ក្នុងមួយថ្ងៃៗ ពិសេសថ្ងៃឈប់សម្រាក បរិមាណក្តាមសេះដែលត្រូវផ្គត់ផ្គង់ទីផ្សារក្នុងខេត្តកែប និងលក់ចេញទៅក្រៅមានចំនួនប្រហែល ២តោន។ នេះជាចំនួនដ៏ច្រើន ដែលទាមទារការយកចិត្តទុកដាក់ក្នុងការអភិរក្ស មុននឹងធនធានក្តាមទាំងនោះធ្លាក់ចុះនាពេលខាងមុខ។
ធនាគារក្តាម ជាជម្រើសដ៏ប្រសើរក្នុងការជួយអភិរក្សបរិមាណក្តាមនៅក្នុងខេត្ត ហើយតាំងពីបង្កើតឡើងនៅឆ្នាំ២០០៨ មក ធនាគារក្តាម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពអ្នកនេសាទ និងបង្កើនចំនួនក្តាមសេះនៅក្នុងខេត្តកែប។
តើធនាគារក្តាមទ្រទ្រង់ដល់ភាពសម្បូរបែបនៃក្តាមសេះនៅខេត្តកែប យ៉ាងដូចម្តេច?
ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា ខេត្តកែប គឺជាខេត្តរមណីយដ្ឋានមួយដ៏ទាក់ទាញ ដែលមានឆ្នេរខ្សាច់សក្បុស ទឹកសមុទ្រដ៏ត្រជាក់ ព្រមទាំងមានកោះតូចធំនៅឈមពីមុខ ព័ទ្ធជុំវិញដោយព្រៃឈើ និងភ្នំពណ៌បៃតងស្រស់ ដែលផ្តល់ឲ្យអ្នកទេសចរនូវអារម្មណ៍មួយដ៏ស្រស់ស្រាយ។ ក្រៅពីទេសភាពដ៏ត្រកាលនេះ អ្នកទេសចរទាំងឡាយនឹងមិនដែលភ្លេចឡើយ អំពីរសជាតិដ៏ឆ្ងាញ់ពិសារនៃក្តាមសេះធម្មជាតិ ដែលជានិមិត្តរូបនៃខេត្តកែប។
ការនេសាទក្តាម ដើម្បីទ្រទ្រង់តម្រូវការក្នុងខេត្ត និងលក់ចេញទៅក្រៅ ត្រូវបានធ្វើឡើងជាប្រចាំដោយអ្នកនេសាទសមុទ្រនៅខេត្តកែប។ បរិមាណក្តាមសេះជាច្រើនត្រូវបាននេសាទ ហើយនៅថ្ងៃចុងសប្ដាហ៍ ឬថ្ងៃបុណ្យឈប់សម្រាក ការផ្គត់ផ្គង់ក្តាមសេះនៅខេត្តកែប អាចឈានដល់ប្រមាណ ២តោនក្នុងមួយថ្ងៃ។
ដោយមើលឃើញពីភាពចាំបាច់នៃការអភិរក្សធនធានក្តាមសេះ សហគមន៍នេសាទភូមិថ្មី នៅសង្កាត់ព្រៃធំ ខេត្តកែប ក្រោមកិច្ចឧបត្ថម្ភ និងជួយជ្រោមជ្រែងពីអាជ្ញាធរភូមិ រដ្ឋបាលជលផល និងអង្គការកូរីន (CORIN) បានបង្កើតជាធនាគារក្តាមមួយនៅក្នុងសហគមន៍នៅឆ្នាំ២០០៨។
ធនាគារក្តាម មានដើមកំណើតនៅប្រទេសជប៉ុន នៅពាក់កណ្ដាលទសវត្សឆ្នាំ១៩៨០។ ការបង្កើតធនាគារក្តាម គឺដើម្បីបង្កើនផលក្តាមក្នុងស្តុកធម្មជាតិ និងដើម្បីធានាការប្រើប្រាស់ធនធានក្តាមប្រកបដោយនិរន្តរភាព ដោយទុកឲ្យក្តាមដែលមានពង ជម្រុះពងចេញជាមុន ឬក៏ជំនួសឲ្យការលក់ដូរ។ នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់ អ្នកស្រី អេនហ្កេឡា ចល (Angela Jöhl) ជាមន្ត្រីកម្មវិធីនៃអង្គការសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN)។
វិធីសាស្ត្រ ៣ប្រភេទ រួមមាន ការបរិច្ចាគក្តាម ការទិញក្តាមដែលមានពង និងការបង្កើតជាឥណទាន ត្រូវបានគេយកមកអនុវត្តក្នុងគម្រោងធនាគារក្តាម។ សម្រាប់ធនាគារក្តាមនៃសហគមន៍នេសាទភូមិថ្មី វិធីសាស្ត្រដែលត្រូវបានជ្រើសរើស គឺការបង្កើតជាឥណទានក្តាម។ សមាជិកធនាគារក្តាមរបស់សហគមន៍ ត្រូវបានជ្រើសរើសដោយផ្អែកទៅលើសមត្ថភាពនៃការនេសាទ សមត្ថភាពក្នុងការសងឥណទាន និងឆន្ទៈក្នុងការផ្តល់ឲ្យនូវក្តាមដែលមានពងចំនួន ១ក្បាលក្នុងមួយថ្ងៃ។

ប្រធានធនាគារក្តាមនៃសហគមន៍នេសាទភូមិថ្មី លោក ប្រាក់ សាន បានមានប្រសាសន៍ថា ទិន្នផលក្តាមនាពេលបច្ចុប្បន្នមានការកើនឡើង បើប្រៀបធៀបទៅនឹងពេលមិនទាន់មានធនាគារក្តាម៖ «ក្តាមវាកើន។ ម៉េចបានថាកើន? ពីមុនយើងប្រៀបធៀបឧបករណ៍នេសាទចុះ ទូកមួយដាក់តែ ១ពាន់លបទេ តែឥឡូវទូកមួយដាក់ ២ពាន់លប ហើយចំនួនក្តាមវានៅហ្នឹងដដែល។ ចឹងបានថា ចំនួនក្តាមហ្នឹងវាអាចកើន ហើយកើនមូលហេតុអ្វី គឺដោយសារបង្កើតធនាគារក្តាម»។
លោក ប្រាក់ សាន បានបញ្ជាក់ថា ក្តាមសេះដែលផ្គត់ផ្គង់នៅខេត្តកែប មានតម្លៃចាប់ពី ១ម៉ឺនរៀលដល់ ៦ម៉ឺនរៀល ទៅតាមប្រភេទនីមួយៗ។ ប្រភេទលេខ១ មានតម្លៃ ៣ម៉ឺន ទៅ ៣ម៉ឺន ៥ពាន់រៀលក្នុងមួយគីឡូក្រាមនៅថ្ងៃធម្មតា ប៉ុន្តែអាចឡើងថ្លៃរហូតដល់ ៦ម៉ឺនរៀលនៅថ្ងៃបុណ្យ ឬថ្ងៃឈប់សម្រាក។ ប្រភេទលេខ២ មានតម្លៃ ២ម៉ឺន ទៅ ២ម៉ឺន ៥ពាន់រៀល និងប្រភេទលេខ៣ មានតម្លៃ ១ម៉ឺន ទៅ ១ម៉ឺន ៥ពាន់រៀលក្នុងមួយគីឡូក្រាម។
ក្តាមសេះអាចពងបានគ្រប់រដូវ ហើយមេក្តាមសេះដែលមានពងក្រៅ ផ្ទុកពងបានចំនួន ១លាន ទៅ ១លាន ៥សែនគ្រាប់ ដែលបើតាមការសិក្សា កូនក្តាមដែលញាស់អាចនៅសល់យ៉ាងតិច ៥សែនកូនបន្ទាប់ពីញាស់ និងត្រូវពពួកត្រី និងមឹកស៊ីជាអាហារ។ ពងក្តាមមានចំនួន ៣ពណ៌ បើតាមការពណ៌នារបស់ លោក ប្រាក់ សាន៖ «អាពណ៌លឿងហ្នឹងពងខ្ចី វាអត់ទាន់ញាស់ទេ។ រយៈពេលវាប្រហែលកន្លះខែទើបបានញាស់។ ហើយបើអាពងប្រភេទទី២ ពណ៌លឿងដែរ តែលឿងជាំបន្តិច។ អាហ្នឹងប្រហែល ១០ថ្ងៃអាចញាស់ហើយ។ បើអាខ្មៅជាំសុទ្ធតែម្តង តែ ៥-៦ថ្ងៃញាស់ហើយ»។
មានតួនាទីជាបេឡាធនាគារក្តាមនៃសហគមន៍នេសាទភូមិថ្មី អ្នកស្រី កែវ ចាន់ធឿន បានមានប្រសាសន៍ថា ធនាគារក្តាមបានជួយជំរុញដល់កំណើនក្តាមសេះសម្រាប់សហគមន៍ ដោយសមាជិកម្នាក់ៗតែងតែយកក្តាមមកប្រគល់ឲ្យធនាគារជាប្រចាំ។ បច្ចុប្បន្ននេះ សមាជិកធនាគារក្តាមនៃសហគមន៍ភូមិថ្មី មានចំនួន ២៨ទូក៖ «យើងមិនឲ្យគេខ្ចីលុយ ក៏គេដាក់បានដែរ ពីព្រោះថា ១ ឬ ២ គេអត់ស្ដាយទេ ដើម្បីប្រយោជន៍គេនៅថ្ងៃក្រោយ។ យើងជាអ្នកយកហ្នឹងមិនអាចថាបានប្រយោជន៍យើងទេ បានប្រយោជន៍ទៅអ្នកនេសាទ»។

ដើម្បីឲ្យធនធានក្តាមសេះនៅស្ថិតស្ថេរ និងនៅតែអាចទ្រទ្រង់តម្រូវការទីផ្សារ ឬក៏អាចកើនឡើងបាននៅថ្ងៃមុខ ទាំងអ្នកលក់ និងអ្នកទិញ សុទ្ធតែអាចចូលរួមជាវិភាគទានបាន ដោយមិនទិញដូរក្តាមដែលមានពង។ នេះជាសំណូមពររបស់ អ្នកស្រី កែវ ចាន់ធឿន បេឡាធនាគារក្តាមនៃសហគមន៍នេសាទភូមិថ្មី៖ «អ្នកទិញអីសូមកុំទិញក្តាមដែលមានពងក្រៅយកទៅហូប ពីព្រោះកុំឲ្យថាបាត់បង់ក្តាមទៅអនាគត ថាអត់សូវមានក្តាមកើនអ៊ីចឹង។ ហើយក៏សំណូមពរថា ជួយថាកុំឲ្យលក់ក្តាមពងក្រៅអ៊ីចឹងទៅ ដូចថាទុកវាចិញ្ចឹម ឬដាក់ក្នុងសហគមន៍ឲ្យវាកើន ឲ្យវាមានកូនទៅថ្ងៃក្រោយកុំឲ្យបាត់បង់»។
របាយការណ៍ស្រាវជ្រាវរបស់មជ្ឈមណ្ឌលមច្ឆជាតិពិភពលោក ចេញផ្សាយនៅឆ្នាំ២០១២ ស្តីអំពី ការនេសាទនៅកម្ពុជា និងការអភិវឌ្ឍធនាគារក្តាម បានកត់ត្រាថា ធនាគារក្តាមនៅកម្ពុជា មានចំនួន ១៩ ដែលមានទីតាំងនៅខេត្តកោះកុង ក្រុងព្រះសីហនុ កែប និងកំពត។ របាយការណ៍ដដែលបានលើកជាអនុសាសន៍ជាច្រើនចំណុចដល់ភាគីពាក់ព័ន្ធ ដើម្បីយកមកពិភាក្សា និងអនុវត្ត សំដៅបន្តគាំទ្រសកម្មភាពរបស់ធនាគារក្តាម។ អនុសាសន៍ដែលសំខាន់ជាងគេ គឺបង្កើត និងអនុវត្តបទបញ្ញត្តិលើការនេសាទក្តាម ពង្រឹងសមត្ថភាពមន្ត្រីជំនាញជលផល ដើម្បីជួយជាផ្នែកបច្ចេកទេសដល់ធនាគារក្តាម បង្កើតកម្មវិធីផ្សព្វផ្សាយឲ្យបានច្រើន និងបង្កើតយន្តការនានាសំដៅស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ធនាគារក្តាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
