ម្ដាយ ជួប សម្លាប់ ស្នើ​តុលាការ​ស៊ើប​អង្កេត​សំណុំ​រឿង​បណ្ឌិត កែម ឡី ឡើង​វិញ

ដោយ ហង្ស សាវយុត
2017.03.26
ជួប សម្លាប់ ២០១៦ ៨៥៥ ជន​សង្ស័យ​ជា​ឃាតក​សម្លាប់​លោក កែម ឡី ឈ្មោះ ជួប សម្លាប់ (ប៉ូលិស​ថា​មិន​មែន​ជា​ឈ្មោះ​ពិត) ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​ក្នុង​សន្និសីទ​កាសែត​នា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។
RFA

គ្រួសារ​របស់ អឿត អាង ហៅ ជួប សម្លាប់ ចង់​ឲ្យ​សមត្ថកិច្ច​រដ្ឋាភិបាល​ធ្វើ​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ទៅ​លើ​ករណី​ដែល​ចោទ​ប្រកាន់​ថា ជន​នោះ​បាន​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​វិភាគ​នយោបាយ និង​សង្គម ពិត​មែន​ឬ​ក៏​មិន​ពិត​នោះ។

តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៣ មីនា បាន​ចេញ​សាលក្រម​ផ្ដន្ទាទោស​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្រោម​បទ​ចោទ​ថា បាន​បាញ់​សម្លាប់​បណ្ឌិត កែម ឡី។

ក្រុម​គ្រួសារ​របស់​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែល​នៅ​ឯ​ទី​កំណើត​ជា​តំបន់​ដាច់ស្រយាល​នៃ​ភូមិ​ទន្លេស ឃុំ​នគរភាស ស្រុក​អង្គរជុំ ខេត្ត​សៀមរាប ហាក់​នៅ​មិន​ទាន់​អស់​ចិត្ត​នៅ​ឡើយ​ទេ​ចំពោះ​សេចក្តី​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​ផ្ដន្ទាទោស​ឈ្មោះ អឿត អាង ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ជុំវិញ​សំណុំ​រឿង​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នោះ។

ស្ត្រី​ចំណាស់​អាយុ ៦៥​ឆ្នាំ ដែល​កំពុង​មាន​សុខភាព​ទ្រុឌទ្រោម ត្រូវ​ជា​ម្ដាយ​របស់​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ គឺ​លោកស្រី ឯក តាប់។ លោកស្រី​អង្គុយ​ក្រោម​ផ្ទះ​ក្នុង​ភូមិ​ទន្លេស មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា ថា លោកស្រី​ហាក់​ដូចជា​មិន​ទាន់​ជឿ​ថា កូន​ប្រុស​របស់​គាត់ គឺ​ជា​ជន​ដៃ​ដល់​ក្នុង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​ឡើយ​ទេ ពីព្រោះ​តែ​កូន​របស់​គាត់​នៅ​ក្នុង​ភូមិ​កំណើត​ថ្វីត្បិតតែ​ធ្លាប់​ធ្វើ​ជា​ទាហាន ក៏ប៉ុន្តែ​មិន​ធ្លាប់​ធ្វើ​បាប​អ្នក​ភូមិ​ណា​ម្នាក់​ឡើយ។

លោកស្រី ឯក តាប់ អាយុ ៦៥​ឆ្នាំ ជា​ម្ដាយ​របស់ អឿត អាង ហៅ ជួប សម្លាប់ ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៧។
លោកស្រី ឯក តាប់ អាយុ ៦៥​ឆ្នាំ ជា​ម្ដាយ​របស់ អឿត អាង ហៅ ជួប សម្លាប់ ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Hang Savyouth

លោកស្រី ឯក តាប់ បញ្ជាក់​ទៀត​ថា ចាប់​តាំង​តែ​ពី​កូន​ប្រុស​របស់​គាត់​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ឯ​ទីក្រុង​ភ្នំពេញ​រយៈពេល ៨​ខែ​មក​នេះ គឺ​គាត់​មិន​ដែល​បាន​ទៅ​ជួប​មុខ ឬ​ក៏​បាន​សាកសួរ​កូន​ជុំវិញ​រឿង​បាញ់​សម្លាប់​មនុស្ស​នោះ​ទេ។ ស្ត្រី​ដដែល​ប្រាប់​ថា គាត់​បាន​ដឹង​ដំណឹង​ថា កូន​ប្រុស​របស់​គាត់​ត្រូវ​តុលាការ​ក្រុង​ភ្នំពេញ ផ្ដន្ទាទោស​ឲ្យ​ជាប់​គុក​មួយ​ជីវិត​ពី​រឿង​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នោះ ដោយសារ​តែ​អ្នក​ភូមិ​បើក​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) យក​ទៅ​បង្ហាញ​គាត់​ប៉ុណ្ណោះ។

លោកស្រី ឯក តាប់ បង្ហាញ​អារម្មណ៍​ថា បន្ទាប់​ពី​បាន​ដឹង​ថា កូន​របស់​គាត់​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត​មក គឺ​ក្នុង​នាម​ជា​ម្ដាយ មិន​ដែល​សម្រាន្ត​លក់​ទេ ពេល​ណា​ក៏​នឹក​ឃើញ​កូន ហើយ​គាត់​ចង់​ទូល​សុំ​ព្រះមហាក្សត្រ​ឲ្យ​ជួយ​បន្ធូរបន្ថយ​ទោស​ខ្លះៗ៖ «ខ្ញុំ​ចង់​សូម​ទៅ​ព្រះមហាក្សត្រ​ជួយ​បន្ធូរបន្ថយ​ទោស​កូន​ប្រុស​ខ្ញុំ​ផង។ សូម​ព្រះអង្គ​ជួយ​បន្ធូរបន្ថយ​ទោស ដើម្បី​ឆាប់​បាន​រួច​ខ្លួន​មក​ជួប​ខ្ញុំ ពីព្រោះ​ខ្ញុំ​នឹក​កូន​ណាស់»

អឿត អាង ហៅ ជួប សម្លាប់ គឺ​ជា​កូន​ប្រុស​ច្បង​ក្នុង​ចំណោម​បង​ប្អូន ៩​នាក់ ដែល​ធ្លាប់​ធ្វើ​ជា​ទាហាន​ក្នុង​សម័យ​រដ្ឋ​កម្ពុជា តាំង​តែ​ពី​អាយុ​ជាង ១០​ឆ្នាំ​រហូត​ដល់​ឆ្នាំ​១៩៩៨ ជា​ពេល​ដែល​កង​ឧទ្ទាម​ខ្មែរ​ក្រហម​ដួល​រលំ​ទាំងស្រុង។

លោកស្រី ឯក តាប់ ឲ្យ​ដឹង​ទៀត​ថា ជាច្រើន​ឆ្នាំ​មក​ហើយ​ចាប់​តាំង​ពី​កូន​ប្រុស​របស់​គាត់​ម្នាក់​នោះ​បួស​ជា​ព្រះសង្ឃ គឺ​អ្នក​ភូមិ​ទន្លេស បាន​រាប់​អាន និង​ស្រឡាញ់​គ្រួសារ​របស់​គាត់ ប៉ុន្តែ​ថ្មីៗ​នេះ បន្ទាប់​ពី​តុលាការ​កាត់​ទោស​កូន​ប្រុស​របស់​គាត់​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត​មក គឺ​អ្នក​ភូមិ​ហាក់​មិន​សូវ​ចេញ​ចូល​ផ្ទះ​របស់​គាត់​ដូច​ពី​ពេល​មុន​ទេ ទំនង​ជា​ពួក​គេ​រើសអើង​គ្រួសារ​គាត់ និង​ភ័យ​ខ្លាច។

អ្នក​ភូមិ​ទន្លេស ស្ទើរ​តែ​ទាំងអស់​នៅ​ពេល​ដែល​និយាយ​ពី​ឈ្មោះ អឿត អាង គឺ​ពួក​គេ​ស្គាល់​គ្រប់​គ្នា ប៉ុន្តែ​គេ​មិន​ស្គាល់​ឈ្មោះ ជួប សម្លាប់ ទេ។

ស្ត្រី​អ្នក​ភូមិ​ទន្លេស​ម្នាក់ លោកស្រី អាត់ ហ៊ាន មាន​ប្រសាសន៍​ថា គាត់​ស្គាល់​ឈ្មោះ អឿត អាង តាំង​តែ​ពី​នៅ​ជា​កុមារ​ម៉េ្លះ។ អឿត អាង នេះ​តាំង​ពី​ក្មេង​មិន​សូវ​រស់នៅ​ជាមួយ​ម្ដាយ​ទេ ដោយសារ​តែ​ឪពុក និង​ម្ដាយ​បាន​លែងលះ​គ្នា។ លោកស្រី អាត់ ហ៊ាន បញ្ជាក់​ថា អឿត អាង កាល​ពី​នៅ​បួស​ជា​ព្រះសង្ឃ គឺ​បាន​បន្សល់​ទុក​ស្នាដៃ​កសាង​ផ្លូវ​លំ ១​ខ្សែ​នៅ​ក្នុង​ភូមិ ហើយ​នៅ​ពេល​ដែល​មក​លេង​អ្នក​ភូមិ​ម្ដងៗ គឺ​ក្មេងៗ​សប្បាយ​ចិត្ត​ណាស់ ដោយសារ​តែ​ផ្ដល់​ចំណី និង​ចែក​លុយ​ទៅ​ឲ្យ​ក្មេងៗ។ ទោះ​ជា​យ៉ាង​ណា លោកស្រី អាត់ ហ៊ាន មិន​ហ៊ាន​សន្និដ្ឋាន​ទេ​ថា តើ អឿត អាង ពិត​ជា​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី មែន​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ៖ «ធ្លាប់​ស្គាល់​តែ​ពី​តូច ដល់​ធំ​ទៅ​ក៏​វា​ទៅ​បួស នៅ​តែ​ក្នុង​ព្រៃ។ អឿត អាង មិន​ដែល​ធ្វើ​បាប​អ្នក​ភូមិ​នេះ​ទេ»

កាល​ពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០១៦ បន្ទាប់​ពី​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​បុរស​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ពី​បទ​សង្ស័យ​ថា​ជា​ជន​ដៃ​ដល់​ក្នុង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ជា​អ្នក​វិភាគ​នយោបាយ និង​សង្គម នៅ​ក្នុង​ហាង​ទំនិញ​ស្ដារ​ម៉ាត (Star mart) មួយ​កន្លែង​ជិត​ស្តុប​បូកគោ ព្រះសង្ឃ​ដែល​ជា​ចៅ​អធិការ​វត្ត​ប្រាសាទធ្នង់ ព្រះនាម ភិក្ខុ សឿម សួន ធ្លាប់​ឲ្យ​ដឹង​ថា ឈ្មោះ អឿត អាង បាន​ចូល​ទៅ​សាង​ផ្នួស​នៅ​ក្នុង​វត្ត​របស់​ព្រះអង្គ​កាល​ពី​ឆ្នាំ​២០១២។ ស្នាក់​នៅ​បាន ១​ឆ្នាំ ព្រះអង្គ​ក៏​បណ្ដេញ​ចេញ​ពី​វត្ត ដោយសារ​តែ​និមន្ត​ចេញ​ពី​វត្ត​រហេតរហូត មិន​ដឹង​ទៅ​ណា​មក​ណា​ច្បាស់លាស់។ ភិក្ខុ​ដដែល​ឲ្យ​ដឹង​ថា ឈ្មោះ អឿត អាង គឺ​មាន​ចរិត​សាហាវ អប់រំ​មិន​ស្ដាប់ ហើយ​ចេះ​ប្រើ​តែ​ភាសា​បាញ់​បោះ។

ទោះ​ជា​យ៉ាង​ណា អាស៊ីសេរី ខំ​ធ្វើ​ដំណើរ​ទៅ​វត្ត​ប្រាសាទធ្នង់ ម្ដង​ទៀត​ដើម្បី​សុំ​សួរ​យោបល់​ព្រះចៅ​អធិការ​វត្ត តើ​យល់​យ៉ាង​ណា​បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ កាត់​ទោស​ឈ្មោះ អឿត អាង ដាក់​គុក​មួយ​ជីវិត​ដូច្នេះ? ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ អាស៊ីសេរី​មិន​បាន​ជួប​ចៅ​អធិការ​វត្ត​ប្រាសាទធ្នង់ ទេ ដោយសារ​តែ​ព្រះអង្គ​និមន្ត​ទៅ​សិក្សា​នៅ​ទី​រួម​ខេត្ត​សៀមរាប មុន​ពេល​អ្នក​យក​ព័ត៌មាន​ទៅ​ដល់។

ចំណែក​ព្រះ​ភិក្ខុ សោម សាម៉ន ជា​អនុគណ​ស្រុក​អង្គរជុំ ដែល​ធ្លាប់​ជា​ព្រះ​គ្រូ​ឧបជ្ឈាយ៍​បំបួស អឿត អាង ហៅ ជួប សម្លាប់ នោះ គឺ​ព្រះអង្គ​សុំ​មិន​ធ្វើ​បទសម្ភាសន៍ ព្រម​ទាំង​មិន​អនុញ្ញាត​ឲ្យ​ថត​រូប​ទៀត​ផង ដោយ​ព្រះអង្គ​គ្រាន់​តែ​មាន​ព្រះ​ថេរ​ដីកា​យ៉ាង​ខ្លី​ថា៖ «អ្នក​ណា​សាង​អំពើ​បាប គឺ​ទទួល​យក​បាប​នោះ​ចុះ»

កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា តុលាការ​ក្រុង​ភ្នំពេញ​បាន​ចេញ​សាលក្រម​ផ្ដន្ទាទោស​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត ដោយ​គេ​ជឿ​ថា​ជន​នោះ គឺ​ជា​អ្នក​ដៃ​ដល់​ក្នុង​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ជា​អ្នក​វិភាគ​នយោបាយ និង​សង្គម។

លោកស្រី ហឿម ហ៊ត់ ជា​ប្រពន្ធ​របស់ អឿត អាង ហៅ ជួប សម្លាប់ ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៧។
លោកស្រី ហឿម ហ៊ត់ ជា​ប្រពន្ធ​របស់ អឿត អាង ហៅ ជួប សម្លាប់ ផ្ដល់​បទសម្ភាសន៍​នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៧។
RFA/Hang Savyouth

ភរិយា​របស់ អឿត អាង ហៅ ជួប សម្លាប់ លោកស្រី ហឿម ហ៊ត់ ដែល​រស់នៅ​ក្នុង​ភូមិ​នគរភាស២ ឃុំ​នគរភាស ហាក់​បង្ហាញ​ភាព​ជិនណាយ​ចំពោះ​រឿងរ៉ាវ​ដែល​ពាក់ព័ន្ធ​នឹង​ប្ដី​របស់​គាត់​នេះ។ លោកស្រី​មាន​ប្រសាសន៍​ថា រូប​គាត់ និង​ប្ដី​ទើប​តែ​រៀបការ​បាន​រយៈពេល ២​ខែ​ប៉ុណ្ណោះ ហាក់​ដូចជា​មិន​ទាន់​មាន​អនុស្សាវរីយ៍​អ្វី​គួរ​ឲ្យ​អាឡោះអាល័យ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​គិត​ពី​រឿង​ប្ដី​នោះ​ទេ។

លោកស្រី ហឿម ហ៊ត់ ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ប្ដី​របស់​គាត់​ត្រូវ​សមត្ថកិច្ច​នៅ​ទីក្រុង​ភ្នំពេញ​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ថា​បាន​បាញ់​សម្លាប់​បណ្ឌិត កែម ឡី មក គឺ​រូប​គាត់​មិន​ដែល​ធ្វើ​ដំណើរ​ទៅ​ជួប​មុខ​ឡើយ ពីព្រោះ​តែ​គាត់​គ្មាន​ប្រាក់ ព្រម​ទាំង​សុខភាព​មិន​ល្អ ហើយ​ណា​មួយ​រវល់​តែ​រក​ស៊ី​ចិញ្ចឹម​កូន​ស្រី​ម្នាក់​ដែល​កំពុង​រៀន​ទៀត​ផង។

បច្ចុប្បន្ន លោកស្រី ហឿម ហ៊ត់ ប្រកប​របរ​ដើរ​លក់​សាច់​ជ្រូក​នៅ​ពេល​ព្រឹក និង​ពេល​រសៀល​គឺ​ធ្វើ​បុក​ល្ហុង​លក់​នៅ​មុខ​ផ្ទះ ដើម្បី​រក​ប្រាក់​កម្រៃ​ចិញ្ចឹម​ជីវិត។

លោកស្រី ហឿម ហ៊ត់ មិន​ភ្ញាក់​ផ្អើល​ចំពោះ​រឿង​តុលាការ​ក្រុង​ភ្នំពេញ ដែល​កាត់​ទោស​ឲ្យ​ប្ដី​របស់​គាត់​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នោះ​ឡើយ៖ «ខ្ញុំ​ស្រេច​តែ​លើ​រាជការ​ទេ បើ​រក​ឃើញ​ថា​ប្ដី​ខ្ញុំ​មាន​កំហុស ធ្វើ​តាម​នោះ​ទៅ។ ខ្ញុំ​រឿង​ច្បាប់​អត់​ដឹង​ទេ ពីព្រោះ​តែ​ខ្ញុំ​មិន​បាន​រៀនសូត្រ​ជ្រៅជ្រះ»

អ្នក​ភូមិ​នគរភាស២ ជាច្រើន​នាក់ បាន​សម្ដែង​ទឹក​ចិត្ត​អាណិត​អាសូរ​ចំពោះ​លោកស្រី ហឿម ហ៊ត់ ដោយ​គេ​និយាយ​ថា ស្ត្រី​ម្នាក់​នេះ​កំព្រា​ឪពុក​ម្ដាយ​តាំង​តែ​ពី​តូច​មក លុះ​ដល់​ធំ​ពេញ​វ័យ គឺ​ឪពុក​ចិញ្ចឹម​បាន​រៀបចំ​ឲ្យ​មាន​គូស្រករ​បាន​កូន​ស្រី​មួយ ក៏​ប្ដី​នោះ​ស្លាប់​ចោល។ រស់នៅ​ក្នុង​ភាព​មេម៉ាយ ១០​ឆ្នាំ ក៏​បាន​រៀបការ​ជាមួយ​នឹង​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដោយ​ទើប​តែ​រស់នៅ​ជាមួយ​គ្នា​បាន ២​ខែ​ប៉ុណ្ណោះ ឈ្មោះ អឿត អាង មិន​ដែល​ជួយ​រក​ស៊ី​ទេ គឺ​ដើរ​តែ​លេង រហូត​ដល់​ទៅ​ជាប់​គុក​រឿង​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី ទៀត។ អ្នក​ភូមិ​ចាត់​ទុក​ខ្សែ​ជីវិត​របស់​ប្រពន្ធ អឿត អាង ថា​គឺ​ជា​ស្ត្រី​ដ៏​អភ័ព្វ ដោយសារ​តែ​បាន​ប្ដី​មក មិន​ដែល​មាន​ភាព​កក់ក្ដៅ​ណា​មួយ​ទេ គឺ​មាន​តែ​នាំ​ភាព​អាម៉ាស់​មក​ឲ្យ​ប្រពន្ធ​ទៅ​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។