ថ្នាក់ដឹកនាំនៃវិទ្យាល័យរមាសហែក ស្រុករមាសហែក ខេត្តស្វាយរៀង រងការចោទថា ប្រព្រឹត្តអំពើពុករលួយ។ ការចោទប្រកាន់នេះ ធ្វើឡើងស្របពេលដែលក្រុមគ្រូបង្រៀនរកឃើញថា នាយកសាលា និងនាយករងវិទ្យាល័យរមាសហែក កិបកេងកញ្ចប់ថវិកាភីប៊ី (PB) ដែលបានមកពីក្រសួងអប់រំ និងប្រាក់ម៉ោងគ្រូបង្រៀនជាច្រើនឆ្នាំមកហើយ។
ចំណែកអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អះអាងថា ករណីនេះមិនមែនជារឿងថ្មីឡើយ គឺកើតឡើងស្ទើរតែគ្រប់សាលា តែលោកមិនទាន់ឃើញមានចំណាត់ការលើបញ្ហានេះពីក្រសួងឡើយ។
ក្រុមគ្រូបង្រៀនវិទ្យាល័យរមាសហែក ឋិតនៅភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង នៅថ្ងៃទី២៩ ឧសភា ទាមទារឲ្យក្រសួងអប់រំ ដកនាយកវិទ្យាល័យរមាសហែក លោក ម៉ៅ គឹមលី ចុះចេញពីតំណែង។ ការទាមទារនេះ បន្ទាប់ពីក្រុមគ្រូបង្រៀនរកឃើញថា នាយកវិទ្យាល័យរមាសហែក បានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ដូចជាលក់ និងប្រើប្រាស់សម្ភារៈសាលាជាកម្មសិទ្ធិរបស់ខ្លួន កិបកេងកញ្ចប់ថវិកាភីប៊ីរបស់ក្រសួងអប់រំ ចុះហត្ថលេខាជំនួសលោកគ្រូអ្នកគ្រូ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
តំណាងគ្រូបង្រៀនមុខវិជ្ជាសីលធម៌ ពលរដ្ឋ ថ្លែងសុំលាក់ឈ្មោះរៀបរាប់ថា លោកនាយកវិទ្យាល័យរមាសហែក បានកិបកេងលុយកញ្ចប់ថវិកាភីប៊ីរបស់ក្រសួងអប់រំ ជាច្រើនឆ្នាំកន្លងមក។ បន្ថែមពីនេះទៀត នាយកសាលានេះបានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរជាច្រើនករណី ដូចជាការកេងប្រវ័ញ្ចប្រាក់ម៉ោងលោកគ្រូអ្នកគ្រូ ៤% ការកាត់លុយអង្គការ CAP និងលុយលក់អគារឈើបីខ្នង ជាដើម។ លោកបន្តថា អំពើពុករលួយទាំងនេះ លោកនាយក ម៉ៅ គឹមលី បានប្រព្រឹត្តតាំងពីឆ្នាំ២០០៨ រហូតបច្ចុប្បន្ន បណ្ដាលឲ្យក្រុមគ្រូបង្រៀនបាក់ទឹកចិត្តក្នុងការបង្រៀនសិស្ស និងបណ្ដាលឲ្យប៉ះពាល់ដល់វិស័យអប់រំធ្ងន់ធ្ងរ៖ «នៅពេលដែលនាយកចាស់គាត់ចូលនិវត្តន៍ទៅ លុយដែលនៅសេសសល់ជាង ១០លានក៏បាត់ដែរ ចឹងវាសព្វទិសសព្វទី ហើយចឹងវាបាត់ទៅ ហើយអភិវឌ្ឍឃើញតិចតួចបំផុតបាទ»។
ឆ្លើយតបនឹងបញ្ហានេះ នាយកវិទ្យាល័យរមាសហែក លោក ម៉ៅ គឹមលី បដិសេធការលើកឡើងរបស់លោកគ្រូអ្នកគ្រូ ថាជាការមួលបង្កាច់ដោយលើកហេតុផលថា ការគ្រប់គ្រងរបស់សាលាមាននាយករងផ្នែកនីមួយៗដើម្បីទទួលខុសត្រូវ និងបានធ្វើរបាយការណ៍ចំណូលចំណាយថវិកាសាលា៖ «ខ្ញុំដឹងបានមួយចំនួនដែរបាទ! គាត់ៗហ្នឹងគាត់ចោទខ្ញុំ ប៉ុន្តែខ្ញុំគិតថា រឿងរបស់គាត់ចោទខុសត្រូវ អាហ្នឹងនៅលើថ្នាក់លើដែលគាត់ដោះស្រាយ»។
កាលពីថ្ងៃទី១៩ ឧសភា ក្រុមគ្រូបង្រៀនសរសេរលិខិតផ្ដិតមេដៃដាក់ពាក្យប្ដឹងទៅក្រសួងអប់រំ សំណើឲ្យក្រសួងចុះអន្តរាគមន៍លើភាពមិនប្រក្រតីធ្ងន់ធ្ងរ ករណីចាយវាយថវិកាភីប៊ី និង SIG ព្រមទាំងប្រើប្រាស់សម្ភារៈសាលាក្រោមការដឹកនាំរបស់ លោក ម៉ៅ គឹមលី។
ទាក់ទិនករណីនេះ ប្រធានការិយាល័យអប់រំស្រុករមាសហែក លោក ចាប់ សាឡន ឲ្យដឹងនៅថ្ងៃទី២៩ ឧសភា ថា លោកបានហៅអ្នកពាក់ព័ន្ធ នាយក និងតំណាងលោកគ្រូអ្នកគ្រូ សួរនាំ និងធ្វើរបាយការណ៍ទៅមន្ទីរ ក៏ប៉ុន្តែមន្ទីរក៏ធ្លាប់បានចុះត្រួតពិនិត្យដែរ។ លោកបន្តថា ការសម្រេចចំពោះបញ្ហានេះ គឺអាស្រ័យលើមន្ទីរអប់រំ៖ «នីតិវិធីត្រង់មន្ទីរដោះស្រាយយ៉ាងម៉េច? យើងខ្ញុំអត់ទាន់ដឹងទេ ព្រោះខ្ញុំសុំយោបល់គាត់»។
ប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ថ្លែងថា ក្រសួងត្រូវតែចាត់វិធានការរឿងនេះជាបន្ទាន់ ព្រោះវាអាចបង្កឲ្យប៉ះពាល់ដល់ស្មារតីបង្រៀនរបស់លោកគ្រូអ្នកគ្រូជាឧបសគ្គចម្បងដល់ការសិក្សារបស់សិស្សានុសិស្ស៖ «សុំឲ្យក្រសួងអប់រំ ចុះទៅសង្កេតចាយលុយភីប៊ីខុសប្រក្រតីនេះ ដើម្បីដកបែកភាពនាយកសាលាចេញពីនាយកសាលា ដែលធ្វើឲ្យវិស័យអប់រំបានធ្លាក់ចុះ»។
នាយកវិទ្យាល័យរមាសហែក ឲ្យដឹងថា វិទ្យាល័យនេះមានអគារចំនួន១៦ ក្នុងនោះមានសិស្សកំពុងសិក្សាសរុបចំនួនជិត ២ពាន់នាក់ ក្នុងនោះសិស្សស្រីជាង ៨០០នាក់។ វិទ្យាល័យនេះមានគ្រូសរុបចំនួន ៩២នាក់ ក្នុងនោះមានគ្រូស្រីចំនួនជាង ២០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
