ក្រុមតន្ត្រីជនពិការ នឹងប្រគំតន្ត្រីរួមគ្នាជាមួយតារាចម្រៀងល្បីៗមួយចំនួននៅល្ងាចថ្ងៃទី២៧ សីហា នៅផ្សាររាត្រី ស្ថិតនៅខាងកើតផ្សារចាស់ រាជធានីភ្នំពេញ។ ការប្រគំតន្ត្រីនេះ ក្នុងគោលដៅសំខាន់ជួយលើកទឹកចិត្តជនពិការកម្ពុជា និងជួយគាំទ្រជីវភាពរបស់ពួកគាត់ ដែលកំពុងជួបការលំបាក។
"អ្នក និងខ្ញុំ មានស្នាមញញឹមដូចគ្នា" គឺជាប្រធានបទធំក្នុងគម្រោងប្រគំតន្ត្រីជនពិការនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ខាងមុខនេះ។
នាយកប្រតិបត្តិនៃអង្គការសកម្មភាពលើយុវវ័យពិការ ដើម្បីអភិវឌ្ឍន៍ លោក អ៊ាង ចាន់ដារ៉ា ដែលជាអ្នកដឹកនាំការប្រគំតន្ត្រីនេះ បានឲ្យដឹងថា ការប្រគំតន្ត្រីនេះធ្វើឡើងក្នុងទ្រង់ទ្រាយធំលើកទីមួយដែលពុំធ្លាប់មាន។ កម្មវិធីនេះជាការរួមគ្នារវាងអ្នកចម្រៀង តន្ត្រីករពិការ និងតារាចម្រៀងល្បីៗដូចជា លោក ណុប បាយ៉ារិទ្ធ កញ្ញា តាក់ម៉ា កញ្ញា ពេជ្រ សោភា ក្រុមកំប្លែងនាយពាក់មី ព្រមទាំងតារាល្បីៗជាច្រើនផ្សេងទៀត ដោយចាប់ផ្តើមពីម៉ោង ៦ល្ងាចដល់ម៉ោង ១០យប់ថ្ងៃទី២៧ សីហា ក្នុងបរិវេណផ្សាររាត្រី ស្ថិតនៅខាងកើតផ្សារចាស់ រាជធានីភ្នំពេញ។
លោក អ៊ាង ចាន់ដារ៉ា បញ្ជាក់ទៀតថា វត្ថុបំណងសំខាន់ក្នុងការប្រគំតន្ត្រីនេះ គឺចង់បង្ហាញពីសមត្ថភាពចំណេះជំនាញរបស់បងប្អូន ជាពិសេសយុវវ័យជាជនពិការ ចង់ទាក់ទាញសាធារណជនផ្ដល់សេចក្ដីស្រឡាញ់ដល់ជនពិការគ្រប់រូប ពីព្រោះជនពិការជាជនដែលងាយរងគ្រោះ និងកំពុងជួបការលំបាកគ្រប់បែបយ៉ាង៖ «អ៊ីចឹងបានជាយើងដាក់ចំណងថា អ្នក និងខ្ញុំ មានស្នាមញញឹមដូចគ្នា ចង់និយាយថា ជនពិការមានការលំបាកច្រើនអត់សូវមានស្នាមញញឹមទេ ចង់ឲ្យសង្គមគិតគូរថា តើត្រូវផ្តល់ស្នាមញញឹមយ៉ាងម៉េចខ្លះដល់ពួកគាត់»។
លោកបន្តថា ជាងនេះទៅទៀត កម្មវិធីនេះធ្វើឡើងដើម្បីប្រមូលវិភាគទានយកទៅជួយដល់ជីវភាពជនពិការ ដែលកំពុងជួបការលំបាកខ្លាំង ជាពិសេសជួយដល់កុមារពិការផ្នែកសតិបញ្ញាដែលខ្វះអ្នកថែទាំ និងផ្គត់ផ្គង់ដល់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថា ជនពិការកម្ពុជា មានប្រមាណជាង ៣០ម៉ឺននាក់។
ប្រធានអង្គការជនពិការកម្ពុជា លោក ងិន សៅរ័ត្ន មានប្រសាសន៍ថា ការរួមគ្នាសម្ដែងសិល្បៈ ដើម្បីទទួលបានថវិកាពីសប្បុរសជនជួយជនពិការទីទាល់ក្រីក្រនោះ គឺជាការប្រសើរ ប៉ុន្តែវិធីនេះអាចជួយបានតែមួយពេលៗក្នុងរយៈពេលខ្លីប៉ុណ្ណោះ តែបើនិយាយពីផែនការជួយឧបត្ថម្ភជនពិការជាអចិន្ត្រៃយ៍នោះ គឺមានតែរដ្ឋាភិបាលទេដែលមានតួនាទី ភារកិច្ចតាមផ្លូវច្បាប់ក្នុងរឿងនេះ៖ «អ៊ីចឹងបើនិយាយពីនិរន្តរភាពរបស់ក្រុមគាត់ គឺទាមទារឲ្យមានការចូលរួមពីរដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលត្រូវតែបន្តការអនុវត្តច្បាប់ ស្ដីពីកិច្ចការពារសិទ្ធិជនពិការ ច្បាប់មានហើយ តែការអនុវត្តច្បាប់ការផ្សព្វផ្សាយច្បាប់នៅតាមអន្តរក្រសួង មិនទាន់បានទូលំទូលាយនៅឡើយទេ។ អ៊ីចឹងយើងសុំឲ្យរដ្ឋាភិបាលដាក់កញ្ចប់ថវិកាជាតិបន្ថែមទៀត ដើម្បីឲ្យការអនុវត្តច្បាប់នោះបានល្អសម្រាប់ជនពិការ»។
លោក ងិន សៅរ័ត្ន បានឲ្យដឹងទៀតថា ទាក់ទងនឹងរបបគោលនយោបាយដែលរដ្ឋាភិបាលបានប្រកាសផ្តល់ថវិកាដល់ជនពិការម្នាក់ ២ម៉ឺនរៀលក្នុងមួយខែនោះ បច្ចុប្បន្នពួកគាត់មិនទាន់មានការអនុវត្តនៅឡើយទេ បើទោះបីជារដ្ឋាភិបាលបានដាក់ចេញនូវបន្ទាត់ថវិកាសម្រាប់អនុវត្តនយោបាយនេះរយៈពេល ៣ឆ្នាំកន្លងមកហើយក្តី។
ទាក់ទងបញ្ហានេះ លោកស្នើសុំឲ្យរដ្ឋាភិបាល ឬក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន អនុវត្តនូវគោលនយោបាយនេះឲ្យបានឆាប់ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់គ្រួសារជនពិការឲ្យរស់នៅបានសមរម្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
