កម្មករ​រោងចក្រ​ស្បែក​ជើង​នៅ​ខេត្ត​បាត់ដំបង​បន្ត​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ប្រសើរ

0:00 / 0:00

កម្មករ​កម្មការិនី​រោងចក្រ​ផលិត​ស្បែក​ជើង​ឈ្មោះ អ៊ែរ៉ូសហ្វ សាំមីត ហ្វូតវែរ (Aerosoft Summit FootWear) នៅ​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង ជាប់​ព្រំដែន​កម្ពុជា-ថៃ ប្រមាណ ១០០​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ កក្កដា បន្ត​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​មុខ​រោងចក្រ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ថៅកែ​ចេញ​មុខ​ដោះស្រាយ​លក្ខខណ្ឌ​ការងារ​ចំនួន ១០​ចំណុច។

ក្រុម​កម្មករ​ផលិត​ស្បែក​ជើង អ៊ែរ៉ូសហ្វ សាំមីត ហ្វូតវែរ នៅ​ស្រុក​សំពៅលូន បាន​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​នេះ​គោរព​លក្ខខណ្ឌ​ការងារ​ល្អ​ជូន​ដល់​ពួក​គេ​ជិត​មួយ​ខែ​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល​នៅ​ឡើយ។

តំណាង​កម្មការិនី​ម្នាក់ កញ្ញា ហង្ស រស្មី ថ្លែង​នៅ​ថ្ងៃ​ទី​២៨ កក្កដា ថា ពួក​គេ​ខំ​ប្រឹង​ធ្វើ​ការងារ​រាល់​ថ្ងៃ​មិន​ហ៊ាន​សម្រាក​នោះ​ទេ ហើយ​ទទួល​បាន​ប្រាក់​ខែ​តិចតួច​មិន​គ្រប់​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ឡើយ។ កញ្ញា​អះអាង​ថា ពួក​គេ​ជួប​ការ​លំបាក មាន​ដូចជា ធ្វើ​ការ​ច្រើន​ម៉ោង​ទទួល​បាន​ប្រាក់​តិចតួច គ្មាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត និង​គ្មាន​ប្រាក់​សម្រាប់​ថ្លៃ​ធ្វើ​ដំណើរ ជាដើម។ កញ្ញា​បញ្ជាក់​ទៀត​ថា បើ​ទោះ​បី​ជា​ពួក​គាត់​បាន​តវ៉ា​ជិត​មួយ​ខែ​ហើយ​ក៏ដោយ ក៏ប៉ុន្តែ​ថៅកែ​រោងចក្រ​នេះ​រឹងរូស​មិន​ព្រម​ដោះស្រាយ​ពី​ទុក្ខ​កង្វល់​របស់​ក្រុម​កម្មករ​ឡើយ៖ « បុគ្គលិក​រដ្ឋបាល​ក្នុង​រោងចក្រ​បាន​និយាយ​ថា ថៅកែ​រោងចក្រ​មិន​ទទួល​ពួក​ខ្ញុំ​ចូល​ធ្វើ​ការ​ទេ ដោយ​សុខ​ចិត្ត​យក​លុយ​ទៅ​បង់​ឲ្យ​មន្ត្រី​ថ្នាក់​លើ​ជំនួស​វិញ គឺ​មិន​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​ជា​ដាច់ខាត »

លក្ខខណ្ឌ​ការងារ​សំខាន់​ដែល​ក្រុម​កម្មករ​ទាមទារ មាន​ដូចជា ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ ៧​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ប្រាក់​បន្ថែម​ធ្វើ​ការងារ​ទៀងទាត់​មួយ​ខែ ១០​ដុល្លារ ប្រាក់​បន្ថែម​ធ្វើ​ការងារ​ឈប់​សម្រាក​ថ្ងៃ​បុណ្យ។ កម្មករ​ស្នើ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សិទ្ធិ​សុំ​ច្បាប់​ឈប់​សម្រាក​នៅ​ពេល​មាន​ធុរៈ និង​ស្នើ​ឲ្យ​ក្រុមហ៊ុន​បញ្ចូល​កម្មករ​ពេញ​សិទ្ធិ បន្ទាប់​ពី​ពួក​គេ​ធ្វើ​ការងារ​បាន ២​ខែ ជាដើម។

អាស៊ីសេរី ពុំ​អាច​ទាក់ទង​តំណាង​រោងចក្រ​ផលិត​ស្បែក​ជើង អ៊ែរ៉ូសហ្វ សាំមីត ហ្វូតវែរ ដើម្បី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៨ កក្កដា។

ប៉ុន្តែ​ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​បាត់ដំបង លោក ហុង សុគន្ធ មាន​ប្រសាសន៍​ថា នៅ​រសៀល​ថ្ងៃ​ទី​២៨ ដដែល មន្ត្រី​ពាក់ព័ន្ធ​នៃ​ក្រសួង​ការងារ និង​អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​ប្រជុំ​ដោះស្រាយ​ជាមួយ​ភាគី​ក្រុមហ៊ុន​នៅ​ក្នុង​រោងចក្រ​មួយ​នេះ ដោយ​ឈរ​លើ​គោលការណ៍​ច្បាប់ និង​មិន​លម្អៀង ប៉ុន្តែ​លោក​ពុំ​បាន​បញ្ជាក់​ថា​នឹង​ទទួល​បាន​ផ្លែផ្កា​យ៉ាង​ណា​នៅ​ឡើយ៖ « រាល់​តែ​ដង​ដែល​ដោះស្រាយ​បញ្ហា​នេះ​មិន​ចេញ​មូលហេតុ ដោយសារ​ភាគី​រោងចក្រ​ឲ្យ​តំណាង​ចូលរួម។ អ៊ីចឹង​ការ​ចូល​ដោយ​គ្មាន​សិទ្ធិ​សម្រេច យើង​ណែនាំ​ផ្លូវ​ច្បាប់​យ៉ាង​ម៉េច​គាត់​ទូរស័ព្ទ​ថៅកែ​វិញ​ទៅ។ អ៊ីចឹង​ហើយ​បាន​ជា​យើង​អញ្ជើញ​ថៅកែ​មក​ដោះស្រាយ​នោះ »

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សហព័ន្ធ​សហជីព​ក្ដី​សង្ឃឹម​កម្មករ លោក សេង សំអើន ដែល​បាន​ចុះ​ឃ្លាំ​មើល​ផ្ទាល់ អះអាង​ថា ក្រុម​កម្មករ​តវ៉ា​ដោយ​ការ​ស្រេក​ឃ្លាន​នេះ ធ្វើ​ឡើង​ត្រឹមត្រូវ​តាម​ច្បាប់ ដោយ​ពុំ​មាន​អ្វី​ខុស​ឡើយ។ លោក​ថា ខាង​ភាគី​រោងចក្រ​ទៅ​វិញ​ទេ​ដែល​មិន​គោរព​ច្បាប់​លក្ខខណ្ឌ​ការងារ​នោះ៖ « ខ្ញុំ​សុំ​ឲ្យ​កម្មករ​ចូល​ធ្វើ​ការងារ​វិញ ហើយ​ប្រសិន​បើ​ក្រុមហ៊ុន​ដាច់ខាត​មិន​យក​កម្មករ​ធ្វើ​ការ​ទេ គឺ​ត្រូវ​ទូទាត់​អត្ថប្រយោជន៍​ជូន​កម្មករ​ទៅ​តាម​ច្បាប់​លក្ខខណ្ឌ​ការងារ ព្រោះ​កន្លង​មក ខាង​ក្រុមហ៊ុន​និយាយ​ថា​មិន​ទទួល​យក​កម្មករ​ធ្វើ​ការ​នោះ ដោយ​មិន​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ការងារ​ឲ្យ​ពួក​គេ​ឡើយ »

ក្រុម​កម្មករ​ផ្ដើម​តវ៉ា​ចាប់​តាំង​ពី​ថ្ងៃ​ទី​១ កក្កដា។ ក្រុម​កម្មករ​ធ្លាប់​ដាក់​លិខិត​ទៅ​អាជ្ញាធរ​ខេត្ត​បាត់ដំបង ឲ្យ​ជួយ​ដោះស្រាយ​ដែរ ក៏ប៉ុន្តែ​ពុំ​ទាន់​ទទួល​បាន​លទ្ធផល​នៅ​ឡើយ។ ក្រុម​កម្មករ​បញ្ជាក់​ថា ពួក​គេ​នឹង​តវ៉ា​បន្ត​ទៀត ប្រសិន​បើ​ភាគី​ក្រុមហ៊ុន​ពុំ​បាន​ដោះស្រាយ​សមស្រប​តាម​ការ​ទាមទារ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។