អ្នកសេដ្ឋកិច្ចនៃធនាគារពិភពលោក (World Bank) ផ្ដល់យោបល់ឲ្យរដ្ឋាភិបាលកម្ពុជា ពង្រឹងផលិតភាពផលិតផលកសិកម្មបន្ថែមទៀត ដើម្បីរក្សាកំណើនសេដ្ឋកិច្ចជាតិ។ ធនាគារពិភពលោក នៅថ្ងៃទី១១ ខែមេសា បានព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១៦ បន្តរឹងមាំក្នុងអត្រា ៦,៩%។
កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ចន្លោះពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ធ្លាក់ចុះតិចតួច បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥ ដែលមានកំណើនក្នុងអត្រា ៧%។ ការប្រែប្រួលបន្តិចនៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទសេដ្ឋកិច្ចសកលកំពុងប្រឈមនេះ ត្រូវបានធនាគារពិភពលោក អង្កេតពីការធ្លាក់ចុះតម្លៃកសិកម្ម ការនាំចេញសម្លៀកបំពាក់មានដែនកំណត់ និងការធ្លាក់ចុះកំណើននៃវិស័យទេសចរណ៍។
របាយការណ៍ «បច្ចុប្បន្នភាពសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក» សរសេរថា វិស័យឧស្សាហកម្ម ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង នឹងនៅរក្សាកំណើនបានរឹងមាំ តែធ្លាក់ចុះបន្តិច ខណៈសេដ្ឋកិច្ចអឺរ៉ុប និងអាមេរិក ដែលជាទីផ្សារធំសម្រាប់ការនាំចេញរបស់កម្ពុជា រងការរង្គោះរង្គើ។ រីឯវិស័យសេវាកម្ម នឹងដាំក្បាលចុះបន្តិចនៅឆ្នាំ២០១៦ បណ្ដាលមកការថមថយនៃផ្នែកទេសចរណ៍ ដែលមួយផ្នែកប៉ះពាល់ដោយសារការធ្លាក់ចុះចំនួនទេសចរចិន។ ការធ្លាក់ចុះយ៉ាងគំហុកនៃសេដ្ឋកិច្ចរបស់ប្រទេសចិន មិនត្រឹមតែជះឥទ្ធិពលដល់វិស័យទេសចរណ៍ប៉ុណ្ណោះទេ តែវានឹងសាយភាយដល់លំហូរចូលនៃវិនិយោគផ្ទាល់ពីបរទេស (FDI) បណ្ដាលឲ្យមានសភាពយឺតយ៉ាវក្នុងរយៈពេលមធ្យម។
ចំណែកវិស័យកសិកម្មវិញ នឹងរួមចំណែកតិចតួចដល់កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០១៦ ដោយសារទិន្នផលកសិកម្មធ្លាក់ចុះ រងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត ក្រោមឥទ្ធិពលបាតុភូតធម្មជាតិ អែល នីណូ (El Nino)។
ទោះបីជាយ៉ាងណា សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោក លោក លី សូដេត ទទូចឲ្យរដ្ឋាភិបាល បង្កើនការយកចិត្តទុកដាក់បន្ថែមទៀត រកវិធីសាស្ត្រធ្វើសកម្មភាព ដើម្បីជួយដល់កសិករបង្កើនទិន្នផលកសិកម្ម៖ « កសិកម្មត្រូវតែពង្រឹង។ កសិកម្មយើងពឹងផ្អែកលើធាតុអាកាស ហើយប៉ុន្មានឆ្នាំនេះ មិនមែនតែកម្ពុជា ទេ គឺប្រទេសទាំងអស់ ជួបការលំបាក ទឹកខ្វះជាងមុន ភ្លៀងមិនបានជាប់លាប់។ ចឹងផលិតផលកសិកម្មពឹងលើភ្លៀង ជួបការលំបាក។ យើងត្រូវពង្រឹងកសិកម្មថែមទៀត ដើម្បីកុំពឹងតែពីខាងក្រៅ។ ឥឡូវយើងពឹងផ្អែកលើខាងក្រៅ »។
សេដ្ឋកិច្ចកម្ពុជា នៅបន្តមានសុខភាពមាំមួនសម្រាប់ឆ្នាំ២០១៦ ដោយសារការចូលរួមការបង្កើនការខ្ទង់ចំណាយរបស់រដ្ឋាភិបាល ទៅលើការដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការ ដែលនឹងបង្កើនតម្រូវការក្នុងស្រុក។
ទិន្នន័យរបស់ធនាគារពិភពលោក បង្ហាញថា ប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនឡើងដើរចូលទីផ្សារការងារផ្នែកឧស្សាហកម្ម ខណៈកម្លាំងការងារផ្នែកនេះ នៅមិនទាន់មានជំនាញគ្រប់គ្រាន់ឆ្លើយតបនឹងតម្រូវការ។
សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោក លោក មីហ្គែល អេកាដូ សានឆេហ្ស ម៉ាទីន (Miguel Eduardo Sanchez Martin) ផ្តល់យោបល់ថា រដ្ឋាភិបាលគួរបង្កើនខ្ទង់ថវិកាជាតិទៅលើវិស័យអប់រំ ពិសេសផ្នែកជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ។
បើក្រឡេកមើលវិស័យហិរញ្ញវត្ថុវិញ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ កំពុងរីកដុះដាល និងមានសកម្មភាពជាសញ្ញាវិជ្ជមាន។
ទោះបីជាយ៉ាងណា សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោក លោក មីហ្គែល អេកាដូ សានឆេហ្ស ម៉ាទីន ព្រមានពីហានិភ័យនៃវិស័យមួយនេះ។ លោកថា ចំណាត់ការរបស់ធនាគារជាតិកម្ពុជា ដែលចេញសេចក្តីប្រកាស ទាមទារឲ្យគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា ដាក់ប្រាក់តម្កល់បន្ថែមទ្វេដង ជាមធ្យោបាយមួយល្អ។ លោកក៏ស្នើឲ្យមានយុទ្ធនាការអប់រំអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុឲ្យបានទូលំទូលាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
