើត្រួតពិនិត្យមួយសាដែរ ត្រួតពិនិត្យម៉ាសាហើយ បានក្រសួងត្រួតពិនិត្យម៉ាសាទៀត » ។
យ៉ាងណាក៏ដោយបេក្ខជនប្រឡងអះអាងថា អ្នកប្រឡងជាប់ ជួលឲ្យគេប្រឡងក្នុងតំលៃប្រមាណពី១ពាន់ទៅ៣ពាន់ដុល្លារអាមេរិក ក្នុងមួយនាក់។ បេក្ខជនប្រឡងស្នើឲ្យក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីដែលមានពាក់ព័ន្ធការប្រឡងគ្រូបឋមភូមិនេះ ធ្វើយ៉ាងណាត្រួតពិនិត្យតាមដានរកឈ្មោះអ្នកដែលគ្មានសមត្ថភាពតែប្រឡងជាប់ និងលុបឈ្មោះបេក្ខជនចេញពីបញ្ជីឈ្មោះ ដើម្បីជៀសវាងកុំឲ្យសកម្មភាពនេះកើតមាននាពេលប្រឡងគ្រូឆ្នាំក្រោយទៀត។

លទ្ធផលឈ្មោះបេក្ខជនប្រឡងជាប់ គ្រូអនុវិទ្យាល័យនៅសាលាគរុកោសល្យ ភូមិភាគខេត្តព្រៃវែង ឆ្នាំ២០១៣នេះ សរុបទាំងអស់ចំនួន ១១៦នាក់។ ហើយគរុកោសល្យ ភូមិភាគនេះ មានបេក្ខជនប្រឡងមកពីខេត្តព្រៃវែងនិងខេត្តស្វាយរៀង ។ ចំពោះសិស្សដែលបានប្រឡងជាប់និងត្រូវសិក្សាតាមជំនាញឯកទេសរបស់ខ្លួន ប្រឡងជាប់នៅសាលាគរុកោសល្យភូមិភាគព្រៃវែងចំនួន២ឆ្នាំ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
