ពលរដ្ឋ​មួយ​ចំនួន​នៅ​កំពង់ឆ្នាំង​អះអាង​ថា​ទិន្នផល​ត្រី​ធ្វើ​ប្រហុក​ឬ​ផ្អក​ឆ្នាំ​នេះ​ថយ​ចុះ

ប្រជាពលរដ្ឋ និង​អាជីវករ​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ទិន្នផល​ត្រី​សម្រាប់​ធ្វើ​ប្រហុក ឬ​ផ្អក​ឆ្នាំ​នេះ​មាន​ការ​ថយ​ចុះ​ច្រើន។ ប្រជាពលរដ្ឋ​ត្រៀម​ធ្វើ​ប្រហុក ឬ​ផ្អក​មក​ពី​តាម​បណ្ដា​ខេត្ត​ផ្សេងៗ បញ្ជាក់​ថា ជាច្រើន​ថ្ងៃ​មក​ហើយ​ដែល​ពួក​គាត់​បាន​ស្នាក់​នៅ និង​រង់ចាំ​ទិញ​ត្រី​ប្រហុក ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពួក​គាត់​នៅ​មិន​ទាន់​ទិញ​បាន​នៅ​ឡើយ។

0:00 / 0:00

យ៉ាង​ណា មន្ត្រី​ជំនាញ​ជលផល​ខេត្ត​កំពង់ឆ្នាំង អះអាង​ថា គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​អំពី​ទិន្នផល​ត្រី​ឆ្នាំ​នេះ​ថា​មាន​ការ​ថយ​ចុះ ឬ​កើន​ឡើង​កម្រិត​ណា​នៅ​ឡើយ​ទេ ពីព្រោះ​ត្រី​ប្រហុក​អាច​នឹង​បន្ត​ត្រូវ​រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​មករា ឆ្នាំ​២០១៤ ខាង​មុខ។

ក្រុម​អាជីវកម្ម​ធ្វើ​ប្រហុក​ផ្អក នៅ​ខេត្ត​កំពង់ឆ្នាំង បញ្ជាក់​ថា ការ​ស្វែង​រក​ទិញ​ត្រី​ប្រហុក​ឆ្នាំ​នេះ ពិបាក​ជាង​ឆ្នាំ​មុន ហើយ​គុណភាព​ក៏​មិន​សូវ​ល្អ​ដែរ។

ក្រុម​អាជីវករ​ទាំង​ខ្មែរ និង​វៀតណាម ដែល​កំពុង​ឈរ​ចាំ​ទទួល​ទិញ និង​លក់​ត្រី​បន្ត​ទៅ​ឲ្យ​ប្រជាពលរដ្ឋ សុទ្ធ​តែ​បាន​អះអាង​ស្រដៀង​គ្នា​ថា ឆ្នាំ​នេះ​ទិន្នផល​ត្រី​ដែល​ប្រជា​នេសាទ​ចាប់​បាន គឺ​ជា​ប្រភេទ​ត្រី​ល្អិតៗ ហើយ​រយៈពេល​ត្រី​ត្រូវ​នៅ​ឆ្នាំ​នេះ​មិន​បាន​ច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​ដូច​ឆ្នាំ​មុន​ឡើយ៖ «ម្សិលម្ង៉ៃ​ម្សិលមិញ ថ្ងៃ​ហ្នឹង​អត់ ម្សិលមិញ​ឃើញ​មនុស្ស​មក​ច្រើន។ ត្រី​ឃើញ​ឆ្នាំ​ទៅ​វា​ត្រូវ​ល្មមៗ វា​មាន​ច្រើន​ថ្ងៃ​ណាស់ ហើយ​ឥឡូវ​ឆ្នាំ​ហ្នឹង​ត្រូវ​តែ ២​ថ្ងៃ អត់​ទេ​តិច​ជាង​ឆ្នាំ​មុន។ អត់! បង​មាន​ត្រី​ឯណា បង​ឯង​ទៅ​មើល​លើ​ផែ​ស្អាត​ចែស អស់​ហើយ​ហ្នឹង។ ខ្ញុំ​លក់​ឲ្យ​គាត់​តែ ១៥ (១.៥០០​រៀល) វិញ​ទេ​ហ្នឹង​នោះ ព្រោះ​ខ្ញុំ​អត់​ម៉ូតូ​ដឹក»

ប្រជាពលរដ្ឋ​ម្នាក់​មក​ពី​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ លោក ឆាយ អ៊ិត បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​៨ ខែ​មករា ថា លោក​ត្រូវ​ការ​ត្រី​ប្រហុក​ជាង ៤០០​គីឡូក្រាម ក៏ប៉ុន្តែ​រយៈពេល​ពីរ​បី​ថ្ងៃ​មក​នេះ លោក​ទើប​តែ​ទិញ​ត្រី​បាន​ចំនួន ៦០​គីឡូក្រាម​ប៉ុណ្ណោះ៖ «ពេល​មុន​ពូ​រក​នៅ​ឯណា? នៅ​ព្រែកព្នៅ ទៅ​ព្រែកព្នៅ ១​គីឡូ ១.២០០ ទៅ ១.៣០០ ទើប​លើក​នេះ​ឮ​តែ​គេ​ថា​គេ​មក​នេះ​គ្រាន់​ធូរ​ថ្លៃ ដល់​ពេល​មក​ដល់​នេះ​តម្លៃ​វា ២​ពាន់​រៀល ទៅ ១.៥០០​រៀល​ក្នុង​១​គីឡូក្រាម»

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​មក​ពី​ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម អ្នកស្រី ណយ ចាន់ថុល បាន​ឲ្យ​ដឹង​បន្ថែម​ថា អ្នកស្រី និង​គ្រួសារ បាន​មក​រក​ទិញ​ត្រី​ប្រហុក​នៅ​កំពង់ផែ​ផ្សារ​ក្រោម​នេះ​អស់​រយៈពេល ៤​ថ្ងៃ​មក​ហើយ។ អ្នកស្រី​បន្ត​ថា ត្រី​ប្រហុក​បាន​ចាប់​ផ្ដើម​ត្រូវ​នៅ​ថ្ងៃ​ទី​៥ ទី​៦ និង​ទី​៧ ក៏ប៉ុន្តែ​នៅ​ថ្ងៃ​ទី​៨ ខែ​មករា ត្រូវ​នឹង​ថ្ងៃ​៨​កើត ខែ​បុស្ស ដែល​គេ​តែ​ចំណាំ​ថា​នឹង​មាន​ត្រី​ត្រូវ​ច្រើន​នោះ បែរ​ជា​អត់​មាន​ត្រី​ទៅ​វិញ។

ទាក់ទង​នឹង​បញ្ហា​នេះ ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង លោក សេង ប៊ុនឈឿន មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​ដឹង​ថា​ប្រជាពលរដ្ឋ​សំអាង​ទៅ​លើ​មូលដ្ឋាន​អ្វី​ខ្លះ ដែល​អះអាង​ថា​ផល​នេសាទ​ឆ្នាំ​នេះ​មាន​ការ​ថយ​ចុះ​នោះ​ទេ ក៏ប៉ុន្តែ​ខាង​លោក​មាន​មូលដ្ឋាន​ច្បាស់​លាស់​មួយ​ចំនួន ដូច​ជា ឆ្នាំ​នេះ​មាន​ទឹក​ជំនន់​ធំ ហើយ​កំណើន​នៃ​ការ​ហូរ​ចូល​កូន​ត្រី​នៅ​ក្នុង​រដូវ​វស្សា​មាន​ជាង ៤០០​ក្បាល​ក្នុង​ផ្ទៃ​ទឹក ១​ម៉ែត្រ​គូប។ ម្យ៉ាង​វិញ​ទៀត កិច្ច​ការពារ​ប្រភព​ធនធាន​ជលផល​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន៖ «ចំពោះ​ពីរ​ខ្នើត​ពី​ដើម​រដូវ​នេសាទ​មក ឃើញ​មាន​ផល​នេសាទ​ហ្នឹង​កើន​ឡើង ប៉ុន្តែ​ខ្នើត​នេះ​យើង​មិន​ទាន់​ធ្វើ​ការ​បូក​សរុប​នៅ​ឡើយ​ទេ។ យើង​អាច​ប្រៀបធៀប​បាន​នៅ​ពេល​ចប់​ខ្នើត ហើយ​នៅ​ថ្ងៃ​ទី​៨ ម៉ោង​នេះ​ខ្ញុំ​ទទួល​ព័ត៌មាន​ថា​ថយ​ចុះ​ប្រហែល​ជា ២០% នៅ​ម៉ោង​៩»

លោក​បញ្ជាក់​ថា ត្រី​ចាប់​ផ្ដើម​ត្រូវ​តាំង​ពី​ថ្ងៃ​ទី​២ ខែ​មករា ហើយ​អាច​នឹង​បន្ត​ត្រូវ​រហូត​ដល់​ថ្ងៃ​ទី​១២ ខែ​មករា ត្រូវ​នឹង​ថ្ងៃ​ទី​១២​កើត ខែ​បុស្ស។ សម្រាប់​ខេត្ត​កំពង់ឆ្នាំង គេ​អាច​ទៅ​រក​ទិញ​ត្រី​សម្រាប់​ធ្វើ​ប្រហុក ឬ​ផ្អក​បាន​នៅ​តាម​ទីតាំង​សំខាន់ៗ​មួយ​ចំនួន ដូច​ជា នៅ​កំពង់ផែ​ផ្សារ​ក្រោម ស្ថិត​នៅ​ទី​រួម​ខេត្ត​កំពង់ឆ្នាំង នៅ​កំពង់ផែ​កំពង់​ប្រាសាទ ស្ថិត​នៅ​ស្រុក​កំពង់ត្រឡាច និង​កំពង់ផែ​ឆ្នុកទ្រូ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ជា​ដើម។ ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ដល់​កំពង់ផែ និង​ទិញ​ត្រី​ធ្វើ​ប្រហុក​ភាគ​ច្រើន​បាន​ត្អូញត្អែរ​ថា ប្រភេទ​ត្រី​ល្អិតៗ និង​មាន​ត្រី​ខ្លះ​អន់​សាច់​ទៅ​ហើយ នៅ​តែ​មាន​តម្លៃ​ថ្លៃ​ចាប់ ១​ពាន់ ២​រយ​រៀល ដល់ ២​ពាន់​រៀល​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។