មេ​បញ្ជា​ការ​យោធា​នៅ​ប្រាសាទ​តាក្របី​រង​ការ​ចោទ​ថា​ប្រើ​ហិង្សា​លើ​ពល​ទាហាន

ពល​ទាហាន​ខ្លះ​ដែល​កំពុង​ប្រចាំ​ការពារ​ព្រំដែន​ខ្មែរ ក្នុង​ខេត្ត​ឧត្តរមានជ័យ បាន​ចោទ​សួរ​ថា តើ​ក្នុង​ច្បាប់​យោធា បាន​ផ្ដល់​អំណាច​ឱ្យ​មេ​បញ្ជា​ការ​អង្គភាព​មួយ​អាច​ចាប់​កូន​ទាហាន​របស់​ខ្លួន មក​ចង​វាយ​ធ្វើ​ទារុណកម្ម រហូត​ដល់​រង​របួស​ធ្ងន់ធ្ងរ​ដែរ​ឬ​ទេ?

0:00 / 0:00

ការ​ចោទ​សួរ​បែប​នេះ បន្ទាប់​ពី​មេ​បញ្ជា​ការ​យោធា​នៃ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៤០៦ ប្រចាំ​នៅ​ប្រាសាទ​តាក្របី បាន​ព្រួត​គ្នា​ចាប់​កូន​ទាហាន​ម្នាក់​ដាក់​ខ្នោះ និង​ចង​វាយ​រហូត​ដល់​បាក់​ឆ្អឹង​ដង​កាំបិត​ម្ខាង និង​រង​របួស​ធ្ងន់ធ្ងរ។

តើ​ក្រុម​អ្នក​ច្បាប់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ចាត់​ទុក​ករណី​នោះ​បែប​ណា?

ស្ត្រី​ជា​ភរិយា​របស់​យុទ្ធជន​ម្នាក់ ដែល​ជា​កង​ការពារ​ព្រំដែន​ខ្មែរ​ក្នុង​ខេត្ត​ឧត្តរមានជ័យ កំពុង​ស្វះ​ស្វែង​រក​ជំនួយ​ផ្លូវ​ច្បាប់ ដើម្បី​ធ្វើ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​តុលាការ ឱ្យ​ចោទ​ប្រកាន់​លើ​មេ​បញ្ជា​ការ​យោធា​ម្នាក់ ដែល​បាន​ប្រើ​ហិង្សា​ព្រួត​គ្នា​វាយ​សំពង​លើ​ប្ដី​របស់​គាត់ រហូត​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ។

ការ​ប្ដឹង​នេះ បន្ទាប់​ពី​ប្ដី​របស់​គាត់​បាន​រង​របួស​បាក់​ឆ្អឹង​ដង​កាំបិត​ម្ខាង ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​រយៈពេល​ជិត ២​ខែ​មក​ហើយ។

ពល​បាល​ឯក ឆែ ស៊ីណាត គឺ​ជា​ទាហាន​ដែល​រង​របួស កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មួយ​នា​ខេត្ត​សៀមរាប។ គាត់​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២១ ខែ​តុលា ថា រូប​គាត់ គឺ​ជា​ទាហាន​ក្នុង​អង្គភាព​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៤០៦ ដែល​ប្រចាំ​ការ​នៅ​ប្រាសាទ​តាក្របី ជាង ២​ឆ្នាំ​មក​ហើយ។ កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា កន្លង​ទៅ មេ​បញ្ជា​ការ​របស់​គាត់ បាន​ដាក់​វេន​ឱ្យ​គាត់​ឈរ​យាម​នៅ​ប្រាសាទ​តាក្របី។ ជា​ចៃដន្យ​អាក្រក់ នៅ​ចំ​វេន​ដែល​គាត់​ប្រចាំ​ការ​នោះ គឺ​បាន​បាត់​ហិប​លុយ​បច្ច័យ​ដែល​គេ​ដាក់​សម្រាប់​ឱ្យ​អ្នក​ទេសចរ​បរិច្ចាគ។ ពេល​នោះ មេ​បញ្ជា​ការ​បាន​ចោទ​ប្រកាន់​ថា គាត់​ជា​អ្នក​លួច ក៏ប៉ុន្តែ គាត់​បាន​ប្រកែក រហូត​ដល់​មេ​បញ្ជា​ការ​ខឹង បាន​នាំ​គ្នា​មក​ចាប់​គាត់​វាយ​ធ្វើ​ទារុណកម្ម។

ពល​បាល​ឯក ឆែ ស៊ីណាត៖ «គាត់​ហ្នឹង​ជា​អនុសេនីយ៍ទោ កុល វន ហៅ ច្រេះ គាត់​មក​ឱ្យ​ខ្ញុំ​ស្បថ ខ្ញុំ​ក៏​បាន​ស្បថ​រួច​ហើយ​អី​ហើយ ខ្ញុំ​ក៏​ប្រាប់​ទៅ​វិញ​ថា ឥឡូវ​ខ្ញុំ​ស្បថ​រួច​ហើយ​បង តើ​បង​ចង់​ឱ្យ​ខ្ញុំ​ធ្វើ​យ៉ាង​ម៉េច​ទៀត ស្រាប់​តែ​គាត់​ហេ​មក​ចាប់​ក​អាវ​ខ្ញុំ ហើយ​វាយ​ខ្ញុំ​ហើយ គាត់​ជេរ​ម្ដាយ​ខ្ញុំ​ទៀត ហើយ​ខ្ញុំ​ក៏​រុញ​គាត់ ដើម្បី​ខ្ញុំ​គេច​ខ្លួន។ ដល់​ពេល​អ៊ីចឹង គាត់​ក៏​ចោទ​ថា ខ្ញុំ​ហ្នឹង​វាយ​គាត់។ គាត់​ក៏​នាំ​គ្នា ៤-៥​នាក់ ចាប់​ខ្ញុំ​វាយ ហើយ​យក​ញញួរ​មក​សំពង​ខ្ញុំ​ពី​លើ បណ្ដាល​ឱ្យ​បាក់​ឆ្អឹង ហើយ​គាត់​ក៏​ចាប់​ខ្ញុំ​ដាក់​ខ្នោះ ហើយ​យក​ជង្គង់​គាត់​អុក​ដើម​ទ្រូង​របស់​ខ្ញុំ​ប្រហែល​ជា ៣០-៤០​ជង្គង់។ ដាក់​ខ្នោះ​ខ្ញុំ​ហ្នឹង មិន​មែន​ដាក់​នៅ​ក្នុង​ម្លប់​ទេ គឺ​ដាក់​ហាល​ថ្ងៃ ដោយ​គ្មាន​ស្លៀក​ពាក់​ខោអាវ​នៅ​តែ​ខោ​ទ្រនាប់»

ពល​ទាហាន​ដដែល​អះអាង​ថា មេ​បញ្ជា​ការ​បាន​វាយ​ដុំ​លើ​រូប​កាយ​របស់​គាត់ និង​ដាក់​ខ្នោះ​ហាល​ថ្ងៃ រហូត​ដល់​ទៅ ៧​ម៉ោង ហើយ​គាត់​បាន​រួច​ខ្លួន​វិញ បន្ទាប់​ពី​ប្រពន្ធ​ទៅ​អង្វរ​គេ ព្រម​ទាំង​ធ្វើ​កិច្ច​សន្យា​ផ្តិត​មេដៃ ថា​មិន​ប្ដឹង​ផ្ដល់​ផង។

ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​បញ្ជា​ការ​យោធា​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៤០៦ គឺ​លោក​អនុសេនីយ៍ទោ កុល វន ហៅ ច្រេះ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ ដោយសារ​តែ​លោក​ឆ្លើយ​ថា ទូរស័ព្ទ​ស្ដាប់​ការ​សន្ទនា​គ្នា​មិន​ច្បាស់។

ចំណែក​មេ​បញ្ជា​ការ​យោធា​នៃ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​ឧត្តរមានជ័យ លោក​ឧត្តមសេនីយ៍ ម៉ុក សុវណ្ណ ក៏​មិន​បាន​ទទួល​ទូរស័ព្ទ​ដែរ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​រៀប​ចំ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​តុលាការ ដើម្បី​សុំ​ឱ្យ​ចោទ​ប្រកាន់​មេ​បញ្ជា​ការ​វរ​ការពារ​ព្រំដែន​រូប​នោះ ពីព្រោះ​តែ​បាន​ធ្វើ​ទារុណកម្ម​លើ​មនុស្ស ប្រឆាំង​នឹង​ច្បាប់៖ «ក្នុង​កងទ័ព គឺ​មាន​ដាក់​វិន័យ ប្រសិន​ជា​បុគ្គល​ទាហាន​ម្នាក់ៗ​គាត់​ប្រព្រឹត្ត​ខុស​នឹង​អង្គភាព ធ្វើ​ឱ្យ​បាត់​កាំភ្លើង បាត់​គ្រាប់ លួច​សម្ភារៈ​របស់​សឹក អា​ហ្នឹង​គេ​ដាក់​ពិន័យ​គាត់​ហើយ។ ប៉ុន្តែ អា​នេះ​គាត់​អត់​បាន​ប្រព្រឹត្ត​បទ​ល្មើស​យោធា​ហ្នឹង​ទេ ពីព្រោះ​រឿង​នេះ​កើត​ចេញ​ពី​ការ​បាត់​លុយ​ពុទ្ធបូជា​នៅ​ក្នុង​ប្រាសាទ​តាក្របី។ ប៉ុន្តែ ខ្លួន​ប្រើ​អំណាច​វាយ​រហូត​បាក់​ឆ្អឹង​ដង​កាំបិត ហើយ​ដាក់​ខ្នោះ​ដាក់​អ៊ីចឹង គឺ​ជា​រឿង​មួយ​ដែល​ធ្វើ​ទារុណកម្ម»

ស្ត្រី​ឈ្មោះ ដួង ថាវ ជា​ភរិយា​របស់​ទាហាន​រង​របួស​ដោយសារ​មេ​បញ្ជា​ការ​វាយ​នោះ បាន​ឱ្យ​ដឹង​ថា អ្នកស្រី​បាន​ដាក់​ពាក្យ​ប្ដឹង ដោយ​ទាមទារ​លុយ​សង​ជំងឺ​ចិត្ត និង​ថ្លៃ​ព្យាបាល​ពី​មេ​បញ្ជា​ការ​នោះ​ចំនួន ៨​ពាន់​ដុល្លារ​អាមេរិក ក៏ប៉ុន្តែ មិន​មែន​អ្នកស្រី​ចង់​បាន​លុយ​ទេ គោល​បំណង គឺ​ចង់​ឱ្យ​តុលាការ និង​មេ​បញ្ជា​ការ​យោធា​ជាន់​ខ្ពស់​ជួយ​រក​យុត្តិធម៌ និង​ផ្ដន្ទាទោស​ទៅ​លើ​មេ​បញ្ជា​វរ ដែល​ប្រើ​អំពើ​ហិង្សា និង​ទារុណកម្ម​នោះ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​ពល​ទាហាន​មួយ​ចំនួន​ទៀត ដែល​កំពុង​ការពារ​ព្រំដែន​ខ្មែរ​ជាប់​នឹង​ប្រទេស​ថៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។