ទស្សនៈ​អាជ្ញាធរ​មួយ​ចំនួន​នៅ​ខេត្ត​ស្វាយរៀង​ចំពោះ​ការ​តាម​ចាប់​លោក ឈូក បណ្ឌិត

គិត​មក​ទល់​ពេល​នេះ គឺ​មាន​រយៈពេល​ជិត​មួយ​ឆ្នាំ​ហើយ បន្ទាប់​ពី​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង សម្រេច​ឲ្យ​អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត មាន​ទោស​ជាប់​ពន្ធនាគារ​ក្នុង​សំណុំ​រឿង​បាញ់​កម្មការិនី​រោងចក្រ​កៅវ៉េ (Kaoway) ៣​នាក់ អោយ​របួស។ ប៉ុន្តែ អាជ្ញាធរ​នៅ​ពុំ​ទាន់​ចាប់​អតីត​អភិបាល​ក្រុង​រូប​នេះ​ដាក់​ពន្ធនាគារ​បាន​នៅ​ឡើយ​ទេ។ ចំពោះ​បញ្ហា​នេះ តើ​អាជ្ញាធរ​មួយ​ចំនួន​នៅ​ខេត្ត​ស្វាយរៀង មាន​មតិ​យល់​ឃើញ​យ៉ាង​ដូច​ម្ដេច​ដែរ?

0:00 / 0:00

ពេល​តុលាការ​ពុំ​ទាន់​ចាប់​អ្នក​ទោស ឈូក បណ្ឌិត ដាក់​ពន្ធនាគារ អាជ្ញាធរ​មួយ​ចំនួន​នៅ​ខេត្ត​ស្វាយរៀង បាន​យល់​ឃើញ​ខុសៗ​គ្នា​ចំពោះ​ករណី​នេះ។ ដោយ​អាជ្ញាធរ​ខ្លះ​មាន​ទស្សនៈ​ថា បញ្ហា​យឺតយ៉ាវ​ក្នុង​ការ​តាម​ចាប់ លោក ឈូក បណ្ឌិត ដាក់​ពន្ធនាគារ​នោះ អាច​បណ្ដាល​មក​ពី​នីតិវិធី​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​ការ​ទន់​ខ្សោយ ឬ​ពុំ​មាន​ចំណាត់​ការ​ពិត​ប្រាកដ​ក្នុង​ការ​តាម​ប្រមាញ់​ចាប់​ខ្លួន​ឡើយ។

មន្ត្រី​ក្រុម​ប្រឹក្សា​ក្រុង​បាវិត មួយ​រូប គឺ​លោក នង សារិទ្ធ ថ្លែង​នៅ​ថ្ងៃ​ទី​១ មករា ឆ្នាំ​២០១៤ ថា មន្ត្រី​សមត្ថកិច្ច​យក​ចិត្ត​ទុក​ដាក់​តាម​ប្រមាញ់​ភាគ​ច្រើន គឺ​ទៅ​លើ​ប្រជាពលរដ្ឋ​ក្រីក្រ គ្មាន​អំណាច។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មាន​អំណាច និង​មាន​ឥទ្ធិពល​ក្នុង​សង្គម គឺ​តុលាការ​ពុំ​អាច​តាម​ចាប់​ពួក​គេ​ទាំង​នោះ​ដាក់​ពន្ធនាគារ​ឲ្យ​បាន​ឆាប់​រហ័ស​ដូច​ប្រជាពលរដ្ឋ​នោះ​ទេ៖ «ក្រោយ​ពី​តុលាការ​ចេញ​សាលក្រម ហើយ​មនុស្ស​ហ្នឹង​ចាប់​អត់​បាន​ទៀត។ អ៊ីចឹង​ទៅ ប្រជាពលរដ្ឋ​មួយ​ចំនួន​ក៏​មាន​ការ​ខកខាន​ដែរ​ថា តុលាការ​ស្រុក​ខ្មែរ​ហ្នឹង​អយុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ​អី​អ៊ីចឹង។ ហ្នឹង​ចំណុច​សំខាន់​ទៀត​ហ្នឹង ប្រជាពលរដ្ឋ​គាត់​ចង់​បាន​ណាស់​ដែល​អនុ​ច្បាប់​នៅ​ស្រុក​ខ្មែរ​ហ្នឹង គឺ​យក​ជន​ដែល​ប្រព្រឹត្ត ហើយ​យក​ដាក់​គុក​ឲ្យ​បាន​ទៅ ដើម្បី​ជា​គំរូ​មួយ​បាន​ដល់​អ្នក​ដែល​ក្រោមៗ​ទៀត»

ប៉ុន្តែ អាជ្ញាធរ​មួយ​ចំនួន​នៅ​ខេត្ត​ស្វាយរៀង ហាក់​មិន​ចាប់​អារម្មណ៍​ចំពោះ​បញ្ហា​ក្ដី​ក្ដាំ​មួយ​នេះ​នោះ​ឡើយ។

មេ​ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក លោក គង់ ធួន មាន​ប្រសាសន៍​បញ្ជាក់​ថា បញ្ហា​រឿង​ក្ដី​របស់ លោក ឈូក បណ្ឌិត គឺ​ជា​រឿង​របស់​តុលាការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​លើ​ការ​ស្រាវជ្រាវ​ហេតុ​ផល​ក្ដី​នេះ៖ «បាទ! បញ្ហា​ក្ដី​ក្ដាំ​ហ្នឹង​ក៏​មិន​បាន​ទៅ​ចាប់​អារម្មណ៍​ទៅ​លើ​កិច្ច​ការងារ​ហ្នឹង​ដែរ ព្រោះ​យើង​ធ្វើ​ការងារ​មូលដ្ឋាន​ផ្ដោត​ទៅ​លើ​ការងារ​គ្រប់គ្រង​ឃុំ​របស់​ខ្លួន មិន​អាច​ហ៊ាន​និយាយ​បាន​ដែរ ព្រោះ​យើង​នៅ​ឆ្ងាយ​មិន​បាន​ស៊ើប​អង្កេត»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​មន្ត្រី​ទទួល​បន្ទុក​រឿង​ក្ដី​តាម​ចាប់ លោក ឈូក បណ្ឌិត ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​១ មករា ដោយ​ទទួល​ទូរស័ព្ទ​ហើយ តែ​បិទ​ទៅ​វិញ។

ទាក់ទង​ទៅ​នឹង​បញ្ហា​របស់ លោក ឈូក បណ្ឌិត នេះ កន្លង​មក​ចៅក្រម​សាលា​ឧទ្ធរណ៍​ធ្លាប់​បាន​ប្រកាស​សាល​ដីកា​ដោយ​តម្កល់​សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង លើ​ករណី​ប្ដឹង​ទាស់​របស់ លោក ឈូក បណ្ឌិត។ ហើយ​កន្លង​មក សាលក្រម​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ធ្លាប់​បាន​សម្រេច​ឲ្យ លោក ឈូក បណ្ឌិត មាន​ទោស​ជាប់​ពន្ធនាគារ ១​ឆ្នាំ​កន្លះ បង្គាប់​ឲ្យ​បង់​ប្រាក់​សំណង​ឲ្យ​ជន​រងគ្រោះ​ជា​កម្មការិនី​ចំនួន ៣​រូប គឺ ប៊ុន ចិន្តា នុត សាខន និង កែវ នា សរុប​ចំនួន ៣៨​លាន​រៀល និង​បន្ត​អនុវត្ត​ដីកា​ចាប់​ខ្លួន​អតីត​អភិបាល​ក្រុង​បាវិត រូប​នេះ​ដាក់​ក្នុង​ពន្ធនាគារ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា។

បើ​ទោះ​ជា​សាលា​ឧទ្ធរណ៍​បាន​ប្រកាស​សាល​ដីកា​តម្កល់​សាលក្រម​សាលា​ដំបូង​ខេត្ត​ស្វាយរៀង ទុក​ដដែល​ក៏ដោយ ប៉ុន្តែ​មេធាវី​របស់​ជន​រងគ្រោះ​ទាំង ៣​រូប រួម​ទាំង​មន្ត្រី​សិទ្ធិ​មនុស្ស​ផង ធ្លាប់​បាន​ស្នើសុំ​ឲ្យ​ចៅក្រម​សាលា​ឧទ្ធរណ៍ ពិចារណា​ប្ដូរ​បទ​ចោទ លោក ឈូក បណ្ឌិត ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា ទៅ​ជា​បទ​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា​វិញ ហើយ​ឆាប់​ចាប់​ខ្លួន ឈូក បណ្ឌិត មក​ដាក់​ពន្ធនាគារ ពីព្រោះ​ជន​រងគ្រោះ​ទាំង​នោះ​កំពុង​មាន​ការ​ភ័យ​ខ្លាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។