សមាជិកនៃសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រចាំខេត្តពោធិ៍សាត់ ចោទប្រធានកម្រង និងនាយកសាលាបឋមសិក្សាក្ងាន នៅស្រុកកណ្ដៀង ថាបានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយ កិបកេងប្រាក់របស់សាលា។ អំពើពុករលួយទាំងនោះ ធ្វើឡើងតាមរយៈការបំប៉ោងចំនួនសិស្សក្នុងសាលា ដែលមានពិតប្រាកដ និងការដាក់ឈ្មោះគ្រូបង្រៀនមួយវេន ថាបង្រៀនពីរវេន ជាដើម។
សមាជិករបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក ហង្ស ចក្រី នៅថ្ងៃទី១០ ខែកក្កដា ស្នើឲ្យក្រសួង ឬមន្ទីរអប់រំខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យផ្ទាល់ជុំវិញភាពមិនប្រក្រតីនេះ។ លោកថា មានឯកសារភស្តុតាងគ្រប់គ្រាន់ ទាក់ទងនឹងការប្រព្រឹត្តអំពើពុករលួយរបស់នាយកសាលាឈ្មោះ នូ គឹមញ៉ និងប្រធានកម្រងឈ្មោះ ហួន សារឿន ដែលបានប្រព្រឹត្តកាលពីអំឡុងខែឧសភា ឆ្នាំ២០១៤។
លោក ហង្ស ចក្រី ដែលជាអតីតគ្រូបង្រៀន និងបច្ចុប្បន្នជាជំនួយការផ្ទាល់របស់សាលានេះផងនោះ ថ្លែងថា ក្រោយពីលោកបានពិនិត្យមើលឯកសារ និងខ្ទង់ចំណាយផ្សេងៗរបស់សាលាសម្រាប់ខែឧសភា រកឃើញភាពមិនប្រក្រតីជាច្រើន ដូចជា បញ្ជីតួលេខសិស្សក្នុងសាលាពិតប្រាកដចំនួន ៣៤៦នាក់ ដំឡើងទៅដល់ចំនួន ៤៥០នាក់ និងដាក់ឈ្មោះអ្នកគ្រូ នឹម ឃឿន ដែលបង្រៀនមួយវេន ទៅជាបង្រៀនពីរវេន ជាដើម៖ «ពុករលួយតែមួយក្ដាប់តូចប៉ុន្មានហ្នឹង ហើយគ្រូមួយចំនួនមុនមានការថ្នាំងថ្នាក់ណា ហើយដល់មានអំពើពុករលួយការងារអប់រំក្នុងសាលាហ្នឹង វាអត់មានស្ដាប់នរណាវាទៅជាអនាធិបតេយ្យ។ លុយហ្នឹងមិនដែលប្រជុំប្រាប់ឲ្យដឹងថា សិស្សម្នាក់បានប៉ុន្មានៗទេ គឺលាក់បាំងអត់ឲ្យយើងដឹងព័ត៌មានអីទាំងអស់»។
លោកបញ្ជាក់ថា ការប្រជុំ និងចាយវាយប្រាក់ ភី.ប៊ី (PB) ឬប្រាក់ទ្រទ្រង់របស់សាលាបឋមសិក្សាក្ងាន នាពេលកន្លងមក គឺស្ថិតនៅក្នុងភាពអាថ៌កំបាំងបំផុតដោយគ្រូបង្រៀន និងអ្នកធ្វើការងារក្នុងសាលា ភាគច្រើនមិនដែលបានដឹងនោះទេ។ លោកថា មន្ត្រីការិយាល័យអប់រំស្រុកកណ្ដៀង ក៏ហាក់ត្រូវរ៉ូវគ្នាក្នុងរឿងនេះដែរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានកម្រង លោក ហួន សារឿន និងនាយកសាលា លោក នូ គឹមញ៉ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១០ ខែកក្កដា ដោយទូរស័ព្ទចូលជាច្រើនដង ពុំមានអ្នកទទួល។
ចំណែកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ លោក សួង សុភី ពុំអធិប្បាយករណីនេះឡើយ៖ «សាលាក្ងានចុះមកមើលខ្លួនឯងទៅបានហើយ! ឥឡូវអត់ទេ មកមើលខ្លួនឯងមិនបាច់សួរខ្ញុំទេ យើងអ្នកយកព័ត៌មានមកមើលមកសួរនាំខ្លួនឯងមិនបាច់ជួបខ្ញុំទេ»។
កាលពីដើមខែមិថុនា ឆ្នាំ២០១៤ លោក ហង្ស ចក្រី បានធ្វើលិខិតសុំអន្តរាគមន៍មួយទាក់ទងនឹងករណីនេះទៅប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ក្នុងគោលបំណងឲ្យជួយរៀបចំពាក្យបណ្ដឹងដាក់ជូនក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពប្រឆាំងអំពើពុករលួយ។ ក្រោយមក គឺនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ ខាងការិយាល័យអប់រំស្រុកបានចេញលិខិតអញ្ជើញលោកឲ្យទៅបំភ្លឺករណីនេះ ប៉ុន្តែលោកមិនទាន់បានចូលខ្លួនទៅបំភ្លឺនៅឡើយទេ ដោយលោកសុំច្បាប់ឈប់សម្រាកមួយខែ ដើម្បីព្យាបាលជំងឺបូសថ្លើម។ ព័ត៌មានទាក់ទងនឹងការប្រព្រឹត្តអំពើពុករលួយផ្សេងៗនៅក្នុងសាលារៀនរបស់រដ្ឋ បានកើតមានស្ទើរគ្រប់ខេត្តក្រុង ជាពិសេសការចាយវាយប្រាក់ ភី.ប៊ី ឬប្រាក់ទ្រទ្រង់សាលា ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
