ប្រទេសចិនសន្យាតម្កល់មូលនិធិមួយចំនួនធំ ដើម្បីជួយអភិវឌ្ឍដល់ប្រទេសតាមដងទន្លេមេគង្គទាំង៥ ដែលមានសន្ទុះអភិវឌ្ឍយឺត ឲ្យដំណើរការលឿនទៅមុខព្រមគ្នា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលពេលនេះកំពុងចូលរួមកិច្ចប្រជុំកំពូលឡានឆាង-មេគង្គ (Lancang-Mekong) ក្នុងប្រទេសចិន។ លោកសរសេរនៅលើទំព័រហ្វេសប៊ុកនៅថ្ងៃទី២៣ មីនា ឲ្យដឹងថា ការសម្រេចតម្កល់មូលនិធិមួយចំនួនធំរបស់ចិន ធ្វើឡើងបន្ទាប់ពីប្រទេសទាំង៦ រួមមានកម្ពុជា ចិន វៀតណាម ថៃ មីយ៉ានម៉ា និងឡាវ ប្ដេជ្ញាចិត្តរួមគ្នាក្នុងការជំរុញកិច្ចអភិវឌ្ឍ ដែលមានឥទ្ធិពលលើកកម្ពស់ជីវភាពរបស់ពលរដ្ឋរស់នៅតាមដងទន្លេមេគង្គ ។
លោកថា ក្នុងកិច្ចប្រជុំនេះ មេដឹកនាំទាំង៦ បានយកចិត្តទុកដាក់គាំទ្រគោលការណ៍៤ចំណុចសំខាន់ គឺការថែរក្សាសន្តិភាព ការបើកចំហឲ្យមានការចូលរួមទូលំទូលាយ ការអភិវឌ្ឍជាក់ស្ដែងសម្រាប់ផលប្រយោជន៍ប្រជាជន និងការលើកកម្ពស់ភាពបើកចំហ និងស្វាគមន៍ការចូលរួមពីបណ្ដាប្រទេសក្នុងតំបន់។
ក្នុងកិច្ចប្រជុំនេះដែរ លោក ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រទេសចិនដែលយកចិត្តទុក ដាក់គាំទ្ររហូតមានកិច្ចប្រជុំកំពូលនេះឡើង ព្រមទាំងសន្យាផ្ដល់មូលនិធិអភិវឌ្ឍន៍ រាប់រយលានដុល្លារទៀត និងបានបើកទំនប់ទឹកចូលទៅទន្លេមេគង្គក្រោម។ លោក ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រទេសនៅផ្នែកខាងលើនៃទន្លេមេគង្គ គឺប្រទេសថៃ មីយ៉ានម៉ា និងឡាវ កុំបិទបង្ខាំងទឹក ព្រោះលោកថាការបើកបង្ហូរទឹកពីចិនចំនួនពីរលើកមកហើយ កម្ពុជា និងវៀតណាម ពុំបានទទួលទឹកប្រើប្រាស់នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
