អ្នកជំនាញមុជទឹកបាតសមុទ្រកម្ពុជា ខេត្តព្រះសីហនុ បង្ហាញប្រយោជន៍ច្រើនយ៉ាងដែលទទួលបានពីការរៀនចេះជំនាញមុជទឹកសមុទ្រ ដោយអះអាងថា អាចជួយកាត់បន្ថយទុក្ខកង្វល់ និងជាកីឡាមួយប្រភេទជួយថែរក្សាជីវចម្រុះ ឬធនធានធម្មជាតិក្នុងបាតសមុទ្រកម្ពុជា ឲ្យគង់វង្ស។
អ្នកឯកទេសមុជទឹកសមុទ្រ និងជាប្រធានក្រុមហ៊ុនមុជទឹកបាតសមុទ្រកម្ពុជា លោក កាន់ ភារៈ ផ្តល់សម្ភាសឲ្យអាស៊ីសេរីថា មនុស្សគ្រប់ៗរូបដែលមានកាយសម្បទារឹងមាំ គួររៀនឲ្យចេះជំនាញមុជទឹកសមុទ្រ ដើម្បីមានឱកាសចុះទៅបាតសមុទ្រមើលធនធានធម្មជាតិក្នុងបាតសមុទ្រកម្ពុជា មានដូចជា ត្រីសមុទ្រជាច្រើនប្រភេទ និងផ្កាថ្មចម្រុះពណ៌ ជាដើម។
អ្នកឯកទេសមុជទឹកសមុទ្រប្រចាំខេត្តព្រះសីហនុ លោក កាន់ ភារៈ បានអះអាងថា ជំនាញមុជទឹក គឺជាកីឡាមួយប្រភេទដែលភ្ញៀវទេសចរបរទេសទាំងពីរភេទពេញនិយម ហើយតែងមកទទួលការបណ្តុះបណ្តាលនេះពីក្រុមហ៊ុនមុជទឹកបាតសមុទ្រកម្ពុជា ជាបន្តបន្ទាប់។ ប៉ុន្តែបច្ចុប្បន្ននេះ លោកចាប់អារម្មណ៍ថា មានភ្ញៀវទេសចរជាតិ ពិសេសមន្ត្រីរាជការបម្រើការងារនៅក្នុងជួរថ្នាក់ដឹកនាំរដ្ឋាភិបាល ក៏បានចាប់អារម្មណ៍ និងរៀនជំនាញមុជទឹកសមុទ្រ មានចំនួនច្រើននាប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោក កាន់ ភារៈ បង្ហាញប្រយោជន៍ទទួលបានពីការចេះជំនាញមុជទឹកក្នុងបាតសមុទ្រថា អ្នកចេះជំនាញនេះនឹងជួយឲ្យពួកគេមានអារម្មណ៍រីករាយ ឈានដល់កាត់បន្ថយភាពតានតឹងក្នុងខ្លួនមនុស្សម្នាក់ៗ នៅពេលពួកគេចុះមុជទឹកមើលជីវចម្រុះក្នុងបាតសមុទ្ររួមមាន ផ្កាថ្មជាច្រើនប្រភេទ ឬភាពសម្បូរបែបនៃត្រីសមុទ្រប្លែកៗនៅក្នុងទឹកសមុទ្រ៖ «ការមុជទឹកនេះ មិនត្រឹមតែជាកីឡាមួយធ្វើឲ្យមានភាពរីករាយសប្បាយក្នុងការមុជទឹកសម្រាកខួរក្បាលនោះទេ ប៉ុន្តែវាជាកីឡាមួយប្រភេទដែលអាចជួយព្យាបាលជំងឺស្ត្រែស ឬជំងឺតានតឹងក្នុងអារម្មណ៍បានមួយចំណែកដែរ។ ទន្ទឹមគ្នានេះ កីឡាមុជទឹកក្រោមបាតសមុទ្រនេះ ក៏មានភ្ញៀវជាតិ អន្តរជាតិ និងយុវជនមួយចំនួនធំ ពួកគេមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើជីវចម្រុះ មាននៅក្នុងបាតសមុទ្រប្រទេសកម្ពុជា យើង នៅគ្រាប្រទេសយើងបានទើបបើកទូលំទូលាយខាងផ្នែកទេសចរណ៍ ទាក់ទងប្រភេទកីឡាមុជទឹកក្រោមបាតសមុទ្រនេះតែម្តង»។
អ្នកជំនាញមុជទឹកសមុទ្រដែលឆ្លងកាត់ការសិក្សាមកពីប្រទេសជាច្រើននៅលើពិភពលោក និងមានជំនាញបង្រៀនមុជទឹកសមុទ្រជិត ១០ឆ្នាំ លោក កាន់ ភារៈ ឲ្យដឹងថា បើកាលណាមនុស្សម្នាក់ៗរៀនចេះជំនាញមុជទឹក និងបានចុះទៅមើលជីវចម្រុះក្នុងបាតសមុទ្រ នឹងអាចឲ្យអ្នកទាំងនោះងាកមកចាប់អារម្មណ៍ និងចេះស្រឡាញ់ការពារធនធានធម្មជាតិដែលមាននៅក្នុងបាតសមុទ្រកម្ពុជា។
អ្នកឯកទេសរូបនេះឲ្យដឹងថា ការចាប់យកអាជីពជាអ្នកបណ្តុះបណ្តាលជំនាញមុជទឹកសមុទ្ររបស់ខ្លួននៅពេលនេះ គឺមួយផ្នែកមានបំណងចង់ចូលរួមចំណែកថែរក្សាអភិរក្សធនធានធម្មជាតិក្នុងបាតសមុទ្រកម្ពុជា ឲ្យគង់វង្សជាមួយរដ្ឋាភិបាល ពិសេសជាងនេះ លោក កាន់ ភារៈ អះអាងថា ក៏ចង់យកអាជីពនេះដើម្បីជាការទាក់ទាញកំណើនភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាខេត្តព្រះសីហនុ ឲ្យបានច្រើនថែមទៀត។
គ្រូជំនាញមុជទឹកសមុទ្ររូបនេះបានស្នើដល់ប្រជាពលរដ្ឋទូទៅ ដែលមានកាយសម្បទារឹងមាំ គួរត្រូវមកទទួលជំនាញមុជទឹកសមុទ្រឲ្យបានច្រើន ដើម្បីជាការកម្សាន្ត និងរួមគ្នាថែរក្សាធនធានធម្មជាតិ ឬជីវចម្រុះក្នុងសមុទ្រកម្ពុជា ឲ្យសម្បូរថែមទៀត៖ «កីឡាមុជទឹកក្រោមបាតសមុទ្រនេះ គឺជាកីឡាទាន់សម័យមួយប្រភេទថ្មីមួយ ហើយពេលបច្ចុប្បន្ននេះ កំពុងមានចំណាប់អារម្មណ៍ពីក្រុមយុវជនជាច្រើន បានចូលចិត្ត និងរួមគ្នាលេងកីឡាប្រភេទនេះ ពិសេសជាងនេះ ចំពោះអ្នកស្រាវជ្រាវប្រវត្តិសាស្ត្រ មានដូចជាការរុករកកប៉ាល់ចម្បាំងដែលលិចពីសម័យសង្គ្រាម ពីជំនាន់ដើម ឬក៏ប្រវត្តិសាស្ត្រដែលកប់បាត់នៅក្នុងបាតសមុទ្រ គឺពួកគេកំពុងតែពេញនិយមប្រភេទកីឡាមុជទឹកក្រោមបាតសមុទ្រនេះនាពេលបច្ចុប្បន្ន»។
ភ្ញៀវទេសចរជាតិ និងជាសិក្ខាកាមមកពីរាជធានីភ្នំពេញ ដែលបានចូលរួមវគ្គបណ្តុះបណ្តាលជំនាញមុជទឹកសមុទ្រនៅក្នុងក្រុមហ៊ុនមុជទឹកបាតសមុទ្រកម្ពុជា មានទីតាំងនៅជិតរង្វង់មូលតោពីរ ខេត្តព្រះសីហនុ កាលពីថ្ងៃច័ន្ទ ទី១០ ខែមេសា បង្ហាញការចាប់អារម្មណ៍ខ្លាំងទៅលើជំនាញមុជទឹកសមុទ្រនេះ។
ក្រោយពេលបញ្ចប់វគ្គសិក្សាទ្រឹស្ដី និងបានអនុវត្តមុជទឹកផ្ទាល់ក្នុងអាងទឹកសិប្បនិម្មិតជាជំហានដំបូងរួចមក ពួកគេម្នាក់ៗយល់ថា ជំនាញមុជទឹក គឺជាកីឡាមួយប្រភេទដែលមនុស្សគ្រប់ៗរូបត្រូវតែរៀនឲ្យចេះ ព្រោះបានជួយដល់ការតាំងចិត្ត និងការប្រមូលអារម្មណ៍ឲ្យស្ងប់។ ពួកគេអះអាងថា បន្ទាប់ពីបានហ្វឹកហាត់ជំនាញមុជទឹក និងឆ្លងកាត់ការអនុវត្តចុះមុជទឹកក្នុងបាតសមុទ្រជាបន្តបន្ទាប់រួចមក ពួកគេយល់ថា ការចេះជំនាញមុជទឹកក្នុងបាតសមុទ្រ អាចនាំឲ្យអារម្មណ៍ពួកគេសប្បាយរីករាយនៅពេលឃើញទិដ្ឋភាពប្លែក ឬជីវចម្រុះនៅក្នុងបាតសមុទ្រមានត្រីសមុទ្រច្រើនប្រភេទ និងផ្កាថ្មចម្រុះពណ៌មាននៅក្នុងបាតសមុទ្រ។
សិក្ខាកាមក្រុមនេះអះអាងថា ពួកគេមានគម្រោងណាត់ជួបមិត្តភ័ក្ដិដែលមានជំនាញមុជទឹកមើលជីវចម្រុះនៅក្នុងបាតសមុទ្រនៅក្បែរកោះរ៉ុង និងកោះតាង រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមេសា ពោល គឺក្រោយពិធីបុណ្យចូលឆ្នាំខ្មែរបានបញ្ចប់ ដោយគ្រោងជ្រើសយកឆ្នេរឡុងសិត និងកោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង សម្រាប់ទីតាំងនៃការណាត់ជួប។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា ប្រកាសស្វាគមន៍ប្រតិបត្តិករទេសចរនៅទូទាំងខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ឲ្យរួមគ្នាបង្កើតកម្មវិធីកម្សាន្តផ្សេងៗ និងប្លែកៗ ដើម្បីរួមគ្នាទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឲ្យងាកមកចាប់អារម្មណ៍មូលដ្ឋាននេះសម្រាប់លំហែកាយ។
លោកស្នើដល់ប្រតិបត្តិករទេសចរទាំងអស់ ត្រូវពង្រឹងគុណភាពសេវាកម្មទេសចរណ៍របស់ខ្លួនឲ្យមានគុណភាព និងរួមគ្នាថែរក្សាបរិស្ថានឆ្នេរ ឬទីសាធារណៈឲ្យមានអនាម័យឲ្យបានទាំងអស់គ្នា ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តនេះបានច្រើននៅបណ្ដាឆ្នាំខាងមុខ។
លោក គ្រឹស្នា ស្នើដល់វិស័យឯកជននានា ត្រូវរួមសហការគ្នាបង្កើតកម្មវិធីកម្សាន្តឲ្យបានច្រើននៅតាមទីតាំងរៀងៗខ្លួន ឬនៅតាមតំបន់ឆ្នេរខេត្តព្រះសីហនុ ដើម្បីផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរដែលចូលមកទស្សនាខេត្តនេះ៖ «ស្នើឲ្យវិស័យឯកជនជួយវិនិយោគទៅលើផ្នែកស្តង់ដាររមណីយដ្ឋាន សណ្ឋាគារឲ្យបានច្រើនថែមទៀត ព្រោះយើងដឹងស្រាប់ហើយថា កំណើនភ្ញៀវដែលចូលមកទស្សនារាល់ឆ្នាំនេះ គឺភ្ញៀវជាតិ អន្តរជាតិ មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ហើយយើងចង់ឲ្យមានការវិនិយោគប្រភេទស្តង់ដារសេវាកម្មស្នាក់នៅឲ្យបានច្រើនថែមទៀត ព្រោះយើងដឹងហើយ គោលដៅតំបន់ឆ្នេរខេត្តព្រះសីហនុ នេះ គឺជាគោលដៅមានសក្ដានុពលសម្រាប់វិស័យទេសចរណ៍ » ។
របាយការណ៍មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ឆ្នាំ២០១៦ ឲ្យដឹងថា ខេត្តនេះទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិកើនឡើងជាង ២០ភាគរយ បើប្រៀបធៀបឆ្នាំ២០១៥ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួនជិត ៤០ម៉ឺននាក់ និងភ្ញៀវជាតិមានចំនួនជាង ១លាន ២សែននាក់។
ឆ្នេរសមុទ្រខេត្តព្រះសីហនុ មានប្រវែងជាង ១៧១គីឡូម៉ែត្រ (១៧១.៣៥គីឡូម៉ែត្រ) ហើយមានឆ្នេរខ្សាច់សក្បុស ទឹកសមុទ្រថ្លា ឆ្នេររាក់ ត្រីសមុទ្រ ផ្កាថ្មចម្រុះពណ៌ និងមានកោះចំនួន៣២ មានជីវចម្រុះ ឬធនធានធម្មជាតិសម្បូរបែប និងស្រស់ស្អាត ជាសក្ដានុពលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នាថ្ងៃអនាគតនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
