ក្រៅពីការងារធ្វើស្រែចម្ការ និងទៅវត្តម្តងម្កាល កសិករវ័យចាស់ៗនៅក្នុងខេត្តតាកែវ មិនទុកពេលវេលាទំនេរនោះទេ។ ពួកគាត់ខ្លះទៅសុំកម្ទេចក្រណាត់ពីរោងចក្រកាត់ដេរ មកចងធ្វើជាអង្រឹង ស្រោមខ្នើយ ទ្រនាប់ជូតជើង ជាដើម។ វ័យចាស់ខ្លះទៀត យកបាវនីឡុង និងខ្សែពួរនីឡុង រុះចងជាខ្សែតី កន្លុះគោ ខ្សែឃ្លុំមាត់សត្វ ជាដើម។
ការយកកម្ទេចក្រណាត់មកកែច្នៃជាសម្ភារៈប្រើប្រាស់នេះ ត្រូវបានមន្ត្រីក្រសួងបរិស្ថាន លើកទឹកចិត្តឲ្យប្រជាពលរដ្ឋចូលរួមផលិត ហើយប្រើឲ្យអស់លទ្ធភាព ដោយហាមដុតវាចោល ព្រោះវាបង្កឲ្យអ្នកនៅក្បែរអាចរលាកផ្លូវដង្ហើម ព្រោះស្រូបផ្សែងនៃក្លិនគីមី ពីកម្ទេចអំបោះ និងក្រណាត់ដែលដុតចោលនោះ។
នៅក្នុងភូមិមួយនៃឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មនុស្សចាស់មួយចំនួនកំពុងតែញាប់ដៃរុះយកអំបោះពីចំនៀរអាវនីឡុង ដែលរោងចក្រកាត់ដេរកាត់ចោល។ ពួកគាត់រុះយកតែអំបោះ ហើយរុំពីលើសម្បកដបទឹកសុទ្ធ និងសម្បកកំប៉ុង។
ស្ត្រីឈ្មោះ ប៉ា ប៉ែត អាយុ ៧០ឆ្នាំ រស់នៅភូមិមហាសេនា ឃុំតាភេម ឲ្យដឹងថា គាត់ទំនេរមិនដឹងធ្វើអី ឲ្យកូនទៅសុំកម្ទេចខោអាវយឺតដែលរោងចក្រកាត់ដេរគេបោះចោល គាត់យកមករុះយកតែអំបោះ តធ្វើអង្រឹង ស្រោមខ្នើយ។ ឯកម្ទេចក្រណាត់គាត់ចងជាក្រណាត់ទ្រាប់ជើង៖ «អាហ្នឹងដោះរុះវាទៅ វាបានវែងដែរហ្នឹង។ ហើយតអ៊ីចឹងទៅ ក្នុងមូរឲ្យបាន១កំប៉ុង ត ៣សន្លឹកក៏បាន ៥ក៏បានដែរ។ តរហូតឲ្យតែបានវែង យើងយកកំប៉ុងកាល់វាទៅ មូរដល់យូរៗទៅបានពេញ១កំប៉ុងកាន់លែងកើត កាត់ទុកធ្វើទៅជាអង្រឹង ចងស្រោមខ្នើយ ចេះតែច្នៃប្រឌិតទៅ ឲ្យបានយូរទៅ កើតជាអង្រឹងលក់បានមួយ ១ម៉ឺន»។
ស្ត្រីដដែលបន្តថា មុននឹងគាត់ចងបានជាអង្រឹងចំនួនមួយ គាត់រុះកម្ទេចអំបោះឲ្យបានទម្ងន់១គីឡូក្រាម ទើបគាត់ចាប់ផ្ដើមចងបានអង្រឹង។ គាត់ថា ក្នុងអង្រឹងមួយគាត់ចងតែ ៨ម៉ោងទេ អ្វីដែលគាត់ចំណាយពេលយូរក្នុងការផលិតអង្រឹង គឺការរុះអំបោះ។ ប៉ុន្តែ បើចាក់ក្បាច់ និងកាច់ក្បាលអង្រឹង គឺរហ័សទេ។ លោកស្រីថា អង្រឹងគាត់ផលិតទំហំធំ តូច តាមអ្នកទិញចង់បាន។ គាត់បានចងអង្រឹងខ្លះយកបណ្តោយ ១,៨ម៉ែត្រ អង្រឹងខ្លះគាត់យកបណ្តោយ ២ម៉ែត្រ។ ប៉ុន្តែទទឹងខ្សែអង្រឹង និងចងក្បាល គឺប្រវែងគ្នាពី ១៥ ទៅ ១៨ខ្សែ។
លោកស្រីបន្ថែមទៀតថា បើសិនជាអ្នកទិញឆ្លាត គេមិនសូវចង់បានបណ្តោយវែងទេ ព្រោះអំបោះប្រើយូរដោយការអង្គុយធ្ងន់ គឺអង្រឹងវានឹងយារខ្លាំង ធ្វើឲ្យអ្នកអង្គុយលើអង្រឹងទាល់តែលើកខ្ពស់ពីដីខ្លាំង ទើបងាយស្រួលសម្រាក ឬយោលចុះឡើង៖ «អានេះរាប់១កំប៉ុងអ៊ីចេះ ៥សរសៃ ដាក់ ៣កំប៉ុង ១៥សរសៃ ថែមអានេះ១សរសៃទៀត ១៦សរសៃ។ វាស់វាឲ្យគ្រប់ក្នុងក្បាលអង្រឹងមួយ ២៨ជុំ។ មួយថ្ងៃបានមួយហ្នឹងក៏ក្បាលវាតាំងពីព្រលឹមឡើង កបានមួយអ៊ីចឹងទៅ។ បានក្បាល ២អ៊ីចឹង យើងចងមួយបានមួយថ្ងៃហ្នឹង ជួនកាលបានតួមួយ ធ្វើព្រឹកឡើងនឹងចាប់កក្បាលអ៊ីចឹងទៅ កក្បាលហើយ ២គ្រប់ក្បាលអង្រឹងមួយ ចងធ្វើជាខ្លួនវា ថ្ងៃល្ងាចម៉ោង៤ហើយៗ គឺហើយបានមួយ»។
លោកស្រី ប៉ា ប៉ែត ឲ្យដឹងថា គាត់ចេះតែរពឹសដៃរុះអំបោះ និងចងលេងៗបានអង្រឹងមួយក្នុងមួយថ្ងៃ។ លោកស្រីថា ក្នុង១ថ្ងៃគាត់ចំណាយពេលប្រមាណ ៨ម៉ោង ដើម្បីផលិតបានអង្រឹងមួយ គឺគាត់ចាប់ផ្ដើមរុះអំបោះពីម៉ោង ៧ព្រឹក ដល់ថ្ងៃត្រង់គាត់សម្រាក។ លុះដល់ម៉ោង ២រសៀល គាត់អង្គុយវេញអង្រឹង ដល់ម៉ោង ៤ល្ងាច ទើបធ្វើហើយអង្រឹងមួយ។ លោកស្រីថា បើមេឃមិនទាន់ងងឹតទេ គាត់រុះអំបោះបន្តទៀត ព្រោះទំនេរមិនមានអ្វីធ្វើ។
លោកស្រីថា នៅខែប្រាំងគាត់ផលិតអង្រឹងលក់មិនទាន់អ្នកចង់ទិញទេ ព្រោះធាតុអាកាសក្តៅ គេត្រូវការអង្រឹងយកទៅចងនៅក្រោមផ្ទះ ឬចងនៅក្រោមដើមឈើសម្រាកលំហើយកាយ។ គាត់លក់អង្រឹងមួយតម្លៃ ១ម៉ឺនរៀលទេ គឺលក់ថោកជាងគេលក់នៅតាមផ្សារពាក់កណ្ដាល៖ «ហើយខ្ញុំតែចងអង្រឹងហើយ ទាល់តែហើយមួយបានក្រោក ជក់ធ្វើចង់តែធ្វើឲ្យហើយមួយបានដើរចេញ គឺ១ថ្ងៃមួយៗឲ្យតែកក្បាលហើយ... លក់តាមផ្ទះ គេមករកនៅផ្ទះហ្នឹង ខ្ញុំអត់ដែលដើរលក់ទេ ព្រោះចាក់អត់ទាន់ឲ្យគេផង ជួនកាលគេចាំយក។ ម្នាក់ជួនកាល ២ ទៅ ៣។ ក្នុងភូមិនេះមានខ្ទង់២-៣ មាន ៣គ្រួសារ មានអ្នកធ្វើអ៊ីចឹង មានអ្នកចងដូចខ្ញុំនេះចងអង្រឹង។ ប៉ុន្តែ ឥឡូវគេអស់អំបោះហើយ មានតែខ្ញុំទេ ព្រោះរោងចក្រគេអត់កាត់អាហ្នឹង គេអត់ត្រូវធ្វើអាវទើបអត់មានក្រណាត់រុះ»។
ក្រៅពីការផលិតអង្រឹងពីកម្ទេចក្រណាត់ និងអំបោះនីឡុងនៅក្នុងឃុំតាភេម ដែរ មានបុរសវ័យចាស់អង្គុយរុះស្បោងនីឡុង និងវេញវាបញ្ចូលគ្នា ដើម្បីផលិតជាខ្សែកន្លុះ ឃ្លុំ ជន្លៀង ឬហៅថាខ្សែគោ។
លោក នាង ង៉ែត អាយុ ៧៦ឆ្នាំ ឲ្យដឹងថា ជិតដល់ខែធ្វើស្រែគេត្រូវការទិញកន្លុះ ខ្សែតី ខ្សែគោ ជន្លៀង និងឃ្លុំ។ លោកថា អ្នកភូមិគេមកសុំទិញច្រើនទើបគាត់អង្គុយវេញយកខ្សែនីឡុងរុះពីបាវ និងពីពួរកប៉ាល់ សម្រាប់ផលិតវាជាវត្ថុប្រើប្រាស់លើសត្វគោដើម្បីលក់៖ «ធ្វើខ្សែធ្វើកន្លុះ ធ្វើជន្លៀង ធ្វើឃ្លុំ គឺ៤មុខហ្នឹង។ មួយថ្ងៃបើវេញជាជន្លៀងបាន៦ បើកន្លុះបាន១០ បើឃ្លុំបាន១៥ សុទ្ធតែអាឃ្លុំកូនគោ គេចូលចិត្តទិញណាស់ គេដណ្ដើមគ្នាទិញទៅលក់ព្រឹកមិញ។ នេះវេញបានប៉ុណ្ណេះគួរសមដែរ វាខ្មាញ់ល្មម មិនល្អពេក មិនអាក្រក់ពេក។ បំពង់នេះដាក់ឃ្លុំគោ អាឃ្លុំកូនគោតូចៗហ្នឹង អាហ្នឹងដាក់កុំឲ្យវាខូចក្តោងវា ឃ្លុំដាក់មាត់វាអ៊ីចេះមក»។

លោកឲ្យដឹងថា គាត់លក់ខ្សែទាំងនេះតាមតែអ្នកទិញចង់បានថោក ឬថ្លៃ។ បើគេចង់បានថោក គាត់វេញពីបាវនីឡុងលក់ឲ្យតម្លៃ ១.២០០រៀលមួយខ្សែ។ តែបើគេចង់បានថ្លៃ គាត់វេញខ្សែពួរកប៉ាល់ ព្រោះថាខ្សែពួរកប៉ាល់គាត់ទិញពីផ្សារតម្លៃ១គីឡូក្រាមថ្លៃ ១៥.០០០រៀល។ គាត់យកមកកែច្នៃផលិត ហើយលក់មួយបានពីតម្លៃ ១.៥០០រៀល ទៅ ២.៥០០រៀលទេ តាមខ្សែវែងខ្សែខ្លី និងងាយវេញ ឬលំបាកវេញបញ្ចូលគ្នា៖ «ឃ្លុំកូនគោ២ពាន់ កន្លុះអានេះកន្លុះ គឺ១ពាន់ ជន្លៀង ២ពាន់ តែអានេះ គឺវែងតមកខាងនេះ គឺលក់បោះឲ្យគេ២ពាន់ បើលក់រាយ ២.៥០០។ មួយថ្ងៃធ្វើតាំងពីព្រឹក ទល់ថ្ងៃ អត់មានទំនេរផង មិនដឹងនៅស្ងៀមយ៉ាងម៉េច ចេះតែធ្វើទៅ បើថារោយខ្នង រោយចង្កេះ ដើមតិចទៅ ហើយមកអង្គុយធ្វើទៀតទៅគ្រាន់បានចំណេញខ្លះអ៊ីចឹងទៅ។ គេមកទិញច្រើនដែរ បើលក់នៅផ្ទះ ដាច់ដែរមួយថ្ងៃ២ ទៅ៣ អ៊ីចឹងទៅ ប៉ុន្តែ លុយវាមិនមូលទេ បានយកទៅនោះបោះឲ្យគេអាហ្នឹងបានលុយមូលបាន ១០ម៉ឺនអ៊ីចឹងទៅ ក្នុងធ្វើបាន ៥ថ្ងៃ ទាំងដើមទាំងចុង»។
អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ទា ជុប ឲ្យដឹងថា ក្រសួងបរិស្ថាន គាំទ្រឲ្យប្រជាពលរដ្ឋកែច្នៃសំរាមដែលជារបស់គេបោះចោល ផលិតជាសម្ភារៈអាចប្រើប្រាស់អស់លទ្ធភាពវា គឺក្រសួងបរិស្ថាន សូមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខិតខំផលិតកម្ទេចសំណល់ទាំងនោះឲ្យបានច្រើន ព្រោះវាជួយបន្ថយជាតិពុលនៃផ្សែង ដែលគេដុតចោលនាំឲ្យបង្ខូចបរិស្ថាន និងសុខភាពមនុស្ស។

សម្ភារៈកែច្នៃពីកម្ទេចក្រណាត់ និងពីបាវនីឡុង គេឃើញមានតាំងលក់ហូរហែតាមផ្លូវជាតិលេខ៣ ចាប់ពីផ្សារត្រាំខ្នារ ទៅកាន់ខេត្តកំពត។ សម្ភារៈទាំងនោះមានអង្រឹង ក្រណាត់ទ្រាប់ជើង បានព្យួរលក់ពេញតូបនៅសងខាងផ្លូវជាតិ។ នៅតាមផ្ទះចិន លក់ឥវ៉ាន់ចាប់ហួយ ផ្សារត្រាំខ្នារ ផ្សារប័ង្កសី ផ្សារថ្នល់បត់ ផ្សារអង្គតាសោម ជាដើម មានព្យួរខ្សែកន្លុះ ជន្លៀង ខ្សែតី ខ្សែគោ លក់ព្រោងព្រាត។ ប៉ុន្តែ តម្លៃលក់វិញ គឺថ្លៃទ្វេដងខុសពីអ្នកដែលផលិត គាត់លក់ផ្ទាល់តម្លៃលក់ថោកជាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
