សាលាក្រុង​ពិចារណា​ចេញ​ច្បាប់​បិទ​ហាង​កម្សាន្ត​ត្រឹម​ម៉ោង​១២​យប់

អាជ្ញាធរ​ក្រុង​ភ្នំពេញ ពិចារណា​ចេញ​ច្បាប់​កំណត់​បិទ​ហាង ក្លឹប​កម្សាន្ត​នានា នៅ​ត្រឹម​ម៉ោង​១២​យប់ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

អ្នកនាំពាក្យ​សាលារាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ អះអាង​នៅ​ថ្ងៃ​ទី​២០ កក្កដា ថា ការ​ពិចារណា​កំណត់​នេះ គឺអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ​បាន​លើក​ឡើង​ជា​វិធានការ​ដើម្បី​ទប់​ស្កាត់ ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​រៀងរាល់​ថ្ងៃ ជាបញ្ហាប្រឈមខ្លាំងដែលមិនមានការថយចុះនៅឡើយ៖ «យើង​បាន​ដឹង​ហើយ​គ្រោះថ្នាក់​ចរាចរណ៍ បាន​ក្លាយ​ជា​ឃាតក​សម្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ជា​រៀងរាល់​ថ្ងៃ ១​ថ្ងៃ​ជាទូទៅ​កម្ពុជា​យើង មាន​៦​ទៅ​៧​នាក់​ហើយ។ យើង​កំពុង​ព្យាយាម​កាត់​បន្ថយ​បញ្ហា​នេះ ហើយ​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ​គ្រោះថ្នាក់​ចរាចរ ដែល​បណ្ដាល​ឲ្យ​ស្លាប់​និង​របួស សុទ្ធ​តែ​៨០​ភាគរយ​ដោយ​សារ​តែ​ស្រវឹង»។

ប៉ុន្តែ​លោក ឡុង ឌីម៉ង់ អះអាង​បន្ត​ថា ការ​កំណត់​នេះ​នៅ​មិន​ទាន់​កំណត់​ច្បាស់​នៅ​ឡើយ​ទេ ព្រោះ​សាលាក្រុង​កំពុង​ពិចារណា និង​ធ្វើ​យ៉ាងណា​ឲ្យ​ច្បាប់នេះ​មាន​តុល្យភាព​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។