គ្រួសារ​យោធិន​ពលី​នៅ​ព្រៃវែង​ត្អូញ​ពី​ការ​បើក​ប្រាក់​សមាគម​ពលី​យឺតយ៉ាវ

សាច់ញាតិ​យោធិន​ពលី​នៅ​ស្រុក​មេសាង ខេត្ត​ព្រៃវែង រិះគន់​មន្ត្រី​សង្គម​កិច្ច​ស្រុក​នេះ​ថា​មិន​ខ្វល់​ខ្វាយ​ដោះស្រាយ​ពន្លឿន​ការ​បើក​ប្រាក់​សមាគម​យោធិន​ពលី ឲ្យ​ក្រុម​គ្រួសារ​របស់​ពួក​គេ​នោះ​ទេ។ ពួក​គាត់​បញ្ជាក់​ថា បញ្ហា​នេះ​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត ២​ឆ្នាំ​ហើយ និង​កំពុង​ប៉ះពាល់​ជីវភាព​រស់​នៅ​របស់​ពួក​គាត់។

0:00 / 0:00

ប្រជាពលរដ្ឋ​ជា​សាច់ញាតិ​យោធិន​ពលី កំពុង​ជួប​ការ​លំបាក​ដោយសារ​ខ្វះ​ខាត​លុយ​កាក់ ដើម្បី​យក​ទៅ​សង​ម្ចាស់​បំណុល​វិញ បន្ទាប់​ពី​បាន​ខ្ចី​សម្រាប់​យក​ទៅ​ធ្វើ​បុណ្យ​សព​នោះ។

សាច់ញាតិ​យុទ្ធជន​ពលី​រស់​នៅ​ភូមិ​ប្រហ៊ូត ឃុំ​ត្រពាំងស្រែ នៃ​ស្រុក​មេសាង លោក ស៊ឹម កុសល ថ្លែង​នៅ​ថ្ងៃ​ទី​២១ ធ្នូ ថា​លោក​បាន​ទៅ​សាកសួរ​សុំ​បើក​ប្រាក់​សមាគម​យោធិន​ពលី​ពី​មន្ត្រី​សង្គមកិច្ច​ស្រុក​នេះ​ជាច្រើន​ដង​រួច​មក​ហើយ ប៉ុន្តែ​មន្ត្រី​សង្គម​កិច្ច​រូប​នេះ​ហាក់​ធ្វើ​ព្រងើយ​កន្តើយ ដោយ​ឆ្លើយ​ដោះសា​ម្តង​ថា​ខែ​នេះ ម្តង​ថា​ខែ​នោះ អូស​បន្លាយ​ពេល​ជា​បន្តបន្ទាប់ ដោយ​ពុំ​បាន​រក​វិធី​ដោះស្រាយ​ឲ្យ​ពួក​គេ​នោះ​ទេ។

លោក ស៊ឹម កុសល៖ «ខាង​ក្រសួង​សង្គម​កិច្ច ហ្នឹង គេ​ឲ្យ​ធ្វើ​លិខិត​មរណភាព​ហ្នឹង ធ្វើ​ហើយ​អស់​រលីង រៀប​ចំ​អស់​ហើយ។ ក្រសួង​សង្គម​កិច្ច គេ​ថា​រយៈពេល ៦​ខែ បាន​លុយ​ហើយ។ ដល់ ៦​ខែ​អត់​ឃើញ រយៈពេល​មួយ​ឆ្នាំ។ ឥឡូវ​ម៉ែ​ខ្ញុំ​គាត់​ស្លាប់​រយៈពេល​ជិត ២​ឆ្នាំ​ហើយ អត់​ឃើញ​បាន​លុយ​វិញ​ទេ ទទេ! អត់​មាន​ដែល​បាន​មួយ​រៀល។ អត់​ដឹង​ផង​លោកគ្រូ ក្រសួង​សង្គម​កិច្ច គេ​មិន​ទាន់​ដល់​លេខ​រៀងៗ​មិន​ដឹង​យ៉ាង​ម៉េច​គេ​ទេ អត់​ដឹង​មូលហេតុ​គេ​តែ​ម្ដង»

លោក ស៊ឹម កុសល បញ្ជាក់​បន្ថែម​ថា ប្អូន​របស់​លោក​ជា​មន្ត្រី​យោធា បាន​ស្លាប់​ក្នុង​សមរភូមិ​នៅ​ខេត្ត​កំពង់ចាម កាល​ពី​ឆ្នាំ​១៩៨៤។ លោក​ថា ក្រោយ​ពី​មន្ត្រី​យោធិន​បាន​ស្លាប់​ទៅ ម្ដាយ​របស់​ខ្លួន​បាន​បង្វែរ​ប្រាក់​ខែ​របស់​យោធិន​ពលី​ដាក់​ក្នុង​សមាគម​ពលី​នៅ​ស្រុក​មេសាង ដើម្បី​រក្សា​ទុក​ប្រាក់​ទាំង​នោះ​ទៅ​ប្រើប្រាស់​សម្រាប់​ធ្វើ​បុណ្យ​សព​អោយ​ម្ដាយ​របស់​យោធិន​ពលី​នោះ​វិញ។ ប៉ុន្តែ បន្ទាប់​ពី​ម្ដាយ​របស់​លោក​បាន​ស្លាប់​អស់​រយៈពេល​ជិត ២​ឆ្នាំ​ទៅ​ហើយ ក៏​នៅ​ពុំ​បាន​ទទួល​ប្រាក់​បន្តិច​ណា​ពី​សមាគម​ពលី​នៅ​ស្រុក​មេសាង នេះ​នៅ​ឡើយ​ទេ។

ប្រជាពលរដ្ឋ ឲ្យ​ដឹង​ថា សមាជិក​ម្នាក់​នៃ​សមាគម​ពលី នឹង​ទទួល​បាន​ប្រាក់​ប្រហែល ៤​លាន​រៀល សម្រាប់​ធ្វើ​បុណ្យ​ទាន​ពេល​ស្លាប់។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​ការិយាល័យ​សង្គម​កិច្ច​ស្រុក​មេសាង លោក យី សុផល មាន​ប្រសាសន៍​ថា ម្ដាយ​របស់​យោធិន​ពលី​ពិត​ជា​បាន​បង់​ប្រាក់​ចូល​ក្នុង​សមាគម​ពលី ដាក់​ក្នុង​នាម​ម្ដាយ​យោធិន​ពលី​ប្រាកដ​មែន។ លោក​បញ្ជាក់​ថា ក្នុង​ពេល​ឆាប់ៗ​នេះ សមាគម​ពលី​ស្រុក​នឹង​ប្រគល់​ប្រាក់​ដែល​គាត់​បាន​បង់​ក្នុង​សមាគម ទៅ​ឲ្យ​សាច់ញាតិ​របស់​គាត់​យក​ទៅ​រៀប​ចំ​ធ្វើ​បុណ្យ​សព​ម្ដាយ​យោធិន​ពលី។ លោក​បន្ត​ថា ចំពោះ​សំណុំ​ឯកសារ លោក​បាន​រៀប​ចំ​បញ្ជូន​ទៅ​ក្រសួង​សង្គម​កិច្ច អស់​ទៅ​ហើយ។ ហើយ​បញ្ហា​ការ​យឺតយ៉ាវ ដោយសារ​មាន​ឈ្មោះ​អ្នក​ស្លាប់​ដែល​បាន​ចូល​ក្នុង​សមាគម​ពលី​មាន​ចំនួន​ច្រើន នាំ​ឲ្យ​មាន​ការ​កក​ស្ទះ។

លោក យី សុផល៖ «អត់​មាន​លុយ​ផ្ដល់​ឲ្យ វា​ច្រើន​ពេក ដល់​អ៊ីចឹង​រដ្ឋាភិបាល​ក៏​គេ​គិត​ដែរ មិន​មែន​ថា​គេ​មិន​គិត​ទេ គ្រាន់​តែ​ថា​លុយ​វា​រត់​អត់​ទាន់ វា​ច្រើន​ពេក។ អ្នក​ស្លាប់​វា​ច្រើន ក្នុង​មួយ​ខេត្ត​ស្លាប់​ច្រើន អ៊ីចឹង​វា​មិន​អាច​រត់​ទាន់​ទេ លុយ​យើង​កាត់​បង់​ប្រចាំ​ខែ​មាន​ដែរ ប៉ុន្តែ​ដោះស្រាយ​វា​អត់​ទាន់។ មិន​មែន​គេ​មិន​ឲ្យ​ទេ គ្រាន់​តែ​ថា​លុយ​ហ្នឹង​វា​រាង​យូរ​បន្តិច»

ទោះ​ជា​យ៉ាង​នេះ​ក្ដី សាច់ញាតិ​យោធិន​ពលី​បង្ហើប​ថា កន្លង​មក ក្រុម​គ្រួសារ​របស់​យោធិន​ពលី​តែង​តែ​ជួប​ការ​លំបាក​ទាំង​បញ្ហា​បើក​ប្រាក់​ខែ និង​ប្រាក់​បំណាច់​ផ្សេងៗ តែង​មាន​ការ​យឺតយ៉ាវ​ជា​ប្រចាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។