កម្មករជិត ៥០នាក់តំណាងឲ្យកម្មករ ២០៨នាក់នៅរោងចក្រ ជុងហ្វៃ (Chung Fai) ដែលថៅកែចិន បិទទ្វាររោងចក្រ ហើយមិនបើកប្រាក់បៀវត្សឲ្យជាង ៨ខែមកនេះ នាំគ្នាប្រមូលផ្ដុំនៅខាងមុខតុលាការក្រុងភ្នំពេញសាជាថ្មី។
ការប្រមូលផ្ដុំគ្នានៅថ្ងៃទី៦ កុម្ភៈ ក្រុមកម្មករស្នើសុំប្រធានតុលាការ ចេញសាលក្រមបង្គាប់ឲ្យថៅកែក្រុមហ៊ុនកាត់ដេរ ជុងហ្វៃ នៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ ផ្ដល់សំណងដើម្បីទូទាត់ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍តាមច្បាប់ស្ដីពីការងារឲ្យកម្មករ គិតជាទឹកប្រាក់ជាង ៥១ម៉ឺនដុល្លារអាមេរិក (៥១៣.៦២៨,៦២ដុល្លារ)។
តំណាងកម្មករ លោកស្រី ទ្រេស សំរ៉ស់ រំពឹងថា តុលាការនឹងមានចំណាត់ការរឿងនេះ និងស្នើសុំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍លើរឿងនេះ ដើម្បីក្រុមហ៊ុនផ្ដល់ប្រាក់សំណងឲ្យកម្មករឲ្យបានឆាប់ៗ ព្រោះពួកគាត់កំពុងប្រឈមនឹងការខ្វះខាត៖ « ខ្ញុំសំណូមពរឲ្យសម្ដេចជួយខ្ញុំ ជួយបានលឿនបន្តិច ព្រោះអីពួកខ្ញុំ រង់ចាំ យូរណាស់ រង់ចាំ ដូចថានិយាយមិនចេញ នោះទេ រង់ចាំរាល់ថ្ងៃ ព្រោះថា រយៈពេល ៥ - ៧ខែមកហើយ ។ តាំងពី ថ្ងៃហ្នឹងដល់ ថ្ងៃនេះ អ្នកខ្លះ អត់មានបាយហូបផង អ្នកខ្លះ ដើរខ្ចីអង្ករគេទៀត គួ រ ឲ្យគិតប៉ុណ្ណឹងបានហើយ ព្រោះពួកខ្ញុំរង់ចាំយូរណាស់ ។ អ៊ីចឹងសូមរដ្ឋាភិបាលជួយពួកខ្ញុំផង។ ខ្ញុំគ្មានអីទេ មានតែ ម្រាមដៃ ដប់ សុំសំពះគាត់ សូមឲ្យគាត់ជួយខ្ញុំឲ្យ បានឆាប់ បន្តិច។ មានតែគាត់ដែលធំជាងគេនៅក្នុងស្រុកខ្មែរនេះ »។
ក្រៅពីនេះ ក្រុមកម្មករលើកឡើងថា ពួកគេគ្មានលទ្ធភាពបង់ប្រាក់ប្រដាប់ក្ដីលើបណ្ដឹងអង្គសេចក្ដីទេ ដោយសារមិនទាន់ទទួលបានប្រាក់ឈ្នួលពីថៅកែក្នុងរយៈពេល ៨ខែមកនេះ ក្រោយពីក្រុមហ៊ុនបិទទ្វារចាប់ពីខែកក្កដា ឆ្នាំ២០១៦។
ក្រុមកម្មករប្រកាន់ជំហរថា នឹងនៅតែធ្វើការតវ៉ានៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ និងបន្តហែញត្តិទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសិនបើគ្មានដំណោះស្រាយពីថៅកែរោងចក្រដោះស្រាយប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ឲ្យកម្មករជិត ២០០នាក់ទេនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
