ក្រសួងអប់រំ យុវជន និងកីឡា អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន លើកទឹកចិត្តឲ្យយុវជនចូលរួមឲ្យបានកាន់តែច្រើនក្នុងការងារស្ម័គ្រចិត្ត ដើម្បីឲ្យពួកគេទទួលបានបទពិសោធន៍ថ្មីក្នុងជីវិតរបស់ខ្លួនទៅថ្ងៃអនាគត។ សារអំពាវនាវបែបនេះ ធ្វើឡើងក្នុងវេទិកាតម្រង់ទិសការងារស្ម័គ្រចិត្តយុវជន ដែលរៀបចំដោយអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC) នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រុងភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦។
“យុវជន និងឱកាសហ្វឹកហាត់ការងារ” គឺជាប្រធានបទនៃកិច្ចពិភាក្សាគ្នារវាងតំណាងក្រសួងអប់រំ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងវិស័យឯកជន ជាមួយនឹងយុវជនជាង ៣០០នាក់ ដែលរួមមានព្រះសង្ឃផង។ ចំណុចសំខាន់នៃវេទិកានេះ ត្រូវបានគេផ្ដោតសំខាន់ទៅលើអត្ថប្រយោជន៍នៃការងារស្ម័គ្រចិត្ត។
អគ្គនាយករងនៃអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ លោក ចឹក លីម មានប្រសាសន៍ថា ការងារស្ម័គ្រចិត្តមានសារសំខាន់ខ្លាំងណាស់ចំពោះយុវជន ពីព្រោះវាអាចជួយឲ្យពួកគេយល់ដឹងពីរបៀបធ្វើការនៅក្នុងអង្គភាពមួយ ដែលធ្វើឲ្យពួកគេអាចកំណត់នូវភាពខ្លាំងរបស់ខ្លួនបាន។ លោកបន្ថែមថា ការភ្ជាប់ខ្លួននឹងការងារស្ម័គ្រចិត្ត ជាផ្នែកមួយនៃការចូលរួមអភិវឌ្ឍប្រទេស៖ «នៅក្នុងអំឡុងពេលហ្វឹកហាត់ និងស្ម័គ្រចិត្តនោះ ចង់មិនចង់ ប្អូនអាចកំណត់នូវអត្តសញ្ញាណរបស់ខ្លួនឯងយ៉ាងពិតប្រាកដ។ នៅពេលខ្លះ យើងអត់ដឹងថាយើងពូកែអីឲ្យពិតប្រាកដ ប៉ុន្តែនៅពេលដែលយើងចូលប្រឡូកក្នុងការងារពិត ប្អូននឹងដឹងថា តាមពិតប្អូនពូកែខាងនេះ។ យើងនឹងចាប់ផ្ដើមស្គាល់ខ្លួនឯង។ យើងនឹងតម្រង់»។
វាគ្មិនមួយរូបទៀតមកពីអង្គការទស្សនៈពិភពលោក លោក ឡេង វីរៈ បញ្ចេញយោបល់ថា ការងារស្ម័គ្រចិត្តមានតម្លៃជាងការងារដែលទទួលបានប្រាក់កម្រៃទៅទៀត ពីព្រោះវាស្ដែងចេញអំពីទឹកចិត្តចង់ជួយសង្គមពិតប្រាកដ ហើយមិនអាចយកតម្លៃណាមកប្រៀបស្មើបាន។ លោកជំរុញឲ្យយុវជនទាំងអស់ ងាកមកចូលរួមការងារស្ម័គ្រចិត្តឲ្យបានកាន់តែច្រើន៖ «ធម្មតានៅក្នុងរូបភាពការងារជាអ្នកស្ម័គ្រចិត្ត មានន័យថា គឺជារយៈពេលនៃការសិក្សា។ បើទោះបីជាខុសត្រូវយ៉ាងម៉េច ក៏មានការអត់ឱន ពីព្រោះជាពេលវេលាស្ម័គ្រចិត្ត។ គាត់រៀនសូត្រខ្លួនគាត់ជាហូរហែ»។
ដោយឡែកលោកវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន វិញ បញ្ជាក់ថា ការងារស្ម័គ្រចិត្តនេះនឹងជួយឲ្យយុវជនពង្រឹងនូវជំនាញទន់របស់ខ្លួនកាន់តែប្រសើរ និងអាចឲ្យគេទទួលបានឱកាសការងារដោយងាយស្រួល។ វាគ្មិនមកពីវិស័យឯកជនរូបនេះ ណែនាំដល់និស្សិតថ្នាក់ឧត្តមសិក្សា ប្រឹងប្រែងរៀនសូត្រនៅឆ្នាំទី១ បន្ទាប់មកជ្រើសរើសស្ថាប័នណាមួយធ្វើការស្ម័គ្រចិត្តនៅឆ្នាំទី២ ប្រឹងរៀនបណ្ដើរ ប្រឹងធ្វើការស្ម័គ្រចិត្តបណ្ដើរ រហូតដល់ឆ្នាំទី៣ និងទី៤ ការងារនឹងរត់មករកពួកគេជាក់ជាមិនខាន៖ «សារសំខាន់នៃការងារស្ម័គ្រចិត្តមានបទពិសោធន៍ មានចំណេះដឹង ស្គាល់គេ ស្គាល់ឯង ហើយធ្វើល្អអស់ពីចិត្តពីថ្លើមទៅ។ គេយកយើងទៅធ្វើការដោយស្វ័យប្រវត្តិ មិនបាច់ដាក់ពាក្យ ហើយប្រាក់ខែច្រើនទៀត ហើយស្គាល់ផ្នត់គំនិតមនុស្ស ស្គាល់ថៅកែខូច ថៅកែកេងប្រវ័ញ្ច ថៅកែចិត្តបាន»។
ចំណែកយុវជនដែលប្រឡូកក្នុងការងារស្ម័គ្រចិត្តវិញ ថ្លែងថា ពួកគេទទួលបានបទពិសោធន៍ច្រើននៅក្នុងជីវិតតាមរយៈការងារនេះ ដូចជាការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ សមត្ថភាពដឹកនាំ និងឱកាសការងារ។ ពួកគេជំរុញឲ្យយុវជនផ្សេងទៀត ងាកមកចាប់អារម្មណ៍នឹងការងារប្រភេទនេះ ដើម្បីជាឱកាសពង្រឹងសមត្ថភាព និងជំនាញរបស់ខ្លួន។
ទន្ទឹមនឹងនេះ ពួកគេក៏បានស្នើដល់ភាគីពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាល ឲ្យបន្តសកម្មភាពលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងការងារស្ម័គ្រចិត្តដោយគ្មានការរើសអើងនិន្នាការ ឬវិស័យ មិនថាវិស័យអប់រំ សង្គមកិច្ច រហូតដល់នយោបាយ និងបរិស្ថាន ជាដើម៖ «ខ្ញុំព្រួយបារម្ភណាស់ ពេលខ្លះទាក់ទងនឹងសិទ្ធិដីធ្លី និងព្រៃឈើ គឺកម្រមានយុវជនហ៊ានតវ៉ាណាស់។ ពួកគាត់តវ៉ាសម្ដែងឆន្ទៈលះបង់ច្រើនណាស់។ យើងកោតសសើរពួកគាត់ ប៉ុន្តែពេលខ្លះយើងបានត្រឹមតែខឹងក្នុងចិត្តយើង ថាតើហេតុអ្វីបានជារដ្ឋាភិបាល ឬក៏អាជ្ញាធរទៅចាប់គាត់ដោយអត់មានមូលហេតុ។ ពេលខ្លះគាត់ធ្វើមិនមែនដើម្បីផលប្រយោជន៍គាត់ផងហ្នឹង។ ផលប្រយោជន៍ដើម្បីអ្នកភូមិ។ គាត់ឃើញអំពីភាពលំបាក។ យុវជនមិនមែនសុទ្ធតែអ្នកចេះច្បាប់ ដឹងថាការធ្វើរបស់គាត់ហ្នឹងប៉ះពាល់ដល់ស្ថាប័ន ឬនរណាម្នាក់នោះទេ។ អ៊ីចឹងរដ្ឋាភិបាលគួរតែមានតួនាទីចម្បង ដើម្បីបើកវគ្គបង្រៀន ឬក៏ផ្សព្វផ្សាយទូលំទូលាយឲ្យយុវជនទាំងនោះបានដឹង»។
ជំរឿនទូទៅប្រជារាស្ត្រកម្ពុជា ឆ្នាំ២០០៨ បង្ហាញថា យុវជនកម្ពុជា មានចំនួន ៣៣ភាគរយ ឬស្មើនឹងជាង ៤លាននាក់នៃចំនួនប្រជាជនសរុបទាំង ១៣លាននាក់។ ចំនួនយុវជនដ៏ច្រើនបែបនេះ គឺជាសក្ដានុពលរបស់កម្ពុជា ប៉ុន្តែបញ្ហាប្រឈមសំខាន់ជាងគេ គឺភាពអត់ការងារធ្វើ និងភាពមិនស៊ីគ្នារវាងតម្រូវការការងារ និងការផ្គត់ផ្គង់ការងារ។ និយោជកនៅតែត្អូញត្អែរថា ពួកគេមានការលំបាកក្នុងការជ្រើសរើសបុគ្គលិក និងកម្មករជំនាញដែលមានសមត្ថភាពពិតប្រាកដ។ ម៉្យាងវិញទៀត កង្វះខាតជំនាញទន់ ដូចជា ជំនាញក្នុងការសម្របសម្រួល ដោះស្រាយបញ្ហា ជំនាញផ្នែកភាសា បច្ចេកវិទ្យាកុំព្យូទ័រ ជំនាញប្រាស្រ័យទាក់ទង និងភាពជាអ្នកដឹកនាំជាដើម នៅតែចោទជាបញ្ហាសម្រាប់យុវជន និងអ្នកស្វែងរកការងារនៅកម្ពុជា នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
