កម្មករជិត ៥០០នាក់ ធ្វើការរោងចក្រកាត់ដេរខោខោវប៊យ អេហ្វ.អេស.ស៊ី ( FSC Garment ) នៅតាមផ្លូវជាតិលេខ៣ ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ធ្វើកូដកម្មច្រើនថ្ងៃ សុំថៅកែបោះឆ្នោតរើសតំណាងកម្មករឡើងវិញ។
កម្មករម្នាក់ក្នុងចំណោមនោះឲ្យដឹងថា ការតវ៉ាសុំឲ្យថៅកែធ្វើការបោះឆ្នោតរើសតំណាងកម្មករឡើងវិញនេះ មកពីថៅកែរើសតែបុគ្គលិកបម្រើការនៅក្នុងការិយាល័យ ១០រូប ឲ្យធ្វើតំណាងកម្មករដែលគ្មានឈ្មោះតំណាងកម្មករណាម្នាក់ឈរធ្វើជាតំណាងទេ។ ប៉ុន្តែថៅកែមិនព្រមតាមសំណូមពរ ទើបកម្មករធ្វើកូដកម្មពីថ្ងៃទី១ ខែកក្កដា មកបច្ចុប្បន្ន សុំឲ្យថៅកែបោះឆ្នោតរើសតំណាងកម្មករឡើងវិញ។
កម្មករ៖ «ពួកខ្ញុំសុំកុំឲ្យបញ្ឈប់កម្មករដោយគ្មានមូលហេតុ ហើយទី២ នៅពេលដល់កុងត្រា ដល់អាណត្តិ គឺ ៣ខែតកិច្ចសន្យាម្តង។ ដល់ពេលដល់កិច្ចសន្យាម្តង ក្រុមហ៊ុនអាចហៅពួកខ្ញុំទៅផ្ដិតមេដៃបញ្ឈប់តែម្ដង ដោយអត់មានមូលហេតុ»។
កម្មការិនីឈ្មោះ តាំង លីម ឲ្យដឹងថា កម្មករជិត ៥០០នាក់ នៅរោងចក្រកាត់ដេរខោខោវប៊យ បានគាំទ្ររូបគាត់ និងកម្មករ កម្មការិនីច្រើនទៀតឲ្យឈរឈ្មោះជាតំណាងកម្មករ ក្នុងន័យជួយការពារផលប្រយោជន៍កម្មករ។ ប៉ុន្តែថៅកែមិនព្រមចុះឈ្មោះកម្មករខ្លះ ឲ្យឈរឈ្មោះក្នុងពេលបោះឆ្នោតរើសតំណាងកម្មករឡើយ ទើបកម្មករនាំគ្នាធ្វើកូដកម្មសុំឲ្យថៅកែបោះឆ្នោតឡើងវិញ៖ «រើសតំណាងកម្មករ ថៅកែគេ គេបោះឆ្នោតរើសតំណាងគេដាក់តែអ្នកអូហ្វីស ប្រាក់ខែ ៣០០ ទៅ ៤០០ អត់មានរើសពីកម្មករទៅទេ អ៊ីចឹងគ្នាភ័យខ្លាចថា រាល់ថ្ងៃនេះមានតំណាងសហជីព ដូចខ្ញុំរាល់ថ្ងៃហ្នឹងមានតំណាងសហជីព ដូចខ្ញុំអ៊ីចឹងចេះតែប្ដឹងបានហើយ។ ដល់ពេលគេរើសអ្នកតំណាងកម្មករ គេចង់បំបិទខ្ញុំចោល អត់ឲ្យធ្វើ ហើយគេចង់បញ្ឈប់ បិទតំណាងចោលតែម្តង»។
កម្មករខ្លះទៀតឲ្យដឹងថា រោងចក្រកាត់ដេរខោខោវប៊យនេះ បានកំណត់ប្រាក់ឈ្នួលអប្បបរមា ១២៨ដុល្លារមែន ប៉ុន្តែថៅកែឲ្យកម្មករដេរ ហើយផ្ដល់បុង។ បើកម្មករណាដេរមិនគ្រប់លុយឈ្នួលអប្បបរមា ១២៨ដុល្លារទេ ថៅកែឲ្យផ្ដិតមេដៃបណ្ដេញចេញ។
តំណាងកម្មករឲ្យដឹងថា លក្ខខណ្ឌការងារសុំប្ដូរ ១១ចំណុចនោះ មានដូចជាសុំឲ្យថៅកែបោះឆ្នោតរើសតំណាងកម្មករឡើងវិញ សុំឲ្យស្ត្រីមានផ្ទៃពោះមានច្បាប់ឈប់ ១ថ្ងៃសម្រាប់ពិនិត្យផ្ទៃពោះ សុំឲ្យមានកន្លែងសម្រាប់បំបៅដោះ សុំឲ្យអ្នកមានផ្ទៃពោះចេញមុនម៉ោងធ្វើការ សុំឲ្យមានរោងសម្រាប់កម្មករហូបអាហារត្រឹមត្រូវ សុំឲ្យមានបន្ទប់ទឹកស្អាតសម្រាប់ស្ត្រីមានផ្ទៃពោះជាដើម។
វិទ្យុអាស៊ីសេរី ព្យាយាមទាក់ទងរដ្ឋបាលរោងចក្រកាត់ដេរ អេហ្វ.អេស.ស៊ី សុំការបំភ្លឺតបការលើកឡើងរបស់កម្មករ ប៉ុន្តែមិនអាចទាក់ទងបានទេ នៅថ្ងៃសៅរ៍ ទី៤ ខែកក្កដា។
មន្ត្រីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា កញ្ញា យ៉ុង លាភ ឲ្យដឹងថា ការធ្វើកូដកម្មរបស់កម្មកររោងចក្រកាត់ដេរ អេហ្វ.អេស.ស៊ី នេះមិនទាក់ទងនឹងសុំដំឡើងប្រាក់ឈ្នួល ឬអត្ថប្រយោជន៍ទេ។ ការសុំប្ដូរលក្ខខណ្ឌការងារងាយស្រួលដោះស្រាយ ប្រសិនបើថៅកែមានចេតនានោះ៖ «អ៊ីចឹងគាត់ដេរស៊ីបុងហ្នឹង តម្លៃបុងពីមុនមកប្រាក់ខែ ១០០ តម្លៃបុងផ្សេង។ ដល់ពេលមកឡើង ១២៨ហ្នឹង អត់ធ្វើការដំឡើងតម្លៃបុងឲ្យគាត់ទេ អ៊ីចឹងពេលដែលគាត់ដេរទៅ តម្លៃបុងវាថោក អត់គ្រប់នឹងប្រាកឈ្នួល ត្រូវបានគេហៅយកទៅព្រមាន ឬគេបញ្ចប់កិច្ចសន្យាគាត់ ហើយបើមើលនៅក្នុងប្រកាស ១ វិញ បើគាត់ដេរបានច្រើន គេគិតឲ្យច្រើន តែរបស់គាត់ដេរអត់គ្រប់ប្រាក់ឈ្នួលទេ ច្បាប់ក៏គេចែងឲ្យ ដូចបំពេញបន្ថែមឲ្យស្មើនឹងប្រាក់ឈ្នួលដែលរដ្ឋាភិបាលបានស៊ីញ៉េ ឲ្យ។ ទាក់ទងចំណុចទី៤ ទៀត គឺគាត់ទាមទារសុំឲ្យក្រុមហ៊ុនហ្នឹង ឲ្យប្រាក់ឈ្នួលទៅដល់ស្រ្តីមានផ្ទៃពោះឈប់សម្រាលលំហែមាតុភាព ហ្នឹង ឲ្យ ៥០% នៃប្រាក់ឈ្នួល ទាំងនេះគឺច្បាប់បានចែងហើយ»។
កម្មកររោងចក្រកាត់ដេរខោខោវប៊យ អេហ្វ.អេស.ស៊ី នឹងបន្តការតវ៉ានៅសប្ដាហ៍ក្រោយទៀត។ ពួកគេឲ្យដឹងថា រោងចក្រនេះបានបើកដំណើរការពីថ្ងៃ១ ខែតុលា ឆ្នាំ២០១៤ មានកម្មករ និងបុគ្គលិកជាង ៥០០នាក់ ចូលធ្វើការនៅក្នុងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
