តំណាងពលរដ្ឋ ២គ្រួសារនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទទូចឲ្យអាជ្ញាធរនៅមូលដ្ឋាននេះដោះស្រាយបញ្ហាជូនពួកគាត់ពីរឿងអ្នកជិតខាងសាងសង់ផ្ទះខ្វះបច្ចេកទេស ធ្វើឲ្យប៉ះពាល់លំនៅឋានរបស់ពួកគាត់។ ពលរដ្ឋទាំងនោះអះអាងថា បើទោះជាអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ធ្លាប់បានចេញលិខិតឲ្យអាជ្ញាធរខណ្ឌដង្កោ បញ្ជាឲ្យម្ចាស់ផ្ទះផ្អាកការសាងសង់ក្តី ប៉ុន្តែរហូតមកទល់ពេលនេះ ម្ចាស់ផ្ទះមិនគោរពតាមឡើយ។
តំណាងពលរដ្ឋតវ៉ា គឺលោក ហ៊ុយ សុផល និងលោកស្រី ផល ភក្ដី សម្ដែងការខកចិត្តចំពោះអាជ្ញាធរខណ្ឌដង្កោ ដែលមិនព្រមចុះរារាំងម្ចាស់ផ្ទះឈ្មោះ ឈឹម ម៉ុល ផ្អាកការសាងសង់តាមការបង្គាប់របស់សាលារាជធានីភ្នំពេញ។
ម្ចាស់ផ្ទះរងផលប៉ះពាល់ លោក ហ៊ុយ សុផល រៀបរាប់ប្រាប់វិទ្យុអាស៊ីសេរី ថា កាលពីខែមីនា ឆ្នាំ២០១៥ បន្ទាប់ពីលោក ឈឹម ម៉ុល បានសាងសង់លំនៅឋានជាប់ព្រំដីធ្វើឲ្យប៉ះពាល់ផ្ទះសម្បែងរបស់លោក។ លោកបានប្ដឹងទៅកាន់អាជ្ញាធរសង្កាត់ដង្កោ ឲ្យជួយដោះស្រាយ ប៉ុន្តែដោយសារតែអាជ្ញាធរសង្កាត់មិនអាចដោះស្រាយបានលោកក៏ប្ដឹងបន្តទៅកាន់អាជ្ញាធរខណ្ឌដង្កោ ទៀត។
យ៉ាងណាលោកថា នៅតែមិនមានដំណោះស្រាយ ហើយម្ចាស់ផ្ទះនៅតែបន្តសាងសង់ បើទោះជាមន្ត្រីការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងភូមិបាលខណ្ឌដង្កោ បានចុះពិនិត្យកន្លែងសាងសង់ជាច្រើនលើក ហើយវាយតម្លៃថា សំណង់សាងសង់ខុសប្លង់នគរូបនីយកម្ម និងបានណែនាំឲ្យម្ចាស់ផ្ទះផ្អាកការសាងសង់ រុះរើ និងកែតម្រូវតាមប្លង់នគរូបនីយកម្មដែលអនុញ្ញាតក្តី។ ដោយមើលឃើញថា ម្ចាស់ផ្ទះមិនព្រមផ្អាកសាងសង់តាមការណែនាំ លោក ហ៊ុយ សុផល ក៏បានយករឿងនេះប្ដឹងទៅកាន់សាលារាជធានីភ្នំពេញ បន្តទៀត ព្រោះថា សំណង់នោះបានសាងសង់ប៉ះពាល់លើលំនៅឋានពួកគាត់ គឺធ្វើឲ្យញ័ររំជួយ និងមានស្នាមប្រេះ។
លិខិតរបស់អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ផ្ញើទៅកាន់អភិបាលខណ្ឌដង្កោ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ដែលវិទ្យុអាស៊ីសេរី ទទួលបាន សរសេរថា លោក ប៉ា សុជាតិវង្ស បានណែនាំឲ្យសាលាខណ្ឌដង្កោ ចុះផ្អាកការសាងសង់នេះជាបន្ទាន់ ហើយតម្រូវឲ្យម្ចាស់សំណង់សម្របសម្រួលផលប៉ះពាល់នានា និងត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់តាមនីតិវិធី ទើបអាចបន្តការសាងសង់បាន។
ទោះជាយ៉ាងណា លោក ហ៊ុយ សុផល បញ្ជាក់ថា ម្ចាស់ផ្ទះលោក ឈឹម ម៉ុល នៅតែបន្តការសាងសង់ ចំណែកអាជ្ញាធរខណ្ឌដង្កោវិញ ក៏មិនបានចុះទៅរារាំងនោះដែរ៖ «សាលាក្រុងបានចេញការណែនាំដល់ ២លើក ឲ្យផ្អាកដើម្បីធ្វើការដោះស្រាយនូវផលប៉ះពាល់ជាមួយអ្នកជិតខាង ហើយឲ្យធ្វើតាមនីតិវិធីនៃច្បាប់ទៀត អ៊ីចឹងយើងឃើញហើយថា ហេតុអ្វីសាលាក្រុងឲ្យធ្វើតាមនីតិវិធី? ខ្ញុំមិនដឹងថា ម៉េចសំណង់ហ្នឹងខាងខណ្ឌសរសេរអក្សរមកប្រាប់ថា ឲ្យផ្អាកព្រឹក ល្ងាចធ្វើ ផ្អាកថ្ងៃនេះ ស្អែកធ្វើ ដល់អ៊ីចឹងទៅខ្ញុំមិនយល់ដែរ មិនដឹងថា មានវិធានការណាទេ ខ្ញុំមិនយល់ការងារខាងលើ»។
ចំណែកពលរដ្ឋតវ៉ាមួយរូបទៀត គឺលោកស្រី ផល វត្តី ឲ្យដឹងថា រហូតមកទល់ពេលនេះ សំណង់ផ្ទះល្វែងនោះ ត្រូវបានម្ចាស់គេសាងសង់រួចរាល់សឹងតែ ៩០ភាគរយហើយ នៅតែមិនមានអាជ្ញាធរណាចុះអន្តរាគមន៍ផ្អាកទៀត៖ «ដូចខាងខ្ញុំអ៊ីចឹង ធ្លាក់សព្វបែបយ៉ាង ថ្ម សម្ភារៈសំណង់ ធ្លាក់បែកឥដ្ឋការ៉ូ ប្រេះជញ្ជាំងបន្ទប់ទឹកខ្ញុំ តែការសុំទោសមួយម៉ាត់ក៏មិនមាន។ បែកលូគ្រប់បែបយ៉ាង ហើយឈ្លើយ ជេរប្រមាថ មើលងាយយើងសព្វបែបយ៉ាង ហើយខ្ញុំដាក់ទៅដល់សង្កាត់ ដល់ខណ្ឌ ក៏មិនមានការដោះស្រាយឲ្យបានត្រឹមត្រូវ»។
វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២១ ធ្នូ បានទាក់ទងអភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា ដើម្បីសុំការបំភ្លឺបន្ថែម តែលោកថា លោកត្រូវពិនិត្យមើលករណីនេះសិន។ ចំណែកនៅថ្ងៃទី២២ ធ្នូ លោកមិនលើកទូរស័ព្ទឡើយ។
វិទ្យុអាស៊ីសេរី ក៏មិនអាចស្វែងរកប្រភពទាក់ទងម្ចាស់សំណង់អគារលោក ឈឹម ម៉ុល និងលោកស្រី ព្រំ ណារឿន ដើម្បីឆ្លើយតបបានដែរ។ រីឯអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា លោកមិនទាន់អាចអត្ថាធិប្បាយយ៉ាងណាចំពោះករណីបាននៅឡើយទេ បើលោកមិនទាន់មើលឯកសារ ទាក់ទងនឹងករណីនេះទេនោះ៖ «ប្រសិនរឿងមួយករណីឯកជនអ៊ីចឹង ខ្ញុំពិបាកឆ្លើយបានភ្លាមៗ ទាល់តែខ្ញុំសុំយកឯកសារមកមើលសិនដើម្បីខ្ញុំតាមសួររកហេតុទើបខ្ញុំឆ្លើយបាន»។
ពលរដ្ឋទាំង ២គ្រួសារនៅតែទទូចឲ្យអាជ្ញាធរជួយរកដំណោះស្រាយជូនពួកគាត់។ ពួកគាត់ថា នឹងយកឯកសារពាក់ព័ន្ធទាំងអស់ទៅឲ្យសាលារាជធានីភ្នំពេញ ពិនិត្យមើលជាថ្មីទៀត ដើម្បីជួយចាត់វិធានការតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
