កម្មកររោងចក្រផលិតសម្លៀកបំពាក់ឈ្មោះ ជុង ហ្វៃ នីតវៀរ អេហ្វ.ធី.វ៉ាយ (Chung Fai Knitwear FTY., Ltd.) នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលថាថៅកែរត់ចោល មិនទាន់ទទួលបានដំណោះស្រាយតាមការទាមទារទេ រហូតមកដល់ថ្ងៃទី៦ កក្កដា។ មន្ត្រីរដ្ឋាភិបាលអះអាងថា ករណីនេះនឹងដោះស្រាយតាមនីតិវិធីតុលាការ។
អគ្គលេខាធិការរងគណៈកម្មការដោះស្រាយកូដកម្មបាតុកម្មនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក វង្ស សុវណ្ណ ឲ្យដឹងនៅរសៀលថ្ងៃទី៦ កក្កដា ថា បញ្ហាកម្មករនៅរោងចក្រ ជុង ហ្វៃ នីតវៀរ លោកកំពុងរង់ចាំឯកសារជាក់លាក់ពីកម្មករ ដែលពួកគាត់ចង់ដោះស្រាយតាមផ្លូវតុលាការ៖ «អ៊ីចឹងកាលណាអនុវត្តតាមនីតិវិធីច្បាប់ គឺយើងឲ្យគាត់ដាក់សំណើជាលាយលក្ខណ៍អក្សរអីបន្តិចមក ហើយផ្ដិតមេដៃពីបងប្អូនកម្មករនិយោជិតមក។ អ៊ីចឹងជានីតិវិធី យើងនឹងទទួលបានសំណើសំណូមពរហ្នឹង។ យើងនឹងពិនិត្យអនុវត្តបន្ត ហើយយើងរង់ចាំថ្ងៃទី១០ ទៀតដែរ។ រង់ចាំមើលថា តើថៅកែគាត់ចេញមកទទួលការខុសត្រូវបែបណាទៅលើបញ្ហាប្រាក់ឈ្នួលហ្នឹង ព្រោះបងប្អូនយើងម្សិលមិញហ្នឹង គាត់ថាសុំអនុវត្តតាមនីតិវិធីច្បាប់។ អ៊ីចឹងវាអាចទៅតាមប្រព័ន្ធតុលាការជាដើម ឬមួយទៅតាមក្រុមប្រឹក្សាអាជ្ញាកណ្ដាល ឬទៅតាមតុលាការនីតិវិធីហ្នឹង » ។
ការថ្លែងបញ្ជាក់នេះ គឺបន្ទាប់ពីលោក និងអាជ្ញាធរខណ្ឌមានជ័យ បានជួបពិភាក្សាគ្នាមួយជាមួយភាគីពាក់ព័ន្ធនឹងរោងចក្រនេះ រួមទាំងតំណាងកម្មករ និងសហជីព កាលពីរសៀលថ្ងៃអង្គារ ទី៥ កក្កដា ដើម្បីរកដំណោះស្រាយ។ ការរង់ចាំពេលរហូតដល់ថ្ងៃទី១០ កក្កដា គឺជាថ្ងៃដែលរោងចក្រត្រូវបើកប្រាក់ឈ្នួលដល់កម្មករ។
តំណាងសហជីពសេរីកម្មករ ដែលចូលរួមដោះស្រាយបញ្ហាកម្មករនៅរោងចក្រ ជុង ហ្វៃ នេះ គឺកញ្ញា យ៉ុង លាភ បញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំពិភាក្សានោះ មានត្រឹមតែធ្វើកំណត់ហេតុទេ ហើយការរង់ចាំពេលរហូតដល់ថ្ងៃទី១០ កក្កដា ដើម្បីរកដំណោះស្រាយបន្តនោះ ក៏ព្រោះតែខាងអាជ្ញាធរនៅមិនទាន់ប្រាកដថា ថៅកែពិតជាបិទរោងចក្រមែន ឬយ៉ាងណានៅឡើយទេ៖ « អ្វីដែលកម្មករចង់បានហ្នឹង ទីមួយ គឺបើកប្រាក់ឈ្នួលក្នុងខែមិថុនា ហើយនិងប្រាក់អតីតភាពការងារទៅតាមផ្លូវច្បាប់ ដែលគាត់តែងតែទាមទារ គឺ ៥មាត្រា ដែលច្បាប់បានកំណត់នៅពេលរោងចក្របិទទ្វារ។ ទីពីរ គាត់សុំឲ្យគណៈកម្មការជាអ្នកប្ដឹងទៅតុលាការតែម្ដង ព្រោះអីគណៈកម្មការដោះស្រាយបាតុកម្មកូដកម្មគ្រប់មុខសញ្ញាហ្នឹង គឺមានមេធាវីរដ្ឋាភិបាល ក្នុងហ្នឹងរហូតដល់ ៩ស្ថាប័នឯណោះ មានទាំងស្ថាប័នក្រសួងយុត្តិធម៌ ដែរ។ អ៊ីចឹងកម្មករគាត់ចង់ឲ្យគណៈកម្មការហ្នឹងចាត់ការ ហើយគាត់ស្នើរដ្ឋាភិបាលធ្វើបុរេសម្បទាន ដូចជា តាក់ហ្វាត (Tak Fat) យ៉ុងវ៉ា (Yungwa) ស៊ុភើតិច (Supertex) ហើយបងប្អូនកម្មករគាត់ដល់ថ្ងៃទី១០ ហ្នឹង បើអត់បើកលុយទេ គាត់ហែទៅក្រសួងហើយ » ។
ទោះជាយ៉ាងណាក្ដី កញ្ញាថ្លែងថា រោងចក្រ ជុង ហ្វៃ នេះ មិនមានដំណើរការផលិតសម្លៀកបំពាក់ទេនៅពេលនេះ ហើយខាងអធិការកិច្ចក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ធ្លាប់ទៅពិនិត្យម្ដងហើយកាលពីចុងខែមិថុនា។ ខាងតំណាងសហជីពឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩៨ រោងចក្រ ជុង ហ្វៃ នីតវៀរ ធ្លាប់មានកម្មកររាប់ពាន់នាក់ ហើយធ្លាក់មកនៅចំនួន ១៨០នាក់។
ក្រុមកម្មករជាង ១០០នាក់ ក្នុងចំណោម ១៨០នាក់ បានចេញលើកបដាទាមទារឲ្យភាគីរោងចក្រ ចេញទូទាត់ប្រាក់ឈ្នួល និងអតីតភាពការងារដល់ពួកគាត់ នៅពេលពួកគាត់ទទួលព័ត៌មានថា រោងចក្របិទទ្វារ។
លេខាសហជីពសេរីកម្មករប្រចាំរោងចក្រ ជុង ហ្វៃ នីតវៀរ អេហ្វ.ធី.វ៉ាយ កញ្ញា ជួន គីរី ថ្លែងថា នៅពេលនេះ កញ្ញាកំពុងស្រង់ស្ថិតិកម្មករ ធ្វើលិខិតផ្ដិតមេដៃតាមការតម្រូវរបស់គណៈកម្មការដោះស្រាយកូដកម្មបាតុកម្មនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីធ្វើពាក្យបណ្ដឹងទៅតុលាការ។ កញ្ញាបញ្ជាក់ថា ការធ្វើលិខិតនេះ នឹងអាចរួចរាល់នៅរយៈពេលពីរ ឬបីថ្ងៃខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
