ប្រធាន​គណៈកម្មការ​វត្ត​ឧទុម្ពរ​ខេត្ត​កំពង់ឆ្នាំង​ច្រាន​ចោល​ការ​ចោទ​ថា​ទាមទារ​កាន់​កាប់​បច្ច័យ

0:00 / 0:00

ប្រធាន​គណៈកម្មការ​វត្ត​ឧទុម្ពរ ខេត្ត​កំពង់ឆ្នាំង បដិសេធ​ថា មិន​បាន​គំរាម​ព្រះ​ចៅ​អធិការ​កាន់​កាប់​បច្ច័យ​របស់​វត្ត​ទេ។ ការ​បដិសេធ​នេះ គឺ​បន្ទាប់​ពី​ព្រះ​អនុគណ​ស្រុក​រលាប្អៀរ ប្រតិកម្ម​នឹង​ប្រធាន​គណៈកម្មការ​វត្ត លោក ឡឹង ចិន្ដា ដែល​ទាមទារ​កាន់​កាប់​បច្ច័យ​ពី​ព្រះ​ចៅ​អធិការ​វត្ត​ឧទុម្ពរ។

ប្រធាន និង​សមាជិក​គណៈកម្មការ​វត្ត​ឧទុម្ពរ បាន​បញ្ជាក់​ពី​ការ​គ្រប់គ្រង​ថវិកា​កសាង​របង​វត្ត​ចំនួន ៥៦​ប្រឡោះ ស្មើ​នឹង​ទឹក​ប្រាក់ ៥៦​លាន​រៀល ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​អនុគណ​ស្រុក​រលាប្អៀរ ដែល​ចោទ​ថា បើ​ចៅ​អធិការ​វត្ត​ឧទុម្ពរ មិន​ឲ្យ លោក ឡឹង ចិន្ដា ជា​ប្រធាន​គណៈកម្មការ​វត្ត​គ្រប់គ្រង​បច្ច័យ​ក្នុង​វត្ត គេ​នឹង​មិន​ឲ្យ​ពុទ្ធ​បរិស័ទ​ហែ​អង្គ​កឋិនទាន​ចូល​ក្នុង​វត្ត ដើម្បី​ទទួល​បាន​បច្ច័យ​ឡើយ។

ប្រធាន​គណៈកម្មការ​វត្ត​ឧទុម្ពរ លោក ឡឹង ចិន្ដា ហៅ គីម ថ្លែង​នៅ​ថ្ងៃ​ទី​១ ខែ​សីហា ថា កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៤ លោក​ស្នើ​ឲ្យ​ចៅ​អធិការ​ព្រះនាម អឿ សំណាង បោះ​ត្រា​ប្រគល់​ការងារ និង​ថវិកា​សម្រាប់​កសាង​របង​វត្ត​មែន តែ​មិន​បាន​ប៉ះពាល់​ដល់​បច្ច័យ​ផ្សេងៗ​ទៀត​របស់​វត្ត​ឡើយ។ លោក​ថា គណៈកម្មការ​វត្ត​មាន​តែ​ខំ​កៀរគរ​រក​ម្ចាស់​កម្មវិធី​បុណ្យ​ផ្សេងៗ ដើម្បី​ទទួល​បាន​បច្ច័យ​កសាង​វត្ត តែ​បែរ​ជា​ព្រះ​ចៅ​អធិការ​វត្ត​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ជាច្រើន ហើយ​មក​ចោទ​រូប​លោក​ថា​រារាំង​មិន​ឲ្យ​ពុទ្ធ​បរិស័ទ​ដង្ហែ​អង្គ​កឋិនទាន ឬ​ចូល​ធ្វើ​បុណ្យ​នៅ​ក្នុង​វត្ត​ទៅ​វិញ៖ «កាល​ណោះ​លោក (ចៅ​អធិការ​ព្រះនាម អឿ សំណាង) និមន្ត​មក​ខាង​ធម្មការ​ប្រកាស​ថា លោក​គ្រប់គ្រង​ទាំង​លុយ​កាក់​ស្អីៗ ហើយ​គណៈកម្មការ​គ្រាន់​តែ​ដឹង​ឮ។ ដល់​ធ្វើ​របង​ហ្នឹង ខ្ញុំ​អ្នក​សុំ​ទាមទារ​ថា បើ​តេជគុណ​មិន​ឲ្យ​ខ្ញុំ​ករុណា​កាន់​លុយ​ហ្នឹង ឲ្យ​ខ្ញុំ​ករុណា​ធ្វើ​របង​ម៉េច​កើត»

អនុគណ​ស្រុក​រលាប្អៀរ ព្រះនាម វង្ស កុសល សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ប្រជា​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត​ឧទុម្ពរ ដែល​តែង​តែ​រក​រឿង​ចោទ​ប្រកាន់​ចៅ​អធិការ ឬ​ព្រះសង្ឃ​គង់​នៅ​ក្នុង​វត្ត​តាំង​ពី​សម័យ​សង្គម​រាស្ដ្រ​និយម​មក។ ព្រះអង្គ​មាន​ថេរ​ដីកា​ថា រឿង​ផ្ដិត​មេដៃ​សុំ​ដក​ព្រះ​ចៅ​អធិការ​វត្ត​ឧទុម្ពរ អាច​មាន​អ្នក​ញុះញង់​នៅ​ពី​ក្រោយ​ពុទ្ធ​បរិស័ទ ខណៈ​ដែល​ព្រះអង្គ​ទទួល​បាន​ព័ត៌មាន​ថា គណៈកម្មការ​វត្ត​មាន​ការ​ថ្នាំងថ្នាក់​ជាមួយ​ព្រះ​ចៅ​អធិការ៖ «អាការៈ​ថ្នាំងថ្នាក់​ពេញ​ចិត្ដ​មិន​ពេញ​ចិត្ដ​មាន​មេ​ញុះញង់​ទេ អា​រឿង​ហ្នឹង​នោះ​ទាន! អាត្មា​មាន​លេច​ឮ​រហូត​អ៊ីចេះ​ទៀត​ណោះ មាន​ប្រធាន​គណៈកម្មការ​គំរាម​លោក​រហូត​ដល់​ថា បើ​លោក​មិន​ឲ្យ​កាន់​លុយ​ទេ គាត់​នឹង​ទៅ​ប្រាប់​ប្អូន​គាត់​ហែ​កឋិន​ចូល​ណា​ទៀត​ណោះ មាន​ហែហូរ​អាត្មា​ក្ដាប់​បាន»

ទាក់ទង​រឿង​នេះ​ដែរ ព្រះ​ចៅ​អធិការ​វត្ត​ឧទុម្ពរ ស្រុក​រលាប្អៀរ ត្រូវ​អ្នក​ភូមិ​ឧទុម្ពរ ដែល​ជា​ពុទ្ធ​បរិស័ទ​ចំណុះ​ជើង​វត្ត នាំ​គ្នា​ផ្ដិត​មេដៃ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ ស្រុក និង​មន្ទីរ​ធម្មការ ដើម្បី​សុំ​ដក​តំណែង​ចៅ​អធិការ​ព្រះនាម អឿ សំណាង ចេញ​ពី​វត្ត ប៉ុន្តែ​បណ្ដឹង​នេះ​នៅ​ចម្រូងចម្រាស​នៅ​ឡើយ ដោយ​មន្ត្រី​សង្ឃ​មិន​ទាន់​ចុះ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់ ជុំវិញ​ការ​ចោទ​របស់​ប្រជា​ពុទ្ធ​បរិស័ទ​ទៅ​លើ​ព្រះ​ចៅ​អធិការ​វត្ត​រូប​នោះ។

ចៅ​អធិការ​ព្រះនាម អឿ សំណាង ត្រូវ​ពុទ្ធ​បរិស័ទ​ចោទ​ថា បាន​ដើរ​លេង​យប់ ចាក់​ធុងបាស​ឮៗ​ពេល​យប់ ពោល​ពាក្យ​មិន​សម​ជា​សង្ឃ កិបកេង​បច្ច័យ និង​លេង​ល្បែង។ អ្នក​ភូមិ​ក៏​រិះគន់​ដែរ​ថា ពេល​ខ្លះ​ចៅ​អធិការ​ព្រះនាម អឿ សំណាង មិន​បាន​គោរព​វិន័យ​ធម៌​ក្នុង​នាម​ជា​ព្រះសង្ឃ ដោយ​គង់​កូត​ទ្រ​មើល​ពួក​នេនៗ លាត់​ស្បង់​ចីពរ​លេង​ឈូស​ដាក់​លុយ​ក្នុង​បរិវេណ​វត្ត​អារាម​ក៏​មាន។

អធិករណ៍ ឬ​ជម្លោះ​រវាង​ចៅ​អធិការ​ជាមួយ​គណៈកម្មការ​វត្ត ពុទ្ធ​បរិស័ទ​នៅ​ក្នុង​វត្ត​ឧទុម្ពរ ផ្ទុះ​ឡើង​តាំង​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៥។ នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៥ អ្នក​ភូមិ​ឧទុម្ពរ នៃ​ឃុំ​ស្វាយជ្រុំ ប្រមាណ ៧០​នាក់ បាន​ជួប​មេ​ឃុំ​ឲ្យ​ជួយ​ដោះស្រាយ​រឿង​សុំ​ដក​តំណាង​ចៅ​អធិការ​រូប​នេះ ប៉ុន្តែ​លោក​មេ​ឃុំ​មិន​អាច​ដោះស្រាយ​បាន ហើយ​សន្យា​ថា​នឹង​យក​ទៅ​ជាក់​ជូន​អនុគណ​ស្រុក​ពិនិត្យ និង​ដោះស្រាយ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។