ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងអធិការស្រុកបរិបូរណ៍ រងការចោទថាបានឃុបឃិតគ្នាដើម្បីរក្សាតំណែងអធិការស្រុកបរិបូរណ៍ លោក ជាង សុវណ្ណារិទ្ធិ ដែលគ្រប់អាយុចូលនិវត្តន៍ទៅហើយនោះ។ ស្នងការនគរបាលខេត្ត និងអធិការស្រុក បដិសេធចំពោះការចោទប្រកាន់នេះ ដោយយល់ថា ការចោទប្រកាន់ធ្វើឡើងដើម្បីចង់កាច់កុងគ្នា និងស្អប់គ្នាប៉ុណ្ណោះ។
លិខិតមួយច្បាប់ផ្ញើមកកាន់អាស៊ីសេរី ដោយដាក់ថា យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីនគរបាលនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង បានចោទលោក ជាង សុវណ្ណារិទ្ធិ ថាកាត់ប្រាក់ខែបុគ្គលិកជាប្រចាំ និងចង់ក្រាញយកតំណែងជាអធិការដោយមិនព្រមចូលនិវត្តន៍តាមលិខិតសម្រេចរបស់អគ្គនាយកដ្ឋានបុគ្គលិក នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នោះទេ។ លិខិតបន្តថា ពួកគេជួបការលំបាក ហើយខំតែអរថាលោកអធិការព្រមចូលនិវត្តន៍ ប៉ុន្តែសព្វថ្ងៃនៅធ្វើការដដែល។
ឆ្លើយតបនឹងការចោទប្រកាន់នេះ អធិការស្រុកបរិបូរណ៍ លោក ជាង សុវណ្ណារិទ្ធិ ថាលោកស្គាល់អ្នកដែលស្អប់លោក ហើយតែងតែរាយការណ៍ទៅស្ថាប័នផ្សេងៗដើម្បីរករឿងចោទប្រកាន់លោក។ ប៉ុន្តែកន្លងទៅ លោកមិនដែលធ្វើឲ្យមន្ត្រីក្រោមឱវាទថ្នាំងថ្នាក់ចិត្ត ឬកាត់ប្រាក់ខែពួកគេនោះទេ ហើយការសម្រេចឲ្យចូលនិវត្តន៍របស់ថ្នាក់លើនេះ លោកមិនប្រកែកប្រណាំង ឬក្រាញអំណាចឡើយ៖ « ខ្ញុំអត់ដឹងផង ព្រោះ ថ្នាក់លើ អត់បានប្រាប់ខ្ញុំផង ( អត់ទទួលបានលិខិតឲ្យចូលនិវត្តន៍នៅឡើយ ) មានមនុស្សស្អប់ខ្ញុំនៅក្នុងអង្គភាពហ្នឹង ។ ខ្ញុំអត់ ដែលមាន ទៅកាន់ លុយ កូនចៅ ណាទេ បើបងឯង ចង់ដឹង សួរ កូនចៅ ខ្ញុំ ទៅ »។
អាស៊ីសេរី បានទាក់ទងមន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបរិបូរណ៍ បួននាក់ផ្សេងទៀតដើម្បីបញ្ជាក់បន្ថែមជុំវិញការចោទប្រកាន់នេះ។ ពួកគេឲ្យដឹងស្រដៀងគ្នាថា កាលពីបីឆ្នាំមុនដែលមន្ត្រីនគរបាលទាំងអស់មិនទាន់បើកប្រាក់ខែតាមធនាគារ ពិតជាមានការកាត់កងខ្លះមែន ប៉ុន្តែលោក ជាង សុវណ្ណារិទ្ធិ មិនដែលអសកម្មនឹងការងារ ឬធ្វើឲ្យកូនចៅថ្នាំងថ្នាក់ចិត្ដនោះទេ។
ចំណែកស្នងការនគរបាលខេត្តកំពង់ឆ្នាំង លោក ឡុច សុវណ្ណរ៉ា បញ្ជាក់ថា លោកបានទទួលលិខិតសម្រេចរបស់អគ្គនាយកដ្ឋានបុគ្គលិកកាលពីបីថ្ងៃមុន ហើយបានចាត់ចែងឲ្យមន្ត្រីផ្នែកបុគ្គលិកធ្វើលិខិតទៅសាមីខ្លួន ដែលមានឈ្មោះត្រូវរៀបចំសំណុំបែបបទចូលនិវត្តន៍ទាំងនោះហើយ។ លោកបដិសេធថា លោកមិនបានឃុបឃិត ឬចង់រក្សាមន្ត្រីណាម្នាក់មិនឲ្យចូលនិវត្តន៍តាមច្បាប់កំណត់នោះទេ៖ « រឿងថាខ្ញុំទុក អ្នកនេះ ឬ អ្នកនោះ ខ្ញុំ មិនមាន សិទ្ធិទេ តែមាន ឈ្មោះធ្លាក់ ពីលើ មក យ៉ាងម៉េច ត្រូវតែ អនុវត្ដតាម។ បើអ្នក ទាំងអស់ហ្នឹង បានមក បំពេញបែបបទ គ្រប់ហើយ ចប់យើងនឹងបញ្ជូនទៅហើយ ប៉ុន្តែ ការកំណត់ ពេលវេលា ខ្ញុំ មិនទាន់ បានកំណត់ ទេ ព្រោះ អាហ្នឹង ក៏គេអត់ បានកំណត់ ដែរ គេគ្រាន់ថាឲ្យឈ្មោះទាំងអស់ហ្នឹង ដើម្បីបំពេញបែបបទចូលនិវត្តន៍ ហើយយើង កំពុងតែ ធ្វើហើយ ប៉ុន្តែវា មិនយូរ ទេ ព្រោះគ្នាតែ ១២នាក់ »។
លិខិតមួយច្បាប់ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋានបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ តម្រូវឲ្យមន្ត្រីនគរបាលនៅខេត្តកំពង់ឆ្នាំង ចំនួន ១២រូប ដែលមានអាយុ ៥៥ឆ្នាំ ឬកើតនៅឆ្នាំ១៩៦២ ដើម្បីរៀបចំសំណុំបែបបទចូលនិវត្តន៍។ លិខិតដដែលបង្ហាញថា អធិការស្រុកបរិបូរណ៍ លោក ជាង សុវណ្ណារិទ្ធិ មានឈ្មោះត្រូវចូលនិវត្តន៍នៅលេខរៀងលើគេ ក្នុងចំណោមមន្ត្រីទាំង ១២រូប។
មន្ត្រីនគរបាលជាតិទាំង ១២រូបនោះ កំពុងបម្រើការងារនៅតាមប៉ុស្តិ៍រដ្ឋបាល អធិការដ្ឋាន និងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលមានឋានន្តរសក្ដិជាវរសេនីយ៍ត្រី វរសេនីយ៍ទោ និងវរសេនីយ៍ឯក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
