កងនាវាកងទ័ពប្រជាជនចិន និងកងទ័ពជើងទឹកកម្ពុជា នឹងរៀបចំកម្មវិធីហ្វឹកហ្វឺនរួមគ្នាមួយជាលើកដំបូង ក្នុងប្រតិបត្តិការជួយសង្គ្រោះ ប្រព្រឹត្តទៅនៅខេត្តព្រះសីហនុ។ កម្មវិធីហ្វឹកហ្វឺនរួមគ្នានេះ មានរយៈពេល ៥ថ្ងៃនៅកម្ពុជា គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកុម្ភៈ។
របៀបវារៈនៃកម្មវិធីទស្សនកិច្ចដែលវិទ្យុអាស៊ីសេរី ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ បញ្ជាក់ថា នាវាចម្បាំងរបស់ចិន នឹងចូលចតនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុ នៅម៉ោង ១០ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ។ ក្រោយពីបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ កងនាវាកងទ័ពប្រជាជនចិន នឹងធ្វើដំណើរមករាជធានីភ្នំពេញនៅថ្ងៃទី២៤ ដើម្បីចូលជួបរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងទឹក លោក ទៀ វិញ ព្រមទាំងស្ថានទូតចិន ប្រចាំកម្ពុជា។
ក្រោយមក នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ កងនាវាកងទ័ពប្រជាជនចិន និងកងទ័ពជើងទឹកកម្ពុជា នឹងហ្វឹកហ្វឺនក្នុងប្រតិបត្តិការជួយសង្គ្រោះនៅលើផ្ទៃសមុទ្រខេត្តព្រះសីហនុ។
ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) ផ្សាយថា នាវាចម្បាំងរបស់ចិន ដែលនឹងមកកម្ពុជា មានចំនួន ៣គ្រឿង ផ្ទុកនាវិកចំនួន ៧៣៧នាក់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ដើម្បីសាកសួរលម្អិតនៃការហ្វឹកហ្វឺននោះបានទេ នៅថ្ងៃទី២១ ខែកុម្ភៈ។
ទោះបីយ៉ាងណា អគ្គបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា លោក វណ្ណ ប៊ុននាង ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ(Reuters) ថា ការហ្វឹកហាត់នេះ គឺជាកិច្ចសហប្រតិបត្តិការដ៏ធំមួយ និងជាការហ្វឹកហ្វឺនរួមគ្នា ដើម្បីបង្កើនការត្រៀមខ្លួនក្នុងករណីមានហេតុការណ៍លិចកាណូត ឬមានគ្រោះមហន្តរាយកើតឡើង។
បច្ចុប្បន្ន ចិន ជាប្រទេសម្ចាស់ជំនួយចម្បងនៃវិស័យយោធាកម្ពុជា ដោយបានផ្គត់ផ្គង់នូវសម្ភារៈយោធាដល់កងទ័ពកម្ពុជា ជាបន្តបន្ទាប់ ក្នុងនោះមានការសាងសង់វិទ្យាស្ថានយោធា ការផ្ដល់នូវឧទ្ធម្ភាគចក្រ កាំភ្លើង និងរថយន្តយោធាជាច្រើនគ្រឿង ព្រមទាំងទទួលយកមន្ត្រីយោធាកម្ពុជា ជាច្រើននាក់ទៅបណ្ដុះបណ្ដាលនៅប្រទេសចិន ទៀតផង។
វត្តមានកងនាវាកងទ័ពប្រជាជនចិន ដែលនឹងមកដល់នៅថ្ងៃទី២២ នេះ គឺស្របពេលដែលបញ្ហាជម្លោះសមុទ្រចិនខាងត្បូង កំពុងតឹងតែង ខណៈចិន កាន់តែបង្កើនសកម្មភាពយោធានៅលើតំបន់សមុទ្រចិនខាងត្បូង នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
