ជីវិត​គ្រួសារ​មួយ​ដែល​មាន​ប្ដី​ពិការ​ភ្នែក​ទាំង​គូ​ប្រឹង​តស៊ូ​ដើម្បី​រស់​ក្នុង​សង្គម

0:00 / 0:00

គ្រួសារ​ដែល​មាន​ប្ដី និង​ឪពុក​ជា​ជន​ពិការ​ភ្នែក​ទាំង​គូ នៅ​ភូមិ​គុស ឃុំ​គុស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កំពុង​តស៊ូ​ក្នុង​ជីវិត​ដើម្បី​រស់នៅ​ក្នុង​សង្គម។ គ្រួសារ​នេះ​មិន​ត្រឹម​តែ​មាន​សមាជិក​ជា​ជន​ពិការ និង​ក្រីក្រ​ទេ តែ​ថែម​ទាំង​មាន​ជំងឺ និង​ជំពាក់​បំណុល​គេ​វ័ណ្ឌ​ក​ទៀត​ផង។

«សំឡេង​ត្អូញត្អែរ​របស់​ប្រពន្ធ​ជន​ពិការ» គឺ​ជា​ការ​ត្អូញត្អែរ​របស់ អ្នកស្រី ម៉ម វុទ្ធី អាយុ ៥៤​ឆ្នាំ ជា​ភរិយា​ជន​ពិការ​ភ្នែក​ម្នាក់​ដែល​ប្ដី​របស់​គាត់​តែង​តែ​ចេញ​ទៅ​រក​ស៊ី​ស្រុក​ឆ្ងាយ​បាត់ៗ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត​ផង និង​សង​បំណុល​គេ​ដ៏​ច្រើន​ផង។

សព្វថ្ងៃ គ្រួសារ​នេះ​ជំពាក់​បំណុល​ធនាគារ​ប្រមាណ ១.៥០០​ដុល្លារ ដែល​ត្រូវ​ការ​រក​លុយ​បង់​ការ​ប្រាក់​ប្រចាំ​ខែ​ចំនួន ៨០​ដុល្លារ​ជា​ប្រចាំ។ តែ​ពេល​នេះ អ្នកស្រី​ធ្លាក់​ខ្លួន​ឈឺ​ធ្វើ​អ្វី​លែង​កើត គឺ​ពឹង​តែ​លើ​កម្លាំង​ប្ដី​ពិការ​ភ្នែក​វ័យ​ចំណាស់​ប៉ុណ្ណោះ៖ «ដល់​ពេល​ខ្ញុំ​ខំ​ពេក ឥឡូវ​ខូច​សុខភាព​ខ្លួន​ឯង ឥឡូវ​ខ្ញុំ​ឈឺ​ក្បាល​វិល​មុខ​លើស​សម្ពាធ​ឈាម ព្រិល​ភ្នែក ទៅ​ជា​ធ្វើ​អ្វី​លែង​កើត»

អ្នកស្រី​បន្ត​ថា ប្ដី​អ្នកស្រី​ឈ្មោះ អ៊ុក ឈុំ អាយុ​ជាង ៦០​ឆ្នាំ ប្រកប​របរ​មិន​ពិត​ប្រាកដ ជួន​ជួញ​ផ្លែ​គ គ្រាប់​ស្លែង អំពិល​ទុំ ដែល​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ឆ្ងាយៗ​បី​បួន​ថ្ងៃ​ទើប​វិល​មក​ផ្ទះ​ម្ដង។ គ្រួសារ​អ្នកស្រី​មាន​កូន ៥​នាក់ ស្រី ២​នាក់ ប្រុស ៣​នាក់ តែ​បែក​មាន​គ្រួសារ​អស់​ហើយ រស់នៅ​ក្នុង​បន្ទុក​បច្ចុប្បន្ន​មាន​តែ​កូន​ស្រី​ម្នាក់។

តែ​រឿង​ដែល​អភ័ព្វ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​កូន​ស្រី​គាត់​ដែល​ពេល​នេះ​កំពុង​ពេញ​វ័យ​សិក្សា​នោះ មាន​ជំងឺ​ប្រចាំ​កាយ​រឹត​តែ​ធ្វើ​ឲ្យ​គ្រួសារ​ដែល​កំពុង​រង​បន្ទុក​ធ្ងន់​ស្រាប់​ទៅ​ហើយ​នោះ រឹត​តែ​វេទនា​ខ្លាំង​ថែម​ទៀត គឺ​កូន​គាត់​តែង​តែ​ដួល​សន្លប់​ក្នុង​រយៈពេល​មួយ​ខែ​ពីរ​ដង មិន​ទៀង​ពេល​វេលា៖ «កំពុង​រៀន​សន្លប់​ត្មោល លោកគ្រូ​អ្នកគ្រូ​ភ័យ​ហៅ​ម៉ែ​ឪ​ទៅ ម៉ែ​ឪ​អត់​មាន​អី​ជិះ​ទៅ​ជួល​ម៉ូតូ​គេ​ទៅ ដល់​ដឹក​កូន​មក​វិញ ជិះ​ម៉ូតូ​អត់​កើត អ៊ីចឹង​ទាល់​ជួល​រ៉ឺម៉ក​គេ។ រ៉ឺម៉ក​គេ​ពី​អង្គតាសោម មក​នេះ គេ​ទារ​ពីរ​ម៉ឺន បើ​យើង​មិន​ជិះ​ហី​ទៅ គេ​ទៅ​ទៀត...»

សព្វថ្ងៃ គ្រួសារ​មួយ​នេះ​មាន​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ផុត​ពី​ដី​តូច​មួយ ជា​ផ្ទះ​ឈើ​ប៉ះប៉ូវ​ដែល​ជា​ជំនួយ​របស់​អង្គការ​កម្មវិធី​ស្ដារ​លទ្ធភាព​ពលកម្ម​ជន​ពិការ​នៅ​ខេត្ត​តាកែវ។

តែ​ទោះ​យ៉ាង​ណា អ្នកស្រី សួស សុភាព អ្នក​គ្រប់គ្រង​គម្រោង​កុមារ​មណ្ឌល និង​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​អង្គការ​នេះ​បាន​ជួយ​ផ្ដល់​ប្រាក់​កម្ចី​ទៅ​ឲ្យ​គ្រួសារ​នេះ ដើម្បី​ពង្រីក​ដើម​ទុន​រក​ស៊ី​រយៈពេល​បី​បួន​ឆ្នាំ​មក​នេះ​អះអាង​ថា ជីវភាព​គ្រួសារ​ជន​ពិការ​មួយ​នេះ​បាន​ធូរធារ​ច្រើន​ណាស់ បើ​ប្រៀបធៀប​ពេល​មុន។ អ្នកស្រី​បន្ត​ថា ដំបូង​ឡើយ​អង្គការ​អ្នកស្រី​បាន​ឲ្យ​ខ្ចី​ទុន​រក​ស៊ី​ចំនួន ៥០​ម៉ឺន​រៀល អត់​យក​ការ​ប្រាក់ ៥​ឆ្នាំ។ បន្ទាប់​មក​ឲ្យ​ខ្ចី​ជា​លើក​ទី​២ ឲ្យ​ខ្ចី ៦០​ម៉ឺន​រៀល​ទៀត ដោយ​មិន​គិត​ការ​ប្រាក់ ថែម​ទាំង​អង្គការ​ជួយ​ធ្វើ​ផ្ទះ​តម្លៃ​ប្រហែល ២​លាន​រៀល​ឲ្យ​ពួក​គាត់​រស់នៅ មិន​សាច​ភ្លៀង​លេច ការពារ​កម្ដៅ​ថ្ងៃ​បាន​ល្អ​ជាង​ពេល​មុន៖ «ស្ថានភាព​មុន​ដែល​យើង​ជួយ​ក្រោយ​ដែល​យើង​ជួយ គឺ​ខុស​គ្នា​ឆ្ងាយ។ ពេល​មុន​ដែល​យើង​ជួយ​មើល​ទៅ​ពិបាក​តែ​ម្ដង ខ្ទម​តូច​មួយ​នៅ​ជាប់​ដី មាន់​ក៏​នៅ​ហ្នឹង មនុស្ស​ក៏​នៅ​ហ្នឹង សម្ភារៈ​គ្រាប់​ស្លែង គ្រាប់​គ​អី​នៅ​មូល​គ្នា​ទាំងអស់​មួយ​ផ្ទះ​ហ្នឹង ហើយ​ផ្ទះ​ដំបូល​ដាច់​ទៀត ដល់​ពេល​យើង​ជួយ​បាន​ទៅ​មាន​ផ្ទះ​មាន​អី​ទៅ ឥឡូវ​ស្ថានភាព​គាត់​ខុស​ពី​មុន​ច្រើន និយាយ​ជោគជ័យ​ទី​១ មាន​ផ្ទះ​នៅ​សមរម្យ ទី​២ គាត់​អត់​សូវ​ពិបាក​ដូច​ពេល​មុន​ពេក​ទេ ពី​មុន​គាត់​រក​ពេល​ខ្លះ ពេល​ព្រឹក​ខ្វះ​ល្ងាច ល្ងាច​ខ្វះ​ព្រឹក អត់​គ្រប់​ទេ»

លោកស្រី ម៉ម វុទ្ធី បង្ហាញ​ពី​របរ​លក់​ចាប់ហួយ​បន្តិចបន្តួច​នៅ​ផ្ទះ នៅ​ភូមិ​គុស ឃុំ​គុស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
លោកស្រី ម៉ម វុទ្ធី បង្ហាញ​ពី​របរ​លក់​ចាប់ហួយ​បន្តិចបន្តួច​នៅ​ផ្ទះ នៅ​ភូមិ​គុស ឃុំ​គុស ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ (RFA/Vohar Cheath)

ក្រៅ​ពី​នេះ ការ​ផ្ដល់​ប្រាក់​កម្ចី​ដែល​តម្រូវ​ឲ្យ​បង់​តែ​ប្រាក់​វិភាគទាន​បន្តិចបន្តួច​មក​វិញ​នោះ បាន​ជួយ​ឲ្យ​កូនៗ​គ្រួសារ​ជន​ពិការ​នេះ​បាន​រៀន​ដល់​វិទ្យាល័យ និង​សកលវិទ្យាល័យ​ទៀត​ផង ដែល​ពេល​នេះ​កូនៗ​ទាំង​នោះ​បែក​ចាន​ឆ្នាំង​អស់​ហើយ។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ជីវភាព​គ្រួសារ​ក្រីក្រ​នេះ​នៅ​តែ​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន​ទៀត ដូចជា​ពួក​គាត់​ចាស់ៗ ហើយ​មាន​ជំងឺ​ប្រចាំ​កាយ​ទាំង​ម្ដាយ​ទាំង​កូន​ដែល​នៅ​ក្នុង​បន្ទុក។ ជាង​នេះ​ទៅ​ទៀត​នោះ ដោយសារ​តែ​អង្គការ​ជន​ពិការ​បាន​ជួយ​ដូច្នេះ អាជ្ញាធរ​មូលដ្ឋាន​បាន​ដក​ប័ណ្ណ​សម្រាប់​សម្គាល់​ជន​ក្រីក្រ​ពី​គ្រួសារ​នេះ​បាត់​ទៅ​ទៀត ដោយ​ចាត់​ទុក​ថា គ្រួសារ​នេះ​លែង​ឋិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ជន​ក្រីក្រ​ទៀត​ហើយ៖ «ហើយ​មើល​ទៅ​ផ្ទះ​យើង​គេ​ថា​ប្រហែល​ជា​យើង​ហ្នឹង​គ្រាន់​បើ​ជាង​អ្នក​សា​ក្រោយៗ​ចា៎! វា​ធ្លាក់​គេ​យក (ពិន្ទុ) គេ​យក​ត្រឹម​៤៥ យើង​បាន​តែ ៤៣​សំឡេង យើង​បាត់ ២​សំឡេង យើង​អត់​បាន​ជាប់។ អ៊ីចឹង​ខ្ញុំ​អត់​មាន​ប័ណ្ណ (ក្រីក្រ) បាត់​ដោយសារ​គេ​សួរ​ថា​មាន​ទូរស័ព្ទ​ប្រើ​ទេ យើង​ថា​មាន ចុះ​សម័យ​ឥឡូវ​គេ​ត្រូវ​មាន​អ៊ីចឹង​ហើយ អ៊ីចឹង​យើង​ធ្លាក់​កន្លែង​ហ្នឹង ហើយ​ផ្ទះ​យើង​មាន​ក្ដារ​មាន​អី​ត​យ៉ាក​អ៊ីចឹង​ទៅ​យើង​ធ្លាក់​ពីរ​សំឡេង»

ប្រការ​នេះ ធ្វើ​ឲ្យ​គ្រួសារ​មួយ​នេះ​ត្រូវ​ប្រឈម​នឹង​ការ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន សម្រាប់​ទៅ​មន្ទីរពេទ្យ​ដែល​ជា​បន្ទុក​យ៉ាង​ធ្ងន់​មួយ​ទៀត​ទៅ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។