មូលហេតុ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍

អង្គការ និង​ស្ថាប័ន​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក គឺ​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោល​នយោបាយ អេ.ភី.អាយ (API) អង្គការ​សម្ព័ន្ធ​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ខ្រាយ (CRY) គណៈកម្មការ​ជាតិ​សុវត្ថិភាព​ផ្លូវ​គោក (NRSC) រក​ឃើញ​ថា ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ជា​មូលហេតុ​ទី​២​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​កម្ពុជា បន្ទាប់​ពី​មូលហេតុ​បើក​ហួស​ល្បឿន។ អង្គការ និង​ស្ថាប័ន​ទាំង​នេះ ទាមទារ​ឱ្យ​មាន​គោល​នយោបាយ​ច្បាស់​លាស់ ដើម្បី​គ្រប់គ្រង​គ្រឿង​ស្រវឹង។

0:00 / 0:00

សិក្ខា​សាលា​ថ្នាក់​ជាតិ​ស្ដី​អំពី​គោល​នយោបាយ​ចំពោះ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ដែល​អង្គការ​៣​រួម​គ្នា​រៀប​ចំ​ធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា នោះ បាន​សិក្សា​ស្រាវជ្រាវ​រក​ឃើញ​ថា ខេត្ត​ក្រុង​សំខាន់ៗ​ចំនួន​៥ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ច្រើន​ជាង​គេ។

នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោល​នយោបាយ លោក ណែប ស៊ីនថៃ មាន​ប្រសាសន៍​ថា ខេត្ត​ទាំង​៥ នោះ រួម​មាន ខេត្ត​កំពង់ស្ពឺ កំពង់ចាម តាកែវ កណ្ដាល និង​ខេត្ត​បាត់ដំបង។ លោក​ថា ឥរិយាបថ​អ្នក​បើកបរ​យានយន្ត​នៅ​តែ​មិន​មាន​ការ​ថយ​ចុះ ក្របខ័ណ្ឌ​ច្បាប់​ចរាចរណ៍​កម្ពុជា នៅ​ខ្វះ​ចន្លោះ ការ​ផ្សព្វផ្សាយ​អំពី​សុវត្ថិភាព​ចរាចរណ៍​នៅ​មាន​កម្រិត​ទាប​ជាង​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ដែល​រដ្ឋាភិបាល​គួរ​ពិចារណា​បន្ថែម​ទៀត។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ស្ថាប័ន​ទាំង​នេះ បាន​បង្ហាញ​ថា ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់​មិន​ល្អ ការ​មិន​យល់​ដឹង​អំពី​ច្បាប់ និង​មិន​គោរព​ច្បាប់​ចរាចរណ៍ ដោយ​អ្នក​ប្រើប្រាស់​ផ្លូវ​ថ្នល់ គឺ​ជា​មូលហេតុ​នាំ​មុខ​មួយ​នៃ​ការ​ស្លាប់​នៅ​ប្រទេស​កម្ពុជា ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​ដែល​មាន​អាយុ ២០ ទៅ ២៩​ឆ្នាំ។ គិត​ត្រឹម​ឆ្នាំ​២០១២ តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ចំនួន​ជាង ៤.២៥០​ករណី ដែល​ក្នុង​ចំនួន​នេះ​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ប្រមាណ ២​ពាន់ (១.៩៦៦​នាក់) និង​របួស​ធ្ងន់​ជាង ៥​ពាន់​នាក់ (៥.៣៤៩​នាក់)។ ក្នុង​ចំណោម​តួលេខ​ទាំង​នេះ មាន ១៣% បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយសារ​តែ​ការ​បើកបរ​នៅ​ពេល​ស្រវឹង។

អគ្គនាយក​រង​ផ្នែក​ដឹក​ជញ្ជូន និង​ជា​អគ្គលេខាធិការ​គណៈកម្មការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍ គឺ​លោក ពៅ ម៉ាលី មាន​ប្រសាសន៍​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍ ៩៦% គឺ​បណ្ដាល​មក​ពី​កត្តា​មនុស្ស​ដែល​ជា​អ្នក​បើកបរ។ តាម​ការ​ប៉ាន់​ស្មាន គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង អាច​មាន​ចំនួន​ច្រើន​ជាង ១៣% នៃ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស។

តំណាង​ម្ចាស់​ជំនួយ និង​អង្គការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ជា​សកល (GRSP=Global Road Safety Partnership) លោក រ៉េអូល ផាវលូវស្គី (Raoul Powlowski) ដែល​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា ថ្លែង​ថា នៅ​លើ​ពិភព​លោក មាន​មនុស្ស​ជាង ១​លាន ២​សែន​នាក់​ស្លាប់ និង​ចំនួន ២០ ទៅ ៥០​លាន​នាក់​ទៀត រង​របួស​បណ្ដាល​មក​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ជា​រៀង​រាល់​ឆ្នាំ។ លោក​ថា ប្រសិន​បើ​មិន​មាន​វិធាន​ការ​ណា​មួយ គ្រោះ​ថ្នាក់​ចរាចរណ៍​នឹង​ក្លាយ​ជា​មូលហេតុ​ទី​៥ ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ទូទាំង​ពិភពលោក។

បន្ទាប់​ពី​ការ​រក​ឃើញ​កត្តា​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា អ្នក​ចូល​រួម​សិក្ខា​សាលា​ផ្ដល់​អនុសាសន៍​ចំនួន ១០ ដែល​មាន​ជា​អាទិ៍ គឺ​តម្រូវ​មាន​ច្បាប់​ចរាចរណ៍ និង​គោល​នយោបាយ ឬ​អនុក្រឹត្យ​ស្ដីពី​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង គួរ​តែ​បាន​អនុម័ត​នៅ​ក្នុង​អាណត្តិ​រដ្ឋាភិបាល​ទី​៥ ដែល​ជា​ច្បាប់ ឬ​បទ​បញ្ញត្តិ​ត្រូវ​ការ​ចាំបាច់​សម្រាប់​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​បណ្ដាល​មក​ពី​គ្រឿង​ស្រវឹង។

ទាក់ទង​នឹង​បញ្ហា​នេះ តំណាង​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់​នៃ​អគ្គ​ស្នងការ​នគរបាល​ជាតិ លោក ថី វិសាល ថ្លែង​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដែល​ពេល​នេះ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កំពុង​ពិនិត្យ។ លោក​បញ្ជាក់​ថា មាត្រា ៧៧ នៃ​ច្បាប់​ចរាចរណ៍​ថ្មី​នេះ នឹង​បង្កើន​ការ​ផាក​ពិន័យ ៥​ដង និង​ផ្ដន្ទាទោស​ធ្ងន់ធ្ងរ​ចំពោះ​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង។

ទោះ​ជា​ដូច្នេះ​ក្ដី លោក​ថ្លែង​ថា ការ​ផ្ដន្ទាទោស​នេះ​នៅ​មិន​ទាន់​ប្រាកដ​ប្រជា​នៅ​ឡើយ​ទេ រហូត​ទាល់​តែ​រដ្ឋសភា​អនុម័ត និង​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។