ប្រជា​នេសាទ​នៅ​កំពង់ធំ​ទាមទារ​ឲ្យ​ដក​មន្ត្រី​ជលផល​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

0:00 / 0:00

ប្រជាពលរដ្ឋ​ជា​អ្នក​នេសាទ​នៅ​ភូមិ​សល្ងាច ឃុំ​កំពង់​ចិន​ខាង​ជើង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ បាន​តវ៉ា​ថា មាន​មន្ត្រី​រដ្ឋបាល​ជលផល​ចុះ​ទៅ​ចាប់​អ្នក​នេសាទ​ទារ​លុយ ជា​ថ្នូរ​ការ​ដោះ​លែង និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ។ ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ទាមទារ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជួយ​អ្នក​ស្រុក​ផង។

ប្រជាពលរដ្ឋ​ជា​អ្នក​នេសាទ ១៤៣​គ្រួសារ រស់នៅ​ភូមិ​សល្ងាច បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដក លោក ជុល ថាច នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ ចេញ​ពី​មុខ​តំណែង ដោយសារ​លោក​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​គាប​សង្កត់​ទារ​លុយ​អ្នក​នេសាទ។

នៅ​ក្នុង​ពាក្យ​ប្ដឹង​ទាមទារ​សុំ​ជួយ​អន្តរាគមន៍​របស់​អ្នក​ភូមិ​សល្ងាច ដោយ​មាន​ស្នាម​ផ្ដិត​មេដៃ​មនុស្ស ១៤៣​គ្រួសារ​ផង​នោះ ប្រជាពលរដ្ឋ​បាន​ចោទ​ថា លោក ជុល ថាច បាន​ដឹក​នាំ​កម្លាំង​ចុះ​ចាប់​អ្នក​នេសាទ និង​ជំរិត​ទារ​ប្រាក់​បាន​រាប់​រយ​លាន​រៀល។

លោក ទោ អេល ជា​តំណាង​ប្រជាពលរដ្ឋ​អ្នក​នេសាទ ១៤៣​គ្រួសារ ដែល​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​អំពី​ករណី លោក ជុល ថាច បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ថា ប្រជាពលរដ្ឋ​អ្នក​នេសាទ​មិន​អាច​រក​ត្រី​លក់​ចិញ្ចឹម​ជីវិត​បាន​ទេ បើ​សិន​ជា​មន្ត្រី​ជលផល​ដូច លោក ជុល ថាច នេះ​នៅ​តែ​ធ្វើ​បាប​រាល់​ថ្ងៃ៖ «ជលផល​នៅ​ខេត្ត​កំពង់ធំ នេះ គាត់​តែង​មក​ដេក​ចាំ​ក្នុង​ព្រៃ​នេះ​ឯង ដើរ​យក​លុយ​យក​កាក់​ប្រជាពលរដ្ឋ។ នៅ​ភូមិ​ខ្ញុំ ១​ក្រុម ៤ ទៅ ៥​នាក់ ទារ​សុទ្ធតែ ១​លាន ២​លាន​ជាង។ អ្នក​ដើរ​រក​ស៊ី​ដាក់​លប​ដាក់​អី​នេះ។ គេ​មិន​ឲ្យ​លុយ​ចាប់ ហើយ​ឲ្យ​លោះ​ទៀត។ ចង់​ឲ្យ​គាត់​ឈប់​ធ្វើ​បាប​ប្រជាពលរដ្ឋ​ទៅ បើ​ចឹង​មាន​តែ​ធ្លាក់​ពី​តំណែង​ទៅ បើ​ធ្វើ​បាប​ប្រជាពលរដ្ឋ​យ៉ាង​នេះ។ ប្រជាជន​នៅ​ទន្លេ​នេះ​រក​ស៊ី​វេទនា​ណាស់»

ប្រជាពលរដ្ឋ​មួយ​រូប​ទៀត​ដែល​អះអាង​ថា ជា​តំណាង​ប្រជាពលរដ្ឋ​ចូលរួម​ដាក់​ពាក្យ​ប្ដឹង​ដែរ​នោះ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ចាប់​ត្រី​បាន​តិចតួច ត្រូវ​ក្រុម លោក ជុល ថាច ចាប់​ឧបករណ៍​នេសាទ ហើយ​ចាប់​មនុស្ស​ទៀត និង​ទាមទារ​ប្រាក់៖ «គាត់​អត់​មាន​វាយ​តប់​អី​ទេ ប៉ុន្តែ​យ៉ាប់​អា​រឿង​គាត់​ទារ​លុយ ប្រជាពលរដ្ឋ​រក​ស៊ី​តិចតួច​មាន​លុយ​ឯណា​ឲ្យ។ ធ្វើ​បាប​ប្រជាជន​នោះ បើ​និយាយ​អា​រឿង​នយោបាយ​នោះ វា​ឆ្អែតឆ្អន់​ហើយ។ ចេះ​តែ​អ៊ីចឹង ដោយសារ​អ៊ីចេះ​ឯង​បាន​ជា​សន្លឹក​ឆ្នោត​វា​កាន់​តែ​ទៅ​ណា»

នៅ​ក្នុង​ពាក្យ​ប្ដឹង​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ប្រជាពលរដ្ឋ​ភូមិ​សល្ងាច រៀបរាប់​ថា លោក ជុល ថាច តាំង​ពី​បាន​ឡើង​តំណែង​ជា​នាយ​រង​ខណ្ឌ​រដ្ឋបាល​ជលផល​មក គាត់​បាន​ធ្វើ​បាប​អ្នក​ស្រុក​ជា​ខ្លាំង។ គាត់​បាន​គំរាម​កំហែង​ទារ​លុយ​ទាំង​ក្នុង​រដូវ​បិទ​នេសាទ និង​បើក​នេសាទ។ ប្រជាពលរដ្ឋ​ចោទ​ថា លោក ជុល ថាច បាន​ធ្វើ​បាប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ទាំង​៥ ក្នុង​ស្រុក​ស្ទោង ហើយ​ក្នុង​មួយ​ឆ្នាំ​គាត់​អាច​រក​លុយ​បាន​ពី ១៥០ ទៅ ២០០​លាន​រៀល។ អ្នក​ស្រុក​ចោទ​ថា លោក ជុល ថាច មាន​ក្រុម​រួម​គំនិត ដើម្បី​ធ្វើ​បាប​អ្នក​ស្រុក ដោយ​ពួក​គេ​មាន​កាណូត​មួយ​គ្រឿង​មាន​គ្នា ២​នាក់ មាន​អាវុធ​ខ្លី និង​វែង ហើយ​ដេក​ក្នុង​ព្រៃ​ចាំ​ស្ទាក់​ចាប់​អ្នក​ស្រុក​ស្ទើរ​រាល់​ថ្ងៃ។ ប្រជាពលរដ្ឋ​ចោទ​ថា ក្រុម លោក ជុល ថាច ចាប់​លប​អ្នក​ស្រុក ហើយ​តែង​បង្ខំ​ឲ្យ​អ្នក​ស្រុក​ទៅ​រក​លុយ​មក​លោះ ជា​ថ្នូរ​ក្នុង​មួយ​ករណី​ទឹក​ប្រាក់​ពី ៥០​ម៉ឺន​រៀល ទៅ ១​លាន​រៀល។

វិទ្យុ​អាស៊ីសេរី ទូរស័ព្ទ​ទាក់ទង លោក ជុល ថាច ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ពី​ការ​ចោទ​ប្រកាន់​របស់​អ្នក​នេសាទ ១៤៣​គ្រួសារ នៅ​ភូមិ​សល្ងាច ស្រុក​ស្ទោង លោក​ចុច​ទូរស័ព្ទ​ទទួល ប៉ុន្តែ​មិន​និយាយ​ទេ។

ទាក់ទង​ករណី លោក ជុល ថាច នេះ លោក ប៉ែន វណ្ណរិន ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ បញ្ជាក់​ថា លោក ជុល ថាច ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ដែន​នេសាទ​ស្រុក​ស្ទោង មែន តែ​រឿង​ជំរិត​ទារ​លុយ​អ្នក​នេសាទ ហើយ​ត្រូវ​អ្នក​នេសាទ​ប្ដឹង​នោះ លោក​មិន​ដឹង​ទេ ព្រោះ​ការងារ​បែង​ចែក​ដាច់​ស្រឡះ​ពី​គ្នា។

អ្នក​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ខេត្ត​កំពង់ធំ អ្នកស្រី គុណ ស៊ីថា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា ថា អ្នកស្រី​មិន​បាន​ទទួល​ពាក្យ​ប្ដឹង​របស់​ប្រជាពលរដ្ឋ​រឿង​មន្ត្រី​ជលផល​ធ្វើ​បាប​ទារ​លុយ​អ្នក​នេសាទ​នោះ​ទេ ប៉ុន្តែ​អ្នកស្រី​ត្រៀម​ផ្តល់​ការ​ជួយ​ពិភាក្សា បើ​សិន​ជា​អ្នក​នេសាទ​ទាក់ទង​សុំ។

វិទ្យុ​អាស៊ីសេរី បាន​ទទួល​ពាក្យ​បណ្ដឹង​ប្ដឹង លោក ជុល ថាច នាយ​រង​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ធំ ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មាន ២​ករណី។ ពាក្យ​ប្ដឹង​ទី​១ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៤ ប្ដឹង​ដោយ​អ្នក​ស្រុក ១៧១​គ្រួសារ រស់នៅ ៣​ភូមិ គឺ​ភូមិ​ពៅវើយ ភូមិ​ដូនស្តើង និង​ភូមិ​បាឡត ឃុំ​ពាមបាង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ។ ពាក្យ​ប្ដឹង​ទី​២ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៤ ប្តឹង​ដោយ​ប្រជាពលរដ្ឋ ១៤៣​គ្រួសារ រស់នៅ​ភូមិ​សល្ងាច ឃុំ​កំពង់​ចិន​ខាង​ជើង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។