កម្មករជាង ១០០នាក់នៃក្រុមហ៊ុនផលិតស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ស្ថិតនៅភ្នំល្អាង ស្រុកទឹកឈូ ខេត្តកំពត បានប្រមូលផ្តុំគ្នានៅព្រឹកថ្ងៃទី៧ ខែមីនា ដើម្បីទាមទារឲ្យក្រុមហ៊ុន អនុវត្តលក្ខខណ្ឌការងារជាច្រើនចំណុចដែលពួកគេចង់បាន។ ការប្រមូលផ្តុំនេះ ធ្វើឡើងតាំងពីម៉ោង ៨ព្រឹករហូតដល់ម៉ោង ១រសៀល ទើបកម្មករទាំងអស់រំសាយគ្នា ក្រោយពេលក្រុមហ៊ុនយល់ព្រមទទួលយកលក្ខខណ្ឌមួយចំនួន។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សុខ គីន បានបញ្ជាក់ក្រោយកិច្ចចរចាជាមួយតំណាងក្រុមហ៊ុនស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ថា ក្រុមហ៊ុនយល់ព្រមទទួលយកលក្ខខណ្ឌ ៤ចំណុចក្នុងចំណោម ៦ចំណុចដែលកម្មករទាមទារ។
ការចរចាដែលឈានដល់ការយល់ព្រមនេះ ធ្វើឡើងដោយមានការចូលរួមពីតំណាងមន្ទីរការងារខេត្តកំពត មន្ត្រីនៃស្នងការដ្ឋាននគរបាលខេត្តកំពត អភិបាលស្រុកទឹកឈូ តំណាងសហជីព និងតំណាងក្រុមហ៊ុនស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង៖ « ជំហររបស់កម្មករ ទោះបីជាគាត់មិនសប្បាយចិត្ត ១០០ភាគរយ ប៉ុន្តែគាត់អាចទទួលយកបាននូវលទ្ធផលដែលយើងចរចា ពីព្រោះរឿងពីរផ្សេងទៀតនោះ ជារឿងបន្ទាប់បន្សំ »។
លក្ខខណ្ឌ ៤ចំណុចដែលក្រុមហ៊ុនយល់ព្រមដោះស្រាយនោះ គឺទទួលយកអនុប្រធានសហជីពដែលត្រូវបានបញ្ឈប់ពីការងារ ឲ្យចូលធ្វើការវិញ សងប្រាក់ខែកម្មករសម្រាប់ខែមករា និងខែកុម្ភៈ ដែលក្រុមហ៊ុនបានកាត់នោះមកវិញ អនុវត្តច្បាប់ឈប់សម្រាកប្រចាំឆ្នាំឲ្យបានត្រឹមត្រូវ និងផ្តល់ថ្ងៃឈប់សម្រាកបុណ្យដោយមានប្រាក់ឈ្នួលឲ្យបានត្រឹមត្រូវ។ ចំណែកលក្ខខណ្ឌ ២ចំណុចដែលក្រុមហ៊ុនមិនទទួលយកនោះ គឺការអនុវត្តការផ្តល់ថ្លៃអាហារដូចៗគ្នាសម្រាប់បុគ្គលិកទាំងអស់ និងការដកអ្នកគ្រប់គ្រងការដ្ឋាន ដែលកន្លងមករងការចោទថា បានជេរប្រមាថកម្មករនិយោជិត។
ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា លោក សុខ គីន អះអាងថា មុននឹងឈានដល់ការព្រមព្រៀងគ្នានេះ ក្រុមហ៊ុនហាក់មិនមានចេតនាចង់ចរចាឡើយ ដោយអូសបន្លាយតាំងពីព្រឹករហូតដល់ម៉ោងជាង ១១ថ្ងៃត្រង់ ទើបក្រុមហ៊ុនអញ្ជើញខាងសហជីព និងភាគីពាក់ព័ន្ធ ប្រជុំរកដំណោះស្រាយ។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ដែលបានតាមដានរឿងនេះ ថ្លែងថា លោកសាទរចំពោះដំណោះស្រាយដែលក្រុមហ៊ុនផ្តល់ឲ្យតាមការទាមទាររបស់កម្មករ។ លោក មឿន តុលា បន្ថែមថា នៅក្នុងកាលៈទេសៈណាក៏ដោយ សាមគ្គីភាពក្នុងចំណោមកម្មករ ជារឿងមួយចាំបាច់បំផុតនៅពេលដែលពួកគេរងការរំលោភបំពានសិទ្ធិការងារ៖ « បទពិសោធន៍នៃសាមគ្គីភាព ការជំរុញរបស់ភាគីកម្មករនិយោជិតឲ្យនិយោជកអនុវត្តអ្វីដែលខ្លួនបានព្រមព្រៀងនៅថ្ងៃនេះ។ អ៊ីចឹងខ្ញុំគិតថា ដើម្បីបញ្ចប់រឿងនេះ ភាគីក្រុមហ៊ុនគួរតែអនុវត្តនូវអ្វីដែលខ្លួនព្រមព្រៀងគ្នានៅថ្ងៃទី៧ មីនា នេះ »។
កម្មករជាង ១៣០នាក់នៃក្រុមហ៊ុនផលិតស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ធ្លាប់បានធ្វើកូដកម្មមិនចូលធ្វើការម្តងរួចមកហើយកាលពីថ្ងៃទី២ មីនា ប៉ុន្តែដោយមានការសម្របសម្រួលពីមន្ត្រីនៃមន្ទីរការងារខេត្តកំពត និងការសន្យារបស់ក្រុមហ៊ុន ទើបពួកគេយល់ព្រមចូលធ្វើការវិញ។
តាមរយៈដំណោះស្រាយនៅថ្ងៃទី៧ មីនា កម្មករទាំងអស់ដែលធ្វើកូដកម្ម នឹងវិលចូលធ្វើការវិញនៅថ្ងៃទី៩ មីនា ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
