មេបញ្ជាការនៃកងពលតូចលេខ៥២ ប្រចាំយុទ្ធភូមិភាគទី៥ ទិសសំឡូត នៃខេត្តបាត់ដំបង រងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ និងកេងប្រវ័ញ្ចសម្ភារៈប្រើប្រាស់ និងរថយន្តរដ្ឋទុកជារបស់ឯកជន។ ដោយឡែកមេបញ្ជាការដែលពាក់ព័ន្ធនឹងការចោទនេះថា ព្យាយាមគេចចេញក្នុងការផ្ដល់ព័ត៌មានលម្អិត។
លិខិតអនាមិកជាច្រើនសន្លឹក ដែលនិយាយពីការប្រព្រឹត្តអំពើពុករលួយ និងភាពអសកម្មរបស់មេបញ្ជាការនៅក្នុងអង្គភាពយោធា នៃកងពលតូចថ្មើរជើង ដែលមានមូលដ្ឋាននៅស្រុកសំឡូត ចំណុះឲ្យយុទ្ធភូមិភាគទី៥ ត្រូវគេប្រទះឃើញរាយប៉ាយនៅខាងមុខសាកលវិទ្យាល័យបាត់ដំបង ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តជាច្រើនទីតាំងខុសៗគ្នា។
នៅក្នុងលិខិតដែលចុះកាលបរិច្ឆេទថ្ងៃទី១៧ សីហា ទំនងជាត្រូវបានគេបាចចោលជាសាធារណៈ នៅយប់ថ្ងៃទី១៨ សីហា នោះ គឺប្រហែលជាកើតចេញពីការកើតទុក្ខមិនសុខចិត្តណាមួយរបស់យុទ្ធជនកម្មាភិបាល នៃកងពលតូចលេខ៥២ ប្រឆាំងការគ្រប់គ្រងរបស់ លោក ម៉ី សឹង្ហន៍ ដែលជាមេបញ្ជាការនៃអង្គភាពនេះ។
លិខិតដែលដាក់ស្នើសុំកិច្ចអន្តរាគមន៍នេះ ប្រហែលជាមិនអាចទ្រាំរស់ក្រោមដំបូលនៃការគ្រប់គ្រងរបស់ លោក ម៉ី សឹង្ហន៍ បានតទៅទៀត ទើបស្នើឲ្យមេបញ្ជាការយុទ្ធភូមិភាគទី៥ ជួយដោះស្រាយជាបន្ទាន់ និងចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងសកម្មភាពមេបញ្ជាការកងពលតូចលេខ៥២។ លិខិតដដែលបានចោទប្រកាន់ លោក ម៉ី សឹង្ហន៍ ថាបានប្រើរូបមន្តកាត់លុយរបស់យុទ្ធជន ២០ភាគរយ គ្រប់អង្គភាព និងលុយថ្លៃបាយដែល លោក ហ៊ុន សែន ផ្ដល់ឲ្យយុទ្ធជនកម្មាភិបាល ២០ភាគរយផ្សេងទៀត។
បន្ថែមពីលើនេះទៅទៀតនោះ លោក ម៉ី សឹង្ហន៍ ថែមទាំងរងការចោទថា គ្មាននយោបាយដឹកនាំអង្គភាព ពុំមានវប្បធម៌ និងចំណេះដឹងអ្វីដែរ ជាពិសេស យកអង្គភាពលេខ៥២ របស់ជាតិ សម្រាប់បំពេញសេដ្ឋកិច្ច និងធ្វើអាជីវកម្មផ្ទាល់ខ្លួន។ ក្រៅពីនេះ លោក ម៉ី សឹង្ហន៍ មិនដែលយកចិត្តទុកដាក់ ឬមើលការខុសត្រូវដល់យុទ្ធជនជួរមុខដែលជួបការលំបាកម្ដងណាសោះ។
រឿងដែលចំឡែកទៅទៀតនោះ គឺលោក ម៉ី សឹង្ហន៍ ថែមទាំងមិនដឹងទីតាំងជួរមុខ ដែលយុទ្ធជនឈរជើងនៅចំណុចណាទៀតផង ក្រៅពីព្យាយាមពង្វក់យុទ្ធជនមួយចំនួនក្នុងអង្គភាព ឲ្យចេះប្រើគ្រឿងស្រវឹង។ ជាងនេះទៀត មេបញ្ជាការកងពលតូចលេខ៥២ រងការចោទថា បានយកស្រីដាក់ក្នុងបន្ទាយ រួចហើយឲ្យកម្មាភិបាលយុទ្ធជន ឈរគោរពថែមទៀត។
បុគ្គលិកផ្នែកអង្កេតនៃអង្គការលីកាដូ (Licadho) ប្រចាំខេត្តបាត់ដំបង លោក ហេង សាយហុង លើកឡើងថា ស្ថាប័នយោធាគប្បីបើកការស៊ើបអង្កេតជាបន្ទាន់ ចៀសវាងបញ្ហាផ្ទុះឡើងដែលនាំឲ្យប៉ះពាល់ដល់ស្ថាប័នការពារជាតិ៖ «វាជារឿងមួយធ្ងន់ធ្ងរណាស់ គប្បីតែមានការត្រួតពិនិត្យ និងស្រាវជ្រាវឲ្យបានម៉ឺងម៉ាត់បញ្ហាហ្នឹង ហើយប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយប្រសិនណាជាទង្វើបែបហ្នឹងនេះ បណ្ដាលឲ្យអង្គភាព ក៏ដូចជាយុទ្ធជនដែលនៅក្រោមឱវាទ ដែលគេខំអនុវត្តស្អាតស្អំ។ វាអាចនឹងមានជំងឺធ្លាក់ទឹកចិត្ត ហើយបញ្ហាធ្ងន់ធ្ងរណាស់ដល់អង្គភាព»។
បើទោះជាបែបណា លិខិតអនាមិកដែលត្រូវគេបាចជាសាធារណៈ ហើយប្រទះឃើញកាលពីព្រឹកថ្ងៃទី១៩ សីហា ដែលទំនងមើលទៅអាចជាការមិនពេញចិត្តរបស់មន្ត្រីយោធាថ្នាក់ក្រោម នៅក្នុងបន្ទាយ ហើយមានខ្លឹមសារជាង ១ទំព័រកន្លះនោះ បានសរសេរថា លោក ម៉ី សឹង្ហន៍ មានយន្តការថ្មីមួយទៀត ក្រៅពីមានរឿងអាស្រូវទាំងនេះហើយ គឺចាប់តាំងពីខែឧសភា រហូតមកដល់ពេលនេះ បានរៀបចំគោលការណ៍ឃុបឃិតជាមួយជំនាញ "ក១" រៀបចំផ្លាស់ប្ដូរកម្មាភិបាលយុទ្ធជន ដោយគំរាមយកលុយដែលពុំមានបទបញ្ជាពីថ្នាក់លើ និងគ្មានឆ្លងកាត់សារទូរលេខពីកម្មាភិបាលផ្ទៃក្នុងរបស់កងពលលេខ៥២ ទៀតផង។ ការប្រព្រឹត្តអំពើពុករលួយដែលមានទឹកលុយជាង ៤០ភាគរយនេះ នៅមិនទាន់រាប់បញ្ចូលអំណោយ ស្បៀង ប្រេងឥន្ធនៈរបស់រដ្ឋ សម្រាប់បម្រើឲ្យអង្គភាព និងរួមទាំងយកគ្រឿងចក្ររបស់កងពលបម្រើក្នុងវិស័យឯកជននៅឡើយផង។
វិទ្យុអាស៊ីសេរី បានព្យាយាមសុំការបំភ្លឺជុំវិញបញ្ហានេះអស់ពេលច្រើនថ្ងៃមកហើយ ប៉ុន្តែមេបញ្ជាការកងពលថ្មើរជើងដែលរងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ នៅក្នុងអង្គភាពយោធាដែលមានមូលដ្ឋាននៅស្រុកសំឡូត លោក ម៉ី សឹង្ហន៏ មិនផ្តល់ព័ត៌មានលម្អិតណាមួយឡើយ ដោយគ្រាន់តែនិយាយយ៉ាងខ្លីមុនដាក់ទូរស័ព្ទចុះជាច្រើនលើកច្រើនសាថា ជាប់រវល់ រួចបិទទូរស័ព្ទទៅវិញ៖ «ខាងណា អ! បានហើយខ្ញុំជាប់រវល់»។
ពាក់ព័ន្ធបញ្ហានេះ អភិបាលខេត្តបាត់ដំបង លោក ច័ន្ទ សុផល បដិសេធថា លោកនៅពុំទាន់ទទួលបានព័ត៌មាននេះនៅឡើយទេ។ ចំណែកមេបញ្ជាការយុទ្ធភូមិភាគទី៥ លោក ប៊ុន សេង និងលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ វិញ មិនអាចសុំការឆ្លើយតបបានទេ ដោយទូរស័ព្ទរបស់លោកជាប់រវល់ជាច្រើនថ្ងៃជាប់ៗគ្នា មិនអាចហៅចូលបាន។
បើទោះជាបែបណា មន្ត្រីស៊ើបអង្កេតនៃអង្គការលីកាដូ លោក ហេង សាយហុង ចាត់ទុកថា អំពើពុករលួយដែលអាចដំណើរការទៅបាន ជាចាំបាច់ណាស់ គឺត្រូវកើតឡើងជាប្រព័ន្ធ។ ហេតុនេះ លោក ហេង សាយហុង យល់ឃើញថា ស្ថាប័នជំនាញរបស់រដ្ឋាភិបាល គប្បីបើកការស៊ើបអង្កេត ហើយធ្វើឡើងដោយម៉ត់ចត់ និងស៊ីជម្រៅ៖ «រឿងរ៉ាវទាំងអស់ហ្នឹងវាមិនដែលថ្នាក់ក្រោម ឬក៏ថ្នាក់កណ្ដាលណាអាចចេះតែធ្វើបានតាមអំពើចិត្តទេ។ អ៊ីចឹង វាសំខាន់លើថ្នាក់ដឹកនាំកំពូល ត្រូវតែមានវិធានការចំពោះអង្គភាព ដែលដឹកនាំផ្ទាល់ ដើម្បីធានាយ៉ាងណាឲ្យយុទ្ធជនក្រោមឱវាទដែលគាត់ខំតស៊ូ ហើយបាក់ទឹកចិត្ត ដែលគេហៅថា ជំងឺធ្លាក់ទឹកចិត្ត»។
យោងក្រមព្រហ្មទណ្ឌមាត្រា៥៩៧ ចែងថា ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ អំពើប្រព្រឹត្តដោយអ្នករាជការសាធារណៈ ដែលទទួលយក ឬរក្សាទុកដោយផ្ទាល់ ឬដោយប្រយោលនូវផលប្រយោជន៍អ្វីមួយនៅក្នុងសហគ្រាសណាមួយ ដែលអ្នករាជការមានភារកិច្ចរ៉ាប់រងទាំងស្រុង ឬមួយផ្នែកនូវការឃ្លាំតាមដាន ការគ្រប់គ្រង ឬការជម្រះបញ្ជី ឬក្នុងប្រតិបត្តិការណាមួយ ឬការទូទាត់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១០លានរៀល។ នេះបើយោងតាមមាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
