គណៈកម្មការសហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា បានជំរុញឲ្យរដ្ឋាភិបាលក្នុងបណ្ដាប្រទេសនៃសហគមន៍អឺរ៉ុប ទាំងអស់ ដាក់ទណ្ឌកម្មផ្នែកពាណិជ្ជកម្មដល់បណ្ដាប្រទេសចំនួនបី ដែលនាំផលិតផលត្រីពីការនេសាទខុសច្បាប់ទៅលក់នៅទីនោះ។
ប្រទេសទាំងបីនោះរួមមាន កម្ពុជា ហ្គីននី (Guinea) និងប្រទេសប៊ែលលីស (Belize)។
គណៈកម្មការសហភាពអឺរ៉ុប ក៏នឹងជំរុញឲ្យមានការដាក់ទណ្ឌកម្មបែបនេះដល់ប្រទេសកូរ៉េខាងត្បូង ហ្កានណា (Ghanna) និងប្រទេសខួរ៉ាសាវ (Curacao) ដែរ ដោយសារបណ្ដាប្រទេសទាំងនេះមិនគោរពច្បាប់ និងកាតព្វកិច្ចអន្តរជាតិ។
ជុំវិញវិធានការតឹងរ៉ឹងរបស់គណៈកម្មការសហភាពអឺរ៉ុប អំពីការទាមទារឲ្យមានទណ្ឌកម្មផ្នែកពាណិជ្ជកម្មលើវិស័យនាំទិន្នផលត្រីពីការនេសាទខុសច្បាប់ ទៅលក់នៅអឺរ៉ុប នោះ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក យុទ្ធ ភូថង មានប្រសាសន៍ថា លោកនៅមិនទាន់បានដឹងអំពីចំណាត់ការរបស់សហគមន៍អឺរ៉ុប នៅឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបដិសេធថា កម្ពុជា គ្មានការនេសាទខុសច្បាប់ដូចការចោទប្រកាន់របស់អន្តរជាតិនោះទេ៖ «ដូចជាគ្មានការនេសាទខុសច្បាប់ទេ ពីព្រោះយើងបានប្រមូលយកអប់រំអស់ បង្ក្រាបអស់ហើយ។ ដូច្នេះ ការនេសាទខុសច្បាប់ បើមាន គឺមានតិចតួច ប៉ុន្តែវាគ្មានទៀតទេ»។
ប៉ុន្តែ ក្រុមអ្នកឃ្លាំមើលធនធានធម្មជាតិ អះអាងថា បទល្មើសនេសាទនៅកម្ពុជា នៅតែបន្តកើតឡើងយ៉ាងអានាធិបតេយ្យ ហើយក្នុងរយៈពេលចុងក្រោយនេះ បទល្មើសនេសាទខុសច្បាប់កំពុងស្ថិតក្នុងស្ថានភាពប្រកាសអាសន្ន។
លោក ឈឹម សាវុធ មន្ត្រីឃ្លាំមើលបរិស្ថាន និងធនធានធម្មជាតិរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងថា ទោះបីជាមានការហាមប្រាមដ៏ម៉ឺងម៉ាត់របស់ប្រមុខដឹកនាំរដ្ឋាភិបាល អំពីការនេសាទខុសច្បាប់ កាលពីពេលកន្លងទៅក៏ដោយ ក៏បញ្ហានេះបានកក្រើកឡើងវិញយ៉ាងខ្លាំងនៅតាមបណ្ដាខេត្តជាប់បឹងទន្លេសាប និងដងទន្លេមេគង្គ៖ «ត្រីនៅក្នុងបឹងទន្លេសាប ក៏ដូចជាត្រីនៅតាមបឹងបួនានាដែរ។ ប្រតិកម្មរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ទីកន្លែងទាំងអស់។ ក្រោយពីបទបញ្ជាលេខ០០១ ចេញបង្ក្រាបមួយរយៈមុនមក បទល្មើសនេសាទខុសច្បាប់ គឺកើនឡើងផ្ទុះសឹងគ្រប់ទីកន្លែងទាំងអស់។ បើនិយាយទៅ បទល្មើសខុសច្បាប់សឹងប្រហាក់ប្រហែលពេលមុនដដែល ហ្នឹងគ្មានការថយចុះទេ មានតែការកើនឡើងផងគ្រប់ទីកន្លែងទាំងអស់»។
លោក ឈឹម សាវុធ បន្តថា ទាំងបទល្មើសនេសាទ បទល្មើសព្រៃឈើ និងបទល្មើសរ៉ែ នៅកម្ពុជា បានកើតឡើងដោយសារតែអំពើពុករលួយរបស់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ដែលឃុបឃិតគ្នាជាមួយក្រុមឈ្មួញ។
លោកបន្តថា ដើម្បីបំបាត់បទល្មើសទាំងនេះបាន លុះត្រាសមត្ថកិច្ចកម្ពុជា បើកការស៊ើបអង្កេតខ្នាតធំមួយទៅលើក្រុមមន្ត្រីរដ្ឋាភិបាលកំពូលៗ ដែលជាប់ពាក់ព័ន្ធនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
