សហភាព​អឺរ៉ុប​ហាម​មិន​ឲ្យ​នាំ​ចូល​ត្រី​ពី​កម្ពុជា

0:00 / 0:00

កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​កសិកម្ម និង​ជលផល​របស់​សហភាព​អឺរ៉ុប បាន​អះអាង​នៅ​ថ្ងៃ​ទី​២៤ មីនា ថា ផលិតផល​ត្រី​របស់​កម្ពុជា ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​នាំ​ចូល​ទីផ្សារ​របស់​សហភាព​អឺរ៉ុប។ ការ​ហាម​ឃាត់​នេះ ដោយសារ​តែ​ធនធាន​ជលផល​កម្ពុជា ទាំង​នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​នេសាទ​ខុស​ច្បាប់ និង​ការ​ក្លែង​បន្លំ​នាវា​ដឹក​ជញ្ជូន ជាដើម។

សហភាព​អឺរ៉ុប ជា​ប្រទេស​ដែល​ទិញ​ត្រី​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក ភាគ​ច្រើន​នាំ​ចូល​មក​ពី​ប្រទេស​នៅ​តំបន់​អាស៊ី។ ស្រប​ពេល​ជាមួយ​គ្នា​នេះ សហភាព​អឺរ៉ុប ក៏​តែង​តែ​ព្រមាន​ដល់​ប្រទេស​ជា​អ្នក​នាំ​ចូល​ត្រី​ទាំង​នោះ ដោយ​ជៀសវាង​ការ​នេសាទ​ត្រី​ដោយ​ខុស​ច្បាប់ ជាដើម។ បច្ចុប្បន្ន ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី ត្រូវ​បាន​សហភាព​អឺរ៉ុប ផ្អាក​មិន​ឲ្យ​នាំ​ចូល​ធនធាន​ជលផល​របស់​ខ្លួន​ចូល​ទៅ​លក់​ក្នុង​ទីផ្សារ​សហភាព​អឺរ៉ុប។ ក្នុង​នោះ ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ដែល​មាន​ចំនួន ២៨​ប្រទេស បាន​ហាម​ការ​នាំ​ចូល​ត្រី​ពី​ប្រទេស​កម្ពុជា ដោយសារ​តែ​ប្រទេស​នេះ​មាន​វិធាន​ការ​តិចតួច​លើ​ការ​ទប់ស្កាត់​ការ​នេសាទ​ត្រី​ខុស​ច្បាប់។

កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​កសិកម្ម និង​ជលផល​របស់​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​២៤ មីនា បង្ហាញ​ថា បញ្ហា​នៃ​ការ​នាំ​ចូល​ធនធាន​ជលផល​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​រាយការណ៍​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​នេសាទ​ដោយ​ខុស​ច្បាប់។ បន្ថែម​លើ​នេះ ក្រុមហ៊ុន​នាំ​ចេញ​ត្រី​ទៅ​សហភាព​អឺរ៉ុប មួយ​ចំនួន​មិន​បាន​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​មិន​បាន​រាយការណ៍​អំពី​បរិមាណ​នាំ​ចេញ​ដល់​មន្ត្រី​រដ្ឋាភិបាល។

កំណត់​ហេតុ​នៃ​កិច្ច​ប្រជុំ​ដដែល បាន​រក​ឃើញ​ថា ចាប់​តាំង​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ រហូត​ដល់​បច្ចុប្បន្ន ប្រទេស​កម្ពុជា ពុំ​មាន​ការ​ប្ដេជ្ញា​ចិត្ត​លើ​ការ​ទប់ស្កាត់​អំពើ​នេសាទ​ខុស​ច្បាប់។ ការ​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​វិស័យ​កសិកម្ម និង​ជលផល ដែល​ពុំ​ធ្លាប់​ធ្វើ​ពី​មុន​មក​របស់​សហភាព​អឺរ៉ុប បាន​ផ្អាក​ការ​នាំ​ចូល​ត្រី​ពី​ប្រទេស​កម្ពុជា។

ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ជលផល លោក ណៅ ធួក មិន​អាច​អត្ថាធិប្បាយ​បាន​ឡើយ នៅ​ថ្ងៃ​ទី​២៤ មីនា ដោយសារ​លោក​កំពុង​ជាប់​រវល់។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អង្គការ​សង្គម​ស៊ីវិល​បាន​អះអាង​ថា ការ​ហាម​ឃាត់​នេះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាត់​បង់​កេរ្តិ៍​ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ និង​ការ​កៀរគរ​ជំនួយ​បរទេស ជាដើម។

ប្រធាន​អង្គការ​សម្ពន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល លោក អ៊ុំ សាវាត មាន​ប្រសាសន៍​ថា បទ​ល្មើស​នេសាទ និង​បញ្ហា​ដែល​ទាក់ទង​នឹង​ឯកសារ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប គឺ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​បាន​តិចតួច ជាពិសេស​ច្បាប់​ប្រឆាំង​នឹង​បទ​ល្មើស​នេសាទ៖ «ទាក់ទង​នឹង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​ធ្វើ​នេសាទ រូបភាព​ដូច​ជា​វែក​ចក​អ៊ីចឹង។ ការ​ចូល​រួម​ពី​សមត្ថកិច្ច​ជំនាញ​ពី​កន្លែង​នេះ ដល់​កន្លែង​នោះ​វា​កើត​មាន​ទៀត។ អ៊ីចឹង ហាក់​ដូច​ជា​ការ​អនុវត្ត​ច្បាប់​មិន​សូវ​មាន​ប្រសិទ្ធភាព។ ប្រសិន​បើ​សហភាព​អឺរ៉ុប ពិនិត្យ​ឃើញ​ស្ថានភាព​ហ្នឹង ហើយ​ចង់ យើង​ជំរុញ​ការ​គោរព​ច្បាប់ វា​ជា​ការ​ល្អ​មួយ ដើម្បី​ធ្វើ​យ៉ាង​ណា​រួម​ចំណែក​អភិវឌ្ឍ​ធនធាន​ជលផល ឬ​ដក​ហូត​ការ​នាំ​ចេញ​ឲ្យ​វា​ស្រប​ច្បាប់»

លោក អ៊ុំ សាវាត បញ្ជាក់​ទៀត​ថា ក្រៅ​ពី​បញ្ហា​អនុវត្តន៍​ច្បាប់ ក៏​មាន​អ្នក​ប្រកប​អាជីវកម្ម​មួយ​ចំនួន បាន​សូកប៉ាន់​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ទទួល​បាន​កិច្ច​សន្យា ឬ​កិច្ច​ព្រមព្រៀង​អាជីវកម្ម។ កត្តា​នេះ ក៏​ជំរុញ​ឲ្យ​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​បទ​ល្មើស​នេសាទ​កាន់​តែ​អន់​ខ្សោយ។

ក្រៅ​ពី​បញ្ហា​នេះ សហភាព​អឺរ៉ុប បាន​រក​ឃើញ​ដដែល​អំពី​ការ​នាំ​ចូល​ត្រី​ពី​ប្រទេស​កម្ពុជា នោះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​កប៉ាល់​ដែល​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា ប៉ុន្តែ​មាន​ដោត​ទង់ជាតិ​របស់​ប្រទេស​កម្ពុជា។ ការ​រក​ឃើញ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ជួញ​ដូរ​ត្រី​ដោយ​ខុស​ច្បាប់ ដែល​សហភាព​អឺរ៉ុប បាន​ហាម​ឃាត់​មិន​ឲ្យ​លក់​ក្នុង​ទីផ្សារ​របស់​ខ្លួន​ឡើយ។

ទោះ​ជា​យ៉ាង​ក៏ដោយ រដ្ឋាភិបាល​មិន​មាន​សិទ្ធិ​គ្រប់គ្រង​កប៉ាល់​ដែល​ដោត​ទង់ជាតិ​របស់​កម្ពុជា ឡើយ ដោយសារ​តែ​កម្ពុជា បាន​លក់​សិទ្ធិ​ចុះ​បញ្ជី​កប៉ាល់​ទៅ​ឲ្យ​ក្រុមហ៊ុន​របស់​កូរ៉េ​ខាង​ត្បូង មួយ​ត្រង់​តម្លៃ ៦​លាន​ដុល្លារ​អាមេរិក កាល​ពី​ឆ្នាំ​២០០៣។

របាយការណ៍​របស់​រដ្ឋបាល​ជលផល បាន​បង្ហាញ​ថា ប្រទេស​កម្ពុជា បាន​នាំ​ចេញ​ត្រី​ត្រង់​បរិមាណ​តិចតួច​ប៉ុណ្ណោះ​ទៅ​សហភាព​អឺរ៉ុប ដោយសារ​បច្ចេកទេស​នាំ​ចូល​មាន​ភាព​ស្មុគស្មាញ ប៉ុន្តែ​ការ​នាំ​ចេញ​ក្រៅ​ពី​ទីផ្សារ​អឺរ៉ុប មាន​តម្លៃ​យ៉ាង​ហោច​ណាស់​ជាង ៤០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។