សមាជិកក្រុមប្រឹក្សាឃុំទ្រាក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ស្នើឲ្យមេឃុំសើរើបញ្ហាបាត់ប្រាក់មូលនិធិឃុំ និងប្រាក់ជំនួយសម្រាប់អភិវឌ្ឍន៍ក្នុងឃុំ តាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ។ សមាជិកក្រុមប្រឹក្សាឃុំរូបនោះបញ្ជាក់ថា មេឃុំ និងបក្ខពួកនាំគ្នាយកប្រាក់នោះទៅចាយវាយដោយមិនបានអភិវឌ្ឍន៍អ្វីឡើយ ប៉ុន្តែមេឃុំបដិសេធថា មិនបានជាប់ពាក់ព័ន្ធក្នុងរឿងនេះទេ។
សមាជិកក្រុមប្រឹក្សាឃុំទ្រាក មកពីគណបក្សប្រឆាំង បញ្ជាក់ថា ប្រសិនបើមេឃុំនៅតែមិនព្រមដោះស្រាយបញ្ហាប្រាក់ជំនួយនោះទេ ខាងលោកនឹងដាក់ពាក្យប្ដឹងទៅអង្គភាពពាក់ព័ន្ធ។ ការព្រមាននេះ បន្ទាប់ពីថវិកាអាករឃុំ ឬមូលនិធិឃុំ និងប្រាក់អង្គការប្រមាណជិត ១០លានរៀល ដែលគេបានឧបត្ថម្ភសម្រាប់ប្រើជាប្រយោជន៍នៅក្នុងឃុំកាលពីអាណត្តិមុន ត្រូវបានមេឃុំ និងបក្ខពួកយកទៅចាយវាយដោយមិនមានតម្លាភាព។
សមាជិកក្រុមប្រឹក្សាឃុំទ្រាក លោក ស៊ូ យ៉េន មានប្រសាសន៍ថា ថវិកានោះគឺសម្រាប់ប្រើប្រាស់អភិវឌ្ឍន៍គម្រោងផ្សេងៗ នៅក្នុងឃុំ ប៉ុន្តែរហូតមកដល់ពេលនេះ ប្រាក់ប្រមាណជិត ១០លានរៀលក៏អស់ រីឯការអភិវឌ្ឍនៅក្នុងឃុំក៏គ្មាន។
លោកអះអាងថា នៅពេលប្រជុំឃុំម្តងៗ ខាងលោកបានលើកពីបញ្ហានេះ ដោយស្នើឱ្យមេឃុំសងប្រាក់ទាំងនោះចូលឃុំវិញ ប៉ុន្តែមេឃុំ និងបក្ខពួក មិនព្រមសងប្រាក់ទាំងនោះទេ៖ «ចាយវាយលុយដោយខុសផ្លូវការ ខុសពីសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅឃុំទ្រាក យ៉ាងធ្ងន់ធ្ងរ។ ប៉ះពាល់ទាំងលុយអាករឃុំ ទាំងលុយអឹម.អរ.អឹម»។
សមាជិកក្រុមប្រឹក្សាឃុំដដែលឱ្យដឹងទៀតថា ប្រសិនបើបញ្ហាប្រាក់ទាំងនោះ មេឃុំនៅតែមិនអាចដោះស្រាយបាន ខាងលោក រួមនឹងប្រជាពលរដ្ឋនឹងដាក់ពាក្យប្ដឹងទៅមន្ត្រីពាក់ព័ន្ធបន្ថែមទៀត។ ក្រៅពីបញ្ហាពុករលួយនៅក្នុងសាលាឃុំហើយ លោកថែមទាំងចោទថា មេឃុំមិនបានអនុវត្តតាមច្បាប់គ្រប់គ្រងឃុំសង្កាត់ឡើយ ពិសេសនៅពេលប្រជុំម្តងៗ គឺរាល់បញ្ហាដែលលើកឡើងដោយសមាជិកឃុំមកពីគណបក្សប្រឆាំង គឺខាងមេឃុំមិនបានយកចិត្តទុកដាក់ទេ។
ឆ្លើយតបការចោទប្រកាន់នេះ មេឃុំទ្រាក លោក អ៊ូច យ៉ាន មានប្រសាសន៍យ៉ាងខ្លី ដោយទទួលស្គាល់ថា លុយទាំងនោះពិតជាបាត់មែន ប៉ុន្តែលោកបដិសេធថា លោកមិនបានពាក់ព័ន្ធឡើយ ដោយទម្លាក់កំហុសទៅលើអតីតមន្ត្រីឃុំម្នាក់ទៀត ដែលបានយកប្រាក់ទាំងនោះទៅចាយវាយតែម្នាក់ឯង។ យ៉ាងណា បញ្ហានេះលោកបានដាក់ពាក្យប្តឹងទៅអាជ្ញាធរស្រុកដើម្បីចាត់វិធានហើយដែរ៖ «ខ្ញុំមិនចាយទេ ប៉ុន្តែនិយាយឱ្យចំ ខ្ញុំមិនមែនជាមនុស្សដែលស្អាតស្អំទេ ប៉ុន្តែខ្ញុំមិនបានទៅប៉ះពាល់ប្រាក់ឃុំ ឬប្រាក់រួមទេ»។
ការទម្លាក់កំហុសរបស់មេឃុំទៅអតីតមន្ត្រីឃុំពេលនេះ ស្របពេលអតីតមន្ត្រីឃុំទ្រាក រូបនោះ ធ្លាក់ខ្លួនឈឺនិយាយលែងកើតទៅហើយ។
ទោះបីយ៉ាងណាក៏ដោយ លោក ស៊ូ យ៉េន លើកឡើងថា ចម្លើយរបស់មេឃុំ គឺដើម្បីបិទបាំងការពិតតែប៉ុណ្ណោះ ពីព្រោះលោក អ៊ូច យ៉ាន គឺជាមេឃុំកាលពីអាណត្តិមុន និងជាមេឃុំបច្ចុប្បន្នដែរ ហើយរាល់ការចាយវាយ ឬចំណូលយ៉ាងណា គឺមេឃុំជាអ្នកទទួលខុសត្រូវ ពីព្រោះលុយនោះ គឺបាត់នៅក្នុងពេលលោក អ៊ូច យ៉ាន ជាអ្នកដឹកនាំនៅក្នុងឃុំ។
ទាក់ទងបញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា រាល់ថវិការបស់ឃុំមុនពេលសម្រេចឱ្យចាយវាយ គឺទាល់តែមានការយល់ព្រមពីសមាជិកក្រុមប្រឹក្សាឃុំ និងស្មៀនឃុំផង ។ ចំណែករាល់ការចំណាយ គឺមេឃុំជាអ្នកទទួលខុសត្រូវ ប្រសិនបើការចាយវាយថវិកាទាំងនោះខុសពីអ្វីដែលក្រុមប្រឹក្សាឃុំបានសម្រេច៖ «រីឯការទទួលខុសត្រូវ គឺជាក់ស្ដែងចាយអស់ប៉ុន្មាន រយៈពេលប៉ុន្មាន ធ្វើម៉េចឱ្យមើលឃើញថា មានការទទួលខុសត្រូវរួមគ្នា។ ចំណែកមេឃុំ រាល់ការចាយវាយគាត់មិនអាចឆ្លើយដាក់អ្នកណាបានទេ»។
លោកបន្តថា ករណីនេះ សមាជិកឃុំអាចមានសិទ្ធិប្ដឹងទៅស្ថាប័នពាក់ព័ន្ធ ពិសេសទៅនាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងមហាផ្ទៃ ដើម្បីឱ្យក្រសួងសាមីមួយនេះចាត់វិធានការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
