កម្មកររោងចក្រស្បែកជើងមួយឈ្មោះ វ៉ាឡុង (HWA LONG) នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ប្រមាណ ៦០០នាក់ នាំគ្នាធ្វើកូដកម្មបីថ្ងៃមកហើយ ប៉ុន្តែនៅមិនទាន់ទទួលបានលទ្ធផលវិជ្ជមាន។ ពួកគាត់ប្ដេជ្ញានឹងបន្តធ្វើកូដកម្មដើម្បីទាមទារលក្ខខណ្ឌការងារសមរម្យបន្តទៀត រហូតដល់មានដំណោះស្រាយសមរម្យ។ បញ្ហានេះ មន្ត្រីមន្ទីរការងារ លើកឡើងថា ពួកគេកំពុងគិតគូររកចំណុចរួមរវាងភាគីទាំងពីរ ដើម្បីបញ្ចប់វិវាទនោះ។
កម្មកររោងចក្រស្បែកជើងឈ្មោះ វ៉ាឡុង មានទីតាំងនៅឃុំផ្ដៅជុំ ស្រុកជើងព្រៃ ប្រមាណ ៦០០នាក់ សម្រេចរំសាយកូដកម្មនៅម៉ោងប្រមាណ ៩ព្រឹកថ្ងៃទី១៣ កក្កដា ហើយនឹងធ្វើកូដកម្មនៅថ្ងៃបន្តបន្ទាប់ ប្រសិនបើការទាមទារលក្ខខណ្ឌការងាររបស់ពួកគាត់មិនមានដំណោះស្រាយ។
តំណាងកម្មករនៅរោងចក្រ វ៉ាឡុង លោក លី ផានិត្យ មានប្រសាសន៍ថា មូលហេតុក្រុមកម្មករសម្រេចរំសាយគ្នានោះ ពីព្រោះកម្មករបានតវ៉ាបីថ្ងៃជាប់គ្នាមកហើយ ម្យ៉ាងអាជ្ញាធរដែនដីមិនអនុញ្ញាតឲ្យពួកគាត់ធ្វើរោងដើម្បីជ្រកកម្តៅថ្ងៃ និងប្រើប្រាស់ឧបករណ៍បំពងសំឡេងក្នុងពេលធ្វើកូដកម្មទៀតផង។ លោកបន្តថា កម្មករនាំគ្នាទាមទារលក្ខខណ្ឌការងារចំនួន ៣០ចំណុច រួមមាន ស្នើឲ្យរោងចក្រមិនត្រូវដក ឬបញ្ឈប់កម្មការិនីដែលមានផ្ទៃពោះដូចកាលពីពេលកន្លងមកនោះទេ។ បន្ថែមពីនេះ ពួកគាត់ស្នើឲ្យមានប្រព័ន្ធទឹកស្អាត ឬទឹកបរិសុទ្ធក្នុងរោងចក្រ ជៀសវាងយកទឹកមិនស្អាតឲ្យកម្មករបរិភោគ។ កម្មករស្នើឲ្យមានគ្រូពេទ្យប្រចាំក្នុងរោងចក្រ ព្រោះកន្លងមក រោងចក្រនេះមិនមានឡើយ។ លើសពីនេះ ត្រូវផ្តល់វិក្កយបត្រប្រាក់ខែជូនកម្មករឲ្យបានមុន ៥ថ្ងៃបើកប្រាក់ខែ ដើម្បីងាយស្រួលពួកគាត់បូកសរុបប្រាក់ខែរបស់ខ្លួន និងបញ្ឈប់ការគាបសង្កត់លើកម្មករ ដើម្បីឲ្យធ្វើការងារថែមម៉ោងនៅថ្ងៃសៅរ៍ ស្របពេលកម្មករខ្លះដែលមិនបានធ្វើតាម ត្រូវភាគីរោងចក្របញ្ឈប់ ព្រមទាំងចំណុចមួយចំនួនទៀត៖ « ទឹកចិត្តរបស់កម្មករគាត់បាននិយាយហើយថា បើក្រុមហ៊ុនមិនមានការដោះស្រាយសមស្របសម្រាប់ពួកគាត់ប្រការណាមួយនោះទេ គាត់នឹងស្ម័គ្រចិត្តធ្វើកូដកម្មនេះរហូតដល់ក្រុមហ៊ុនព្រមទទួលយកសំណើរបស់ពួកគាត់មួយចំនួន »។
កូដកម្មរបស់ក្រុមកម្មករដើម្បីស្នើសុំលក្ខខណ្ឌការងាររយៈពេលបីថ្ងៃមកនេះ នៅមិនទាន់មានការឆ្លើយតបពីខាងភាគីក្រុមហ៊ុនឡើយ។
ទាក់ទងបញ្ហានេះ ជំនួយការប្រធានរដ្ឋបាលរោងចក្រស្បែកជើង វ៉ាឡុង អ្នកស្រី សំណាង មិនបានមានប្រសាសន៍ច្បាស់លាស់ទេចំពោះការទាមទារនេះ។
ចំណែកខាងមន្ត្រីមន្ទីរការងារខេត្តកំពង់ចាម កាលពីថ្ងៃទី១២ កក្កដា បានជួបពិភាក្សាជាមួយតំណាងកម្មករជុំវិញលក្ខខណ្ឌការងារដែលពួកគាត់ទាមទារ ហើយនៅព្រឹកថ្ងៃទី១៣ កក្កដា ពួកគេក៏បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនវិញម្តង។
ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម លោក ឆេង ហ៊ាង មានប្រសាសន៍ថា ខាងលោកកំពុងធ្វើការងារទៅតាមនីតិវិធីដើម្បីរកចំណុចរួមរវាងភាគីទាំងពីរ សម្រាប់ឈានទៅបញ្ចប់វិវាទមួយនេះ។ លោកបន្តថា ក្រោយពេលជួបភាគីជម្លោះម្នាក់ម្តងរួចហើយ នៅរសៀលថ្ងៃទី១៣ កក្កដា នឹងជួបភាគីទាំងពីរដើម្បីសម្របសម្រួលជុំវិញករណីនេះ៖ « ខាងក្រុមហ៊ុនហ្នឹងគាត់ជំហររបស់គាត់ហ្នឹង ចង់និយាយថាផលប្រយោជន៍ហ្នឹង រឿងយឺតដែរក្នុងការសម្រេចចិត្ត »។
លោកថា ប្រសិនបើភាគីទាំងពីរនៅតែមិនអាចរកចំណុចរួមបាន ខាងមន្ទីរការងារខេត្ត នឹងបញ្ជូនសំណុំរឿងនេះទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបន្តទៀត។
ទោះជាយ៉ាងណាក៏ដោយ សកម្មភាពកូដកម្មរបស់កម្មករបីថ្ងៃមកនេះ គឺមិនមានអំពើហិង្សាកើតឡើងទេ ហើយតំណាងកម្មករយល់ថា ការហាមឃាត់មិនឲ្យពួកគាត់ធ្វើរោងជ្រក និងប្រើមេក្រូនោះ គឺជារូបភាពរឹតត្បិតសិទ្ធិសេរីភាពចំពោះកម្មករ។
មន្ត្រីអង្កេតអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) ខេត្តកំពង់ចាម លោក វ៉ន សេងធុយ មើលឃើញថា ការទាមទាររបស់កម្មករ ដ្បិតតែច្រើនចំណុចក៏ដោយ ប៉ុន្តែជាការទាមទារដែលត្រឹមត្រូវទៅតាមច្បាប់ការងារ។ លោកបន្តថា ប្រសិនបើខាងភាគីក្រុមហ៊ុននៅតែមិនបានផ្តល់ជូននូវចំណុចណាមួយដល់កម្មករ មានន័យថា ខាងក្រុមហ៊ុនមិនបានគោរពច្បាប់ការងារឡើយ។ លោកបន្តថា ប្រសិនបើវិវាទការងារនេះនៅតែមិនអាចដោះស្រាយបានទៀត ផលប៉ះពាល់នឹងកើតមានកាន់តែធ្ងន់ធ្ងរទាំងសងខាង ទាំងភាគីកម្មករ និងភាគីក្រុមហ៊ុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
