អាជីវករ​ផ្សារ​ដើមគ​តវ៉ា​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្ត្រី​រឿង​រុះរើ​ផ្សារ

0:00 / 0:00

ក្រុម​អាជីវករ​ផ្សារ​ដើម​គ ជាច្រើន​រយ​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​សាជាថ្មី ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​រុះរើ​ផ្សារ។ ការ​ប្រមូល​ផ្តុំ​គ្នា ចាប់​ផ្ដើម​តាំង​ពី​ម៉ោង ៦​ព្រឹក​រហូត​ដល់​ម៉ោង ៩​ព្រឹក​ថ្ងៃ​ទី​១៧ សីហា ទើប​ក្រុម​អាជីវករ​សម្រេច​រំសាយ ក្រោយ​ពី​មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ចេញ​មក​ទទួល​យក​ញត្តិ និង​សន្យា​ដោះស្រាយ​បញ្ហា​នេះ។

អាជីវករ​ផ្សារ​ដើម​គ នៅ​រាជធានី​ភ្នំពេញ​ប្រមាណ ៥០០​នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជិត​ផ្ទះ លោក ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​សីហា ដើម្បី​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ជួយ​អន្តរាគមន៍​ឲ្យ​ពួក​គាត់​អាច​បន្ត​លក់​ដូរ​នៅ​កន្លែង​របស់​ខ្លួន​រហូត​ដល់​ចប់​កុងត្រា។

ការ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នេះ កើត​ឡើង​សាជាថ្មី​ម្តង​ទៀត ក្រោយ​ពេល​អាជ្ញាធរ​ផ្សារ​នៅ​បន្ត​ការ​វាស់វែង​ត​ទៅ​ទៀត ដែល​ធ្វើ​ឲ្យ​ក្រុម​អាជីវករ​បារម្ភ​ខ្លាច​មាន​ការ​រុះរើ​ផ្សារ​នៅ​មុន​អាណត្តិ​នៃ​កិច្ចសន្យា។

កិច្ចសន្យា​ជួល​តូប និង​ស្តង់​របស់​អាជីវករ​មាន​រយៈពេល ១០​ឆ្នាំ គិត​ចាប់​ពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០១១ រហូត​ដល់​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​២០២១ ហើយ​តូប និង​ស្តង់​សរុប​នៅ​ក្នុង​ផ្សារ​មាន​ចំនួន ៨២៥។ អាជីវករ​ម្នាក់ៗ ត្រូវ​បង់​ប្រាក់​អាណត្តិ ១០​ឆ្នាំ​ចាប់​ពី ៦៥​ម៉ឺន​រៀល ដល់​ជាង ៣​លាន​រៀល ទៅ​តាម​ទំហំ​តូប ឬ​ស្តង់​នីមួយៗ។

ក្រុម​អាជីវករ បាន​អះអាង​ថា ចេតនា​ណា​មួយ​ក្នុង​ការ​រុះរើ​ផ្សារ​មុន​អាណត្តិ មាន​ន័យ​ស្មើ​នឹង​ការ​បំផ្លាញ​ឆ្នាំង​បាយ​របស់​ពួក​គាត់៖ «ខ្ញុំ​មក​ចង់​ឲ្យ​សម្ដេច​ជួយ​ពី​រឿង​ឆ្នាំង​បាយ​របស់​ខ្ញុំ ព្រោះ​អាណត្តិ​ខ្ញុំ​វា​ដល់​ឆ្នាំ​២០២១ ហើយ​ទៅ​ផ្សារ​ហ្នឹង​គេ​ចង់​រុះរើ​មុន​អាណត្តិ ហើយ​ប្រធាន​ផ្សារ​គាត់​មាន​ការ​វាស់វែង​ធ្វើ​ឲ្យ​ពួក​អាជីវកម្ម​យើង​ខ្ញុំ​ព្រួយ​បារម្ភ។ គាត់​លឹបលៗ ពេល​សួរ​គាត់ គាត់​មាន​ប្រសាសន៍​ថា​អត់​ដឹង។ ពួក​ខ្ញុំ​ជា​ជន​ក្រីក្រ​លក់​ដូរ​មួយ​ថ្ងៃ​គ្រាន់​ចិញ្ចឹម​ជីវិត​មួយ​ថ្ងៃ ហើយ​បើ​រុះរើ​ទៅ ពួក​ខ្ញុំ​អត់​ដឹង​ថា​ទៅ​លក់​នៅ​ឯណា​ទេ? ចា៎! អត់​មាន​មុខ​របរ​រក​ស៊ី​អី​ផ្សេង​ក្រៅ​ពី​ផ្សារ​ដើម​គ ទេ»

ការ​ទាមទារ​របស់​ក្រុម​អាជីវករ ត្រូវ​បាន លោក ប៉ាល់ ចន្ទតារា ប្រធាន​គណៈកម្មការ​ចម្រុះ ទទួល និង​ដោះស្រាយ​ពាក្យ​បណ្ដឹង នៃ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​មក​ទទួល​យក​ញត្តិ ហើយ​លោក​សន្យា​ជា​ឱឡារិក​ថា នឹង​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​រហ័ស។ លោក​បញ្ជាក់​បន្ថែម​ថា អភិបាល​រង​សាលា​រាជធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​និយាយ​ជាមួយ​លោក​ថា នឹង​មិន​មាន​ការ​រុះរើ​ផ្សារ​ដើម​គ នេះ​ឡើយ៖ «និយាយ​ជាមួយ​បង​ប្អូន ទទួល​យក​ញត្តិ​បង​ប្អូន​ភ្លាម ធ្វើ​ការ​ជូន​បង​ប្អូន​ភ្លាម។ ទាក់ទង​ទៅ​គាត់ (លោក ឃួង ស្រេង) គាត់​ថា​អត់​មាន​ទេ។ ខ្ញុំ​ថា​ចុះ​ពី​ណា​គេ​ទៅ​វាស់​អី​នៅ​ផ្សារ​ហ្នឹង? គាត់​ថា​គោលការណ៍​សាលា​ក្រុង​គ្មាន​ការ​វាស់វែង​អ្វី​នោះ​ទេ។ បើ​គ្មាន​ការ​ឯកភាព​ពី​អាជីវករ​ទេ ផ្សារ​ហ្នឹង គឺ​គ្មាន​ការ​សាងសង់​ទេ»

ក្រៅ​ពី​ការ​ចង់​បាន​តាម​កិច្ចសន្យា ក្រុម​អាជីវករ​ក៏​បាន​ទាមទារ​ឲ្យ​ដក លោក សេង សារ៉ន ប្រធាន​ផ្សារ​ដើម​គ ដែរ ដោយ​លើក​ឡើង​ថា លោក សេង សារ៉ន មិន​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​អនាម័យ​របស់​ផ្សារ៖ «ដក​ប្រធាន​ផ្សារ​ចេញ ហើយ​ដូរ​ប្រធាន​ផ្សារ​ថ្មី ព្រោះ​ប្រធាន​ផ្សារ​តាំង​ពី​គាត់​មក អត់​មាន​ធ្វើ​អ្វី​ទាំងអស់។ រឿង​អនាម័យ​ជុំវិញ​ផ្សារ សួរ​អ្វី​ក៏​មិន​ដឹង ហើយ​មិន​ចេះ​បាញ់​ទឹក​បាញ់​អី​ទេ។ បើ​ប្រធាន​ផ្សារ​មុន មួយ​អាទិត្យ​បាញ់​ម្តង។ សណ្ដាប់ធ្នាប់​អនាម័យ​ហ្នឹង​ជា​រឿង​របស់​ប្រធាន​ផ្សារ​អសមត្ថភាព គាត់​មិន​ព្រម​ធ្វើ។ ពេល (មន្ត្រី) សាលា​ក្រុង​ចុះ​មក គាត់​ឲ្យ​សាលា​ក្រុង​ហ្នឹង​ដើរ​កាត់​ភក់​ជ្រាំ​អ៊ីចឹង​ទៅ។ គាត់​អត់​មាន​សម្អាត​ទេ។ តាម​ពិត​រៀប​សណ្ដាប់ធ្នាប់​តែ​ជុំវិញ​ទៅ វា​ល្អ​ហើយ​ផ្សារ​ហ្នឹង។ ពេល​បន្លែ​មក​ដល់​ផ្លូវ​មុន្នីរ៉េត ចាក់​ហៀរ​ដូច​ទីផ្សារ​សំរាម​អ៊ីចឹង រួច​ចេះ​តែ​ចោទ​គ្នា​នៅ​ក្នុង​ប៉ុន្មាន​តូប​ហ្នឹង។ គ្នា​មាន​ទៅ​ប៉ះពាល់​អី មាន​តែ​ព័ទ្ធ​ធ្វើ​បាប​គ្នា​វិញ លក់​អត់​ដាច់​ស្ងាត់​ឈឹង។ គណៈកម្មការ​ផ្សារ​បណ្តោយ​ឲ្យ​លក់​យ៉ាង​អនាធិបតេយ្យ»

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​ក្រុម​អាជីវករ លោក សេង សារ៉ន ប្រធាន​ផ្សារ​ដើម​គ បាន​អះអាង​ដោយ​ខ្លី​ថា បញ្ហា​អនាម័យ​ជា​បន្ទុក​របស់​សាលា​រាជធានី​ភ្នំពេញ៖ «អា​ហ្នឹង​ខ្ញុំ​មិន​អាច​បកស្រាយ​បាន​ទេ ព្រោះ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​វិនិយោគ ទាល់​តែ​សាលា​រាជធានី​ទើប​អាច​ឆ្លើយ​បាន។ ចំពោះ​ខ្ញុំ ខ្ញុំ​អត់​ហ៊ាន​ជម្រាប​ជូន​ទេ​បាទ»

នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​អាជីវករ​ផ្សារ​ដើម​គ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ប្រឆាំង​នឹង​គម្រោង​រុះរើ​ផ្សារ។ ការ​តវ៉ា​លើក​ដំបូង ផ្ទុះ​ឡើង​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥ ហើយ​ដោយសារ​មិន​មាន​ការ​ឆ្លើយ​តប​ជាក់លាក់​ពី​អាជ្ញាធរ​ផ្សារ និង​សាលា​ក្រុង​ភ្នំពេញ ទើប​ក្រុម​អាជីវករ​លើក​គ្នា​មក​តវ៉ា​ដល់​គេហដ្ឋាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​អន្តរាគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។