លោកបណ្ឌិត ហង់ ជួនណារ៉ុន អនុប្រធានប្រចាំការនៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សម្ពោធសៀវភៅមួយក្បាលមានចំណងជើងថា «សេដ្ឋកិច្ចកម្ពុជា៖ មាគ៌ាឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង វឌ្ឍនភាព បញ្ហាប្រឈម និងទស្សនវិស័យទៅអនាគត»។
លោកអះអាងថា សៀវភៅនេះជាសមិទ្ធផលនៃការស្រាវជ្រាវរបស់លោកអស់ពេល ១០ឆ្នាំ គ្របដណ្ដប់លើគ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ចកម្ពុជា។
ក្នុងពិធីផ្សព្វផ្សាយសៀវភៅនាសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅព្រឹកថ្ងៃទី២៩ ខែធ្នូ លោកបណ្ឌិត ហង់ ជួនណារ៉ុន មានប្រសាសន៍ថា សៀវភៅនេះនិពន្ធឡើងក្នុងបំណងចង់ឲ្យយុវជនសិក្សាស្វែងយល់ពីដំណាក់កាលនីមួយៗ នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលពីរទសវត្សកន្លងទៅ។
ក្រៅពីនេះ លោកក៏ជំរុញឲ្យយុវជន និងពលរដ្ឋកម្ពុជា សិក្សាស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទសមាហរណកម្មអាស៊ាន៖ «ខ្ញុំចង់ផ្សព្វផ្សាយឲ្យនិស្សិតយើង ឲ្យប្រជាជនយើងដឹងឲ្យបានទូលំទូលាយ ពាក់ព័ន្ធនឹងបញ្ហាអាស៊ាន ព្រោះផ្នែកមួយចុងក្រោយនៃសៀវភៅនេះ គឺពាក់ព័ន្ធនឹងទំនាក់ទំនងអន្តរជាតិ និងបញ្ហាអាស៊ាន។ អ៊ីចឹងនៅពេលដែលចូលជាសហគមន៍អាស៊ាន ខ្ញុំក៏ចង់ថា ធ្វើម៉េចឲ្យយុវជនយើង ប្រជាជនយើងដឹងពីរឿងអាស៊ានច្រើន។ អ៊ីចឹងហើយបានជាយើងជ្រើសរើសពេលវេលាសម្រាប់ផ្សព្វផ្សាយនេះ គឺនៅពេលនេះ គឺដើម្បីអាចឲ្យយើងចែករំលែក។ ខ្ញុំចង់ចែករំលែកនូវចំណេះដឹងមួយចំនួន ពាក់ព័ន្ធនឹងអាស៊ានហ្នឹងជូនដល់យុវជនយើង»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
