ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំមួយស្ដីពីការទប់ស្កាត់ការធ្វើសកម្មភាព ឬឃោសនានយោបាយនៅតាមបណ្ដាគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន។ សេចក្តីណែនាំនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីពិនិត្យឃើញមានអង្គការ សមាគម និងបុគ្គលិកអប់រំមួយចំនួន ធ្វើសកម្មភាពឃោសនានយោបាយនៅក្នុងសាលារៀន ដែលក្រសួងចាត់ទុកថាជាការជ្រៀតជ្រែកការងារអប់រំ។
សេចក្តីណែនាំរបស់រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៥ បញ្ជាក់ថា សមាគម អង្គការ បុគ្គលិកអប់រំ និងគ្រូបង្រៀនជាប់កិច្ចសន្យាមួយចំនួន បានធ្វើសកម្មភាពមិនប្រក្រតី ដោយបានធ្វើការផ្សព្វផ្សាយបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរបស់ខ្លួន និងអូសទាញបុគ្គលិកអប់រំដទៃទៀតឲ្យចូលរួមជាមួយ។
ក្រសួងចាត់ទុកទង្វើនេះថា ជាការជ្រៀតជ្រែកការងារផ្នែកអប់រំ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់ក្នុងសាលា ដែលផ្ទុយនឹងគោលការណ៍អព្យាក្រឹតភាពរបស់គ្រឹះស្ថានសិក្សា។
ក្រសួងមិនអនុញ្ញាតឲ្យសមាគម អង្គការ ឬភ្នាក់ងារណាមួយ ធ្វើសកម្មភាពនៅក្នុងគ្រឹះស្ថានសិក្សាដោយគ្មានការអនុញ្ញាត ហើយជាពិសេស គឺមិនអនុញ្ញាតឲ្យធ្វើសកម្មភាពនយោបាយ ឬការឃោសនាឲ្យគណបក្សនយោបាយណាមួយនៅក្នុងសាលារដ្ឋ ឬស្ថាប័នអប់រំ។ ក្រៅពីនេះ ក្រសួងអប់រំ បានបញ្ជក់ថា រាល់ការប្រើទីតាំងគ្រឹះស្ថានសិក្សា និងការផ្សព្វផ្សាយព័ត៌មានគ្រប់រូបភាពនៅក្នុងបរិវេណ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ឬពីក្រសួងផ្ទាល់។
ក្នុងករណីដែលមានការប្រព្រឹត្តផ្ទុយពីសេចក្តីណែនាំ អង្គការ សមាគម ឬបុគ្គលិកអប់រំ នឹងត្រូវទទួលទណ្ឌកម្មតាមមាត្រា៥២ នៃច្បាប់ស្ដីពីការអប់រំ ដែលចែងពីការពិន័យអន្តរការណ៍ជាប្រាក់ពី ១លានរៀលដល់២០លានរៀល។ សម្រាប់ស្ថាប័នអប់រំវិញ បើមិនរាងចាល នឹងមានការពិន័យជាប្រាក់ទ្វេដង និងឈានដល់ការដកហូតជាស្ថាពរនូវអាជ្ញាប័ណ្ណអប់រំរបស់ស្ថាប័ននោះទៀតផង។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន បានបញ្ជាក់ថា គោលបំណងនៃសេចក្តីណែនាំនេះ គឺដើម្បីធានាថា សាលារៀននីមួយៗនឹងមានសភាពស្ងប់ស្ងាត់ជាកន្លែងផ្តល់នូវចំណេះដឹង និងតម្រង់ទិសសិស្សានុសិស្ស។ លោកបានបញ្ជាក់ទៀតថា សេចក្តីណែនាំនេះ នឹងត្រូវអនុវត្តដោយស្មើភាព ដោយមិនលម្អៀងទៅគណបក្សនយោបាយណាមួយឡើយ៖ «ជារួមទៅ យើងណែនាំនេះគឺដើម្បីធ្វើយ៉ាងម៉េចឲ្យដំណើរការរបស់សាលាស្ថិតក្នុងដំណើរការការងារមួយ ដែលគិតតែរឿងបច្ចេកទេស គិតរឿងគុណភាព គិតរឿងប្រសិទ្ធភាពនៃការរៀន និងការបង្រៀន»។
ឆ្លើយតបនឹងបញ្ហានេះ អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានបញ្ចេញទស្សនៈថា ក្រសួងអប់រំ នឹងមិនអាចអនុវត្តសេចក្តីណែនាំរបស់ខ្លួនបានពេញលេញនោះទេ ពីព្រោះអ្នកស្រីសង្កេតឃើញថា គណបក្សកាន់អំណាចនៅតែប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីយកសាលារៀនធ្វើជាកន្លែងផ្សព្វផ្សាយពីសកម្មភាពនយោបាយដដែល៖ «តាមពិតចំណាត់ការរបស់ក្រសួងអប់រំ មិនអាចយកជាផ្លូវការបានទេ។ បើសិនជាក្រសួងអប់រំ ធ្វើអ្វីដែលឈរនៅលើឯករាជ្យមែន មិនទាក់ទងជាមួយគណបក្សនយោបាយ ឬក៏អត់មានការឃោសនាអីទេ អ៊ីចឹងក្រសួងអប់រំ មិនត្រូវឲ្យអ្នកដែលជាគណៈពង្រឹងតាមបណ្ដាស្រុក តាមបណ្ដាខេត្ត ចុះជួបលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅក្នុងសាលា វិទ្យាល័យ និងអនុវិទ្យាល័យមួយចំនួននោះទេ»។
ច្បាប់ស្ដីពីការអប់រំនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៣៤ ចែងថា ស្ថាប័នអប់រំ គ្រឹះស្ថានសិក្សា ត្រូវគោរពគោលការណ៍អព្យាក្រឹតភាព។ ការធ្វើសកម្មភាពនយោបាយ ឬការឃោសនានយោបាយឲ្យគណបក្សនយោបាយណាមួយក្នុងស្ថាប័នអប់រំត្រូវហាមឃាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
