អ្នកជំនាញបច្ចេកទេសផ្នែកឡចំហាយ កំពុងព្រួយបារម្ភអំពីការប្រើប្រាស់ឡចំហាយនៅតាមរោងចក្រសហគ្រាសនានា ក្រោយពេលមានករណីផ្ទុះពីរលើករួចមក។ អ្នកជំនាញបង្ហាញថា ការប្រើប្រាស់ឡចំហាយទឹកមិនបានត្រឹមត្រូវ នាំឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ។
អ្នកជំនាញបច្ចេកទេសផ្នែកឡចំហាយ និងជានាយកក្រុមហ៊ុនបច្ចេកវិទ្យាជប៉ុន (Japan Tech)គឺលោក មុំ វ៉ារិន ថ្លែងនៅរសៀលថ្ងៃទី១១ មេសា ថា ការប្រើប្រាស់ឡចំហាយទឹកគួរឲ្យព្រួយបារម្ភ ព្រោះមានហានិភ័យខ្លាំងជាងការផ្ទុះស៊ីទែនហ្គាស៍ ឬសាំងទៅទៀត៖ « ជាលក្ខណៈបច្ចេកទេស គឺខ្ញុំយល់ឃើញថាឡចំហាយដែលហៅថា ស្ទីមបយលើរ (Steam Boiler) នេះ គឺវាមានហានិភ័យធំជាងស្ថានីយហ្គាស៍ ពីព្រោះស្ថានីយហ្គាស៍ មែនទែនទៅមិនងាយផ្ទុះធុងទេ គឺត្រឹមតែឆេះហ្គាស៍ទេ។ ប៉ុន្តែបើឲ្យផ្ទុះធុង គឺអត់ផ្ទុះទេ។ អ៊ីចឹងមនុស្សអាចរត់ទាន់។ ប៉ុន្តែបើឡចំហាយ បើផ្ទុះហើយ មនុស្សរត់អត់ទាន់ទេ គឺមួយប៉ប្រិចភ្នែក ដូចគ្រាប់បែកអ៊ីចឹង។ អ៊ីចឹងបានជាខ្ញុំសូមអំពាវនាវឲ្យរោងចក្រសហគ្រាសទាំងអស់ សូមមេត្តាពិនិត្យជាមួយនឹងអ្នកបច្ចេកទេសឡើងវិញ ថាតើប្រព័ន្ធទឹក និងប្រព័ន្ធភ្លើង គឺភ្ជាប់គ្នាដោយស្វ័យប្រវត្តិ ឬអត់ ? បើភ្ជាប់គ្នាដោយស្វ័យប្រវត្តិ ខ្ញុំគិតថាហានិភ័យអាចកាត់បន្ថយបានស្ទើរតែ ១០០ %» ។
លោក មុំ វ៉ារិន មានប្រសាសន៍ពន្យល់ថា ឡចំហាយមានពីរប្រភេទ គឺឡចំហាយស្ងួត ដែលគេប្រើសម្រាប់សម្ងួតកសិផល ដូចជាកៅស៊ូ និងដំឡូង ជាដើម។ ឡប្រភេទនេះ មិនសូវមានហានិភ័យទេ។ រីឯឡចំហាយមួយទៀត គឺឡចំហាយទឹក ដែលគេប្រើសម្រាប់អ៊ុតសម្លៀកបំពាក់នៅក្នុងរោងចក្រកាត់ដេរ។ លោកថា ឡប្រភេទនេះហើយដែលមានហានិភ័យ ឬគ្រោះថ្នាក់ខ្ពស់ ជាពិសេសវានឹងផ្ទុះភ្លាមនៅពេលវាអស់ទឹក។ ជាក់ស្ដែង គឺឡដែលផ្ទុះនៅរោងចក្រ សិន តៃ (Zhen Tai Garment) និងរោងចក្រមិនទាន់មានឈ្មោះនៅសង្កាត់ស្ទឹងមានជ័យ នាថ្មីៗនេះ៖ « តាមដែលយើងមើល គឺពីរឡដែលផ្ទុះនេះ អត់មានទឹកទេ។ អ៊ីចឹងបានន័យថា ជាលក្ខណៈបច្ចេកទេស គឺអូតូម៉ាទិចហើយ។ បានន័យថា វាកើតឡើងដោយសារកម្ដៅ បានន័យថាទឹកវាអត់បញ្ជូនមក។ ទីពីរខ្ញុំយល់ឃើញថា ឡដែលផលិតនេះ ខ្ញុំមិនដឹងថាផលិតមកពីណាទេ។ ប៉ុន្តែបើសិនជាការផលិតពីក្រុមហ៊ុនធំៗ គឺវាមានប៊្រែន (Brand) វាមានសញ្ញារបស់វា។ ប៉ុន្តែប្រភេទឡដែលខ្ញុំសង្កេតមើលឃើញនេះ ដូចជាឡរៀបខ្លួនឯង ឬឡដែលជួលអ្នកណាផ្សេង គ្រាន់តែរៀប ឬយ៉ាងម៉េច ខ្ញុំមើលទៅវាអត់មាន Safety Valve ( វ៉ាល់សុវត្ថិភាព ) អីទាំងអស់ » ។
ការពន្យល់របស់លោក មុំ វ៉ារិន អំពីបញ្ហាផ្ទុះឡចំហាយសម្រាប់ប្រើប្រាស់នៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់នេះ គឺនៅពេលដែលការផ្ទុះចាប់ផ្ដើមកើតមានបន្តបន្ទាប់គ្នាពីរករណីក្នុងរយៈពេល ៣សប្ដាហ៍នេះ ហើយអាជ្ញាធរពាក់ព័ន្ធនៅមិនបញ្ចេញរបាយការណ៍អំពីមូលហេតុផ្ទុះនៅឡើយទេ។
លោកថា បញ្ហាផ្ទុះនេះ គឺមកពីខ្វះបច្ចេកទេសតប្រព័ន្ធទឹក និងភ្លើងមិនស៊ីសង្វាក់គ្នា។ លោកផ្ដល់យោបល់ថា ដើម្បីសុវត្ថិភាព គឺត្រូវមានប្រព័ន្ធស៊ីរ៉ែនដាស់តឿនពេលចំហាយកម្ដៅឡើងខ្លាំង។
ទាក់ទងការផ្ដួចផ្ដើមគំនិតធ្វើសិក្ខាសាលាអំពីបច្ចេកទេសសុវត្ថិភាពឡចំហាយនេះ ត្រូវបានស្វាគមន៍ដោយប្រធានសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា គឺលោក ប៉ាវ ស៊ីណា ដែលធ្លាប់អំពាវនាវដល់ភាគីពាក់ព័ន្ធគិតគូរខ្ពស់អំពីបញ្ហាថ្មីនេះ។
ករណីផ្ទុះឡចំហាយលើកទីមួយ បានកើតឡើងនៅរោងចក្រ សិន តៃ កាលពីថ្ងៃទី២២ ខែមីនា បណ្ដាលឲ្យកម្មការិនីម្នាក់ស្លាប់ភ្លាមៗពេលដែលឡនោះហោះទៅសង្កត់ និងកម្មការិនី ៧នាក់ផ្សេងទៀតរងរបួស។ ករណីផ្ទុះលើកទី២ នៅថ្ងៃទី៨ មេសា នៅឯសិប្បកម្មកែច្នៃសម្លៀកបំពាក់មិនមានឈ្មោះមួយកន្លែង នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ ការផ្ទុះនេះ បានបណ្ដាលឲ្យកម្មករ ២នាក់ស្លាប់ និង ៤នាក់រងរបួស។ ក្រោយការផ្ទុះឡចំហាយបណ្ដាលឲ្យមានកម្មករស្លាប់ និងរបួសកើតឡើង សមត្ថកិច្ចសម្រេចបិទសិប្បកម្មនេះជាបណ្ដោះអាសន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
