គ្រួសារ​ជន​រងគ្រោះ​ដោយ​ការ​បាញ់​បង្ក្រាប​កន្លែង​ជល់​មាន់​នៅ​ខេត្ត​ត្បូងឃ្មុំ​ទន្ទឹង​រង់ចាំ​យុត្តិធម៌

ដោយ សូត សុខប្រាថ្នា
2016.02.09
គ្រួសារ​សព​ស្លាប់​ដោយ​ការ​បាញ់​បង្ក្រាប​ជល់​មាន់ ត្បូងឃ្មុំ ២០១៦ ៨៥៥ ក្រុម​គ្រួសារ​សព លោក ឆាយ អឿន ស្លាប់​ដោយ​ការ​បាញ់​បង្ក្រាប​កន្លែង​ជល់​មាន់​នៅ​ខេត្ត​ត្បូងឃ្មុំ កាន់​បដា​ដើម្បី​ស្នើសុំ​ឲ្យ​រាជ​រដ្ឋាភិបាល និង​តុលាការ ជួយ​ស្វែងរក​យុត្តិធម៌ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ Photo ADHOC
Photo ADHOC

ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដោយ​ការ​បាញ់​ប្រហារ​នៅ​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប​កន្លែង​ជល់​មាន់ នៅ​ឃុំ​ចាន់មូល ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ឆ្នាំ​២០១៤ នៅ​តែ​ទាមទារ​យុត្តិធម៌​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា។ ការ​ទន្ទឹង​រង់ចាំ​យុត្តិធម៌​នេះ បាន​អូស​បន្លាយ​ពេល​ជាង ១​ឆ្នាំ​ហើយ ដោយ​ជន​ដៃ​ដល់​នៅ​ក្រៅ​សំណាញ់​ច្បាប់​នៅ​ឡើយ ទោះ​បី​ជា​ពួក​គាត់​បាន​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ឲ្យ​ជួយ​ដោះស្រាយ ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​បាន​ពន្លឺ​យុត្តិធម៌​នៅ​ឡើយ។ សមត្ថកិច្ច​អះអាង​ថា សំណុំ​រឿង​ឃាតកម្ម​នេះ ពួក​គេ​បាន​បញ្ជូន​ទៅ​តុលាការ​រួច​រាល់​ហើយ។

អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​សម្រាប់​ក្រុម​គ្រួសារ​ជន​រងគ្រោះ លោក ឆាយ អឿន ដែល​បាន​ស្លាប់​ដោយសារ​ការ​បាញ់​ប្រហារ​របស់​សមត្ថកិច្ច ក្នុង​ពេល​ចុះ​បង្ក្រាប​កន្លែង​ជល់​មាន់ នៅ​ឃុំ​ចាន់មូល ស្រុក​មេមត់ ដោយ​អាជ្ញាធរ ឬ​តុលាការ​មិន​ទាន់​ចាប់​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទាទោស​បាន​នៅ​ឡើយ។

ឪពុក​ក្មេក លោក ឆាយ អឿន គឺ​លោក សេង កុន ឲ្យ​ដឹង​ថា ក្រោយ​ពេល​កូន​ប្រសា​របស់​លោក​ស្លាប់ កូន​ស្រី​របស់​លោក​ត្រូវ​រស់នៅ​ឯកា រីឯ​ចៅ​ស្រី​អាយុ ៤​ឆ្នាំ​វិញ ត្រូវ​រស់នៅ​កំព្រា​ឪពុក ហើយ​ត្រូវ​បន្ត​រង់ចាំ​យុត្តិធម៌​រហូត​មក​ដល់​បច្ចុប្បន្ន។ បន្ថែម​ពី​នេះ កាន់​តែ​ធ្វើ​ឲ្យ​ជីវភាព​ក្រុម​គ្រួសារ​របស់​កូន​ស្រី​លោក ត្រូវ​ជួប​ការ​លំបាក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៖ «ខ្ញុំ​នឹក​ឃើញ​ថា រឿង​ហ្នឹង​បើ​គេ​មិន​រំឭក គេ​មិន​និយាយ​ទៀត​ទេ។ ខ្ញុំ​គិត​ថា​រឿង​ហ្នឹង​ចប់ៗ​ហើយ»

កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ សមត្ថកិច្ច​ស្រុក​មេមត់ បាន​ចុះ​បង្ក្រាប​កន្លែង​ជល់​មាន់​លួច​លាក់​មួយ​កន្លែង​នៅ​ឃុំ​ចាន់មូល។ ហេតុការណ៍​កាល​នោះ​ក៏​មាន​ការ​ផ្ទុះ​អាវុធ​ឡើង បណ្ដាល​ឲ្យ​បុរស​ម្នាក់​ឈ្មោះ ឆាយ អឿន អាយុ ២៥​ឆ្នាំ ស្លាប់​ដោយសារ​ត្រូវ​គ្រាប់​កាំភ្លើង​របស់​សមត្ថកិច្ច​ជាច្រើន​គ្រាប់។ ក្រោយ​កើត​ហេតុ សមត្ថកិច្ច​បញ្ជាក់​ថា ជា​ឧប្បត្តិហេតុ​ប្លាត​គ្រាប់​ត្រូវ​យុវជន​រូប​នោះ​ស្លាប់ ស្រប​ពេល​យុវជន​នោះ​មិន​មាន​អាវុធ​ត​ដៃ​ជាមួយ​សមត្ថកិច្ច ដោយ​គ្រាន់​តែ​ជា​អ្នក​មើល​គេ​ជល់​មាន់​ប៉ុណ្ណោះ។

យ៉ាង​ណា ក្រុម​គ្រួសារ​ជន​រងគ្រោះ​អះអាង​ថា មិន​មែន​ជា​ករណី​ប្លាត​គ្រាប់​ទេ តែ​អាច​ជា​ចេតនា​របស់​សមត្ថកិច្ច​តែ​ម្តង ពីព្រោះ​កូន​ប្រសា​លោក​ត្រូវ​គ្រាប់​កាំភ្លើង​ចំនួន ៣​កន្លែង​ផ្សេង​គ្នា។ ប្រភព​ដដែល​បន្ថែម​ទៀត​ថា ប្រសិន​បើ​សំណុំ​រឿង​កូន​ប្រសា​លោក​នៅ​តែ​ស្ងាត់​បែប​នេះ ពួក​គាត់​នឹង​រៀបចំ​ពាក្យ​បណ្ដឹង​ដាក់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​បន្ត​ទៀត ពិសេស​ប្ដឹង​ទៅ​ក្រសួង​យុត្តិធម៌ តែ​ម្តង។

កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤ ក្រុម​គ្រួសារ​សព បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត​កំពង់ចាម ដោយ​ប្ដឹង​ឈ្មោះ ជី លីមហេង ជា​អធិការ​រង​ស្រុក​មេមត់ ដែល​ជា​អ្នក​ដឹក​នាំ​កម្លាំង​ចុះ​បង្ក្រាប​កន្លែង​ជល់​មាន់​កាល​ណោះ និង​បក្ខពួក ៧​នាក់​ទៀត​ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា។ ក្នុង​ពាក្យ​បណ្ដឹង គឺ​ស្នើ​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​អ្នក​ស្លាប់ ព្រម​ទាំង​ទាមទារ​ប្រាក់​សំណង​ចំនួន ១០០​លាន​រៀល។

ទាក់ទង​បញ្ហា​នេះ ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក ចក់ សុខកៅ មាន​ប្រសាសន៍​ថា សំណុំ​រឿង​នេះ នគរបាល​យុត្តិធម៌​បាន​បញ្ចប់​ហើយ ដោយ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ។ ចំណែក​ភារកិច្ច​បន្ទាប់ គឺ​ជា​ដែន​សមត្ថកិច្ច​របស់​តុលាការ ហើយ​ខាង​លោក​ក៏​មិន​ដែល​បាន​ទទួល​ដំណឹង​ពី​ខាង​តុលាការ​យ៉ាង​ណា​នោះ​ដែរ៖ «ព្រោះ​រឿង​ខ្ញុំ​តែ​ផុត​ដៃ​ហើយ រឿង​គាត់​ដំណើរ​ការ​យ៉ាង​ម៉េចៗ គឺ​អត់​ដឹង​ទេ​បាទ»

កាល​ពី​ខែ​មេសា ឆ្នាំ​២០១៥ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កំពង់ចាម លោក រៀល សុភិន ធ្លាប់​កោះ​ហៅ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​មក​សាកសួរ​ម្តង ហើយ​ក៏​ស្ងាត់​សូន្យ​ទៅ​វិញ។ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កំពង់ចាម លោក រៀល សុភិន បញ្ជាក់​នៅ​ថ្ងៃ​ទី​៨ កុម្ភៈ ថា ខាង​លោក​បាន​បញ្ជូន​សំណុំ​រឿង​មួយ​នេះ​ទៅ​ចៅក្រម​ស៊ើបសួរ​រួច​រាល់​ហើយ​កាល​ពី​ឆ្នាំ​២០១៥ ប៉ុន្តែ​លោក​មិន​បាន​ដឹង​ថា ចៅក្រម​មួយ​ណា​ទទួល​សំណុំ​រឿង​នេះ​បន្ត​នោះ​ឡើយ៖ «ខ្ញុំ​អត់​បាន​ដឹង​ថា ទៅ​ពី​ណា​គេ​ផង ព្រោះ​ខ្ញុំ​បាន​រុញ​ចេញ​ពី​ដៃ​ខ្ញុំ​យូរ​ហើយ»

កាល​ពី​ដើម​ឆ្នាំ​២០១៦ ករណី​ស្រដៀង​គ្នា​នេះ ក៏​បាន​កើត​ឡើង​នៅ​ខេត្ត​ព្រៃវែង។ ហេតុការណ៍​ចុះ​បង្ក្រាប​កន្លែង​ជល់​មាន់​នៅ​ខេត្ត​ព្រៃវែង គឺ​បណ្ដាល​ឲ្យ​អ្នក​ភូមិ​ម្នាក់​នៅ​ឃុំ​ព្រៃខ្លា ស្រុក​ស្វាយអន្ទរ ស្លាប់។ ក្រោយ​មក អាជ្ញាធរ​ខេត្ត​បាន​ចាប់​ខ្លួន​អធិការ​ស្រុក​ស្វាយអន្ទរ លោក ពុំ កាន់ បញ្ជូន​ទៅ​តុលាការ ដោយ​សង្ស័យ​ថា បាន​ពាក់ព័ន្ធ​ករណី​បាញ់​អ្នក​ភូមិ​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង​ជល់​មាន់ កាល​ពី​ថ្ងៃ​ទី​១៣ មករា។ ជាមួយ​គ្នា​នោះ តុលាការ​ក៏​សម្រេច​ឃុំ​ខ្លួន​អធិការ​ស្រុក​រូប​នោះ​នៅ​ពន្ធនាគារ​នៅ​ថ្ងៃ​ទី​១៦ មករា ក្រោយ​ពេល​បញ្ចប់​ការ​សាកសួរ។

បញ្ហា​នេះ ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ ព្រម​ទាំង​មន្ត្រី​តុលាការ នៅ​មិន​ទាន់​ធ្វើ​ឲ្យ​ពលរដ្ឋ​រងគ្រោះ មាន​ជំនឿ​ចិត្ត​នៅ​ឡើយ​ទេ។

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ការ​យឺតយ៉ាវ​នេះ​អាច​ដោយសារ​តែ​គ្រួសារ​របស់​ជន​រងគ្រោះ មាន​ជីវភាព​ខ្សត់​ខ្សោយ មិន​មាន​លុយ​កាក់ ឬ​ខ្សែ​រយៈ​បក្ខពួក ទើប​បាន​ជា​សំណុំ​រឿង​នេះ​ត្រូវ​បាន​គេ​ទុក​ចោល។ បន្ថែម​ពី​នេះ វា​ក៏​អាច​បង្កើត​ជា​វប្បធម៌​និទ្ទណ្ឌភាព ឬ​ភាព​គ្មាន​ទោសពៃរ៍​ឡើង​ទៀត​ផង ប្រសិន​បើ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​តែ​បន្ត​ភាព​ស្ងាត់ស្ងៀម​បែប​នេះ៖ «ពួក​គាត់ គឺ​ជន​ខ្សត់​ខ្សោយ​អត់​លុយ​កាក់ គ្មាន​ខ្សែ​វល្លិ​អី ហ្នឹង​ដែល​ទុក​លុយ​ហ្នឹង​ចោល ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ហ្នឹង​គាត់​អត់​ជឿ​លើ​សមត្ថកិច្ច​ស្នងការ ឬ​ព្រះរាជអាជ្ញា»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​នៅ​តែ​មាន​ជំនឿ​ថា តុលាការ​អាច​រក​ជន​ល្មើស​ឃើញ ប្រសិន​បើ​ពួក​គេ​មិន​បាន​ជាប់​ពាក់ព័ន្ធ​រឿង​ផល​ប្រយោជន៍​ណា​មួយ​ជាមួយ​ក្រុម​អ្នក​ប្រព្រឹត្តិ​ទាំង​នោះ​ទេ។ ជាង​នេះ​ទៀត មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​បញ្ជាក់​ថា ប្រសិន​បើ​តុលាការ ឬ​សមត្ថកិច្ច​នៅ​តែ​រក្សា​សំណុំ​រឿង​នេះ​ទុក​ចោល​បន្ត​ទៀត ប្រជាពលរដ្ឋ​ប្រាកដ​ជា​បាត់បង់​ជំនឿ​ចិត្ត​លើ​មន្ត្រី​យុត្តិធម៌​ទាំង​នោះ ហើយ​ក៏​ធ្វើ​ឲ្យ​រាជ​រដ្ឋាភិបាល បាត់បង់​ប្រជាប្រិយភាព​ជាក់​ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។